អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដែលរដ្ឋាភិបាលតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជំនួសលោក ស៊ុត ឌីណា កំពុងរង់ចាំចម្លើយតបជាវិជ្ជមានពីសាធារណរដ្ឋកូរ៉េ ក្នុងការបំពេញការងារនៅទីនោះ។ ក្រសួងការបរទេសកម្ពុជា បានដាក់សំណើបេក្ខជនថ្មីនេះ កាលពីដើមសប្ដាហ៍នេះ។
ទោះបីជាលោក ឡុង ឌីម៉ង់ ត្រូវបានរដ្ឋាភិបាលតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូងរួចហើយក្ដី តែរហូតមកដល់ពេលនេះលោកមិនទាន់ត្រូវបានក្រសួងការបរទេសបញ្ជូនជាផ្លូវការដើម្បីទៅកាន់ការងារថ្មីនោះនៅឡើយទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថ្ងៃទី១៦ មេសា ថា ក្រសួងការបរទេសកម្ពុជា បានបញ្ជូនលិខិតសារតាំង (Agreement letter) ដោយភ្ជាប់ជាមួយប្រវត្តិរូប (CV) របស់លោកទៅក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ កាលពីដើមសប្ដាហ៍នេះរួចហើយ។ លោកថា លោកកំពុងរង់ចាំការឆ្លើយតបពីក្រសួងការបរទេសនៃប្រទេសជាម្ចាស់ផ្ទះ៖ «មិនយូរទេប្រហែលជាអាចចូលឆ្នាំហើយ សប្ដាហ៍ក្រោយអាចដឹងលទ្ធផលហើយយើងនឹងចេញទៅ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើព្រះមហាក្សត្រតែងតាំងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជំនួសលោក ស៊ុត ឌីណា។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី៨ មេសា បានបញ្ជាក់ថា ការស្នើតែងតាំងនេះ ដោយយោងតាមតម្រូវការងារចាំបាច់របស់រដ្ឋាភិបាល ហើយក៏ស្នើបញ្ចប់តួនាទីលោក ស៊ុត ឌីណា ពីតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។
ការស្នើនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន លោក ស៊ុត ឌីណា កាលពីថ្ងៃទី៤ ខែមេសា ហើយតុលាការសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៧ ខែមេសា។ លោក ស៊ុត ឌីណា ត្រូវបានតុលាការចោទប្រកាន់ពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់តាមមាត្រា៥៩៧ និង ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាចមានប្រសិទ្ធភាពតាមមាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលអាចឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ បើតុលាការរកឃើញថា លោកមានកំហុសដូចការចោទប្រកាន់ក្នុងបទល្មើសទាំងពីរ។
ជុំវិញការតែងតាំងរបស់រដ្ឋាភិបាលឲ្យលោក ឡុង ឌីម៉ង់ ធ្វើជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជំនួសលោក ស៊ុត ឌីណា នេះ សង្គមស៊ីវិលខ្លះរិះគន់ថា ជាការដាក់បេក្ខភាពដោយសំអាងទៅលើបក្សពួកនិយម ដោយសារតែលោក ឡុង ឌីម៉ង់ ជាកូនរបស់ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានផ្ដល់សម្ភាសន៍ដល់វិទ្យុអាស៊ីសេរីថា ការតែងតាំងលោក ឡុង ឌីម៉ង់ នេះគឺផ្អែកលើការត្រិះរិះពិចារណារបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលចំពោះសមត្ថភាពលោក។ លោកបន្តថា ការជ្រើសរើសនេះដោយសារលោក ឡុង ឌីម៉ង់ មានលក្ខណៈសម្បត្តិសំខាន់២ គឺការយល់ដឹងផ្នែកទំនាក់ទំនងអន្តរជាតិ និងមានទេពកោសល្យក្នុងការទំនាក់ទំនងជាមួយមហាជន។
លោក ជុំ សន្ទរី៖ «ដោយសារទំនាក់ទំនងកម្ពុជា ជាមួយកូរ៉េជាទំនាក់ទំនងមួយសំខាន់ ទាំងផ្នែកនយោបាយ ផ្នែកការទូត ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគទុន ទេសចរណ៍ និងរហូតដល់មានពលករខ្មែរនៅកូរ៉េខាងត្បូងច្រើនដែរ។ ដូច្នេះចាំបាច់ត្រូវរើសសមត្ថភាពដែលឆ្លើយតបនឹងលក្ខណៈសម្បត្តិទាំងពីរហ្នឹង។ ការជ្រើសរើសឯកឧត្ដម ឡុង ឌីម៉ង់ ធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង គឺផ្អែកទៅលើលក្ខណៈសម្បត្តិផ្ទាល់របស់ឯកឧត្ដម ឡុង ឌីម៉ង់ មិនមែនផ្អែកទៅលើកត្តាអីណាមួយផ្សេងទេ ឬក៏ផ្អែកទៅលើទំនាក់ទំនងរបស់ឯកឧត្ដម ឡុង ឌីម៉ង់ ជាកូនរបស់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសពុំមានទេ»។
ចំពោះការត្រៀមខ្លួនចូលទៅកាន់មុខតំណែងថ្មីនេះ លោក ឡុង ឌីម៉ង់ សម្ដែងក្ដីរីករាយ និងយល់ថា នេះជាមហាកិត្តិយសរបស់លោកនិងក្រុមគ្រួសារ ដែលលោកមានឱកាសទៅបំពេញការងារនេះ។ ទន្ទឹមគ្នានេះដែរ លោកក៏កំពុងមានកង្វល់ទៅលើការងារថ្មីដែលទាមទារឲ្យលោកខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថ្មីឲ្យបានល្អ លើផ្នែកទំនាក់ទំនងការទូត ផ្នែកទំនាក់ទំនងការងារវប្បធម៌ ទេសចរណ៍ ការវិនិយោគនៃប្រទេសទាំងពីរ។ ជាងនេះទៅទៀតគឺការងារបម្រើសេវាជូនពលករនិងពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
