ហិង្សានេះធ្វើឲ្យអ្នកបោះឆ្នោតគប់ដុំថ្មនិងវាយកម្ទេចនិងដុតឡានកងរាជអាវុធហត្ថ ២គ្រឿងនៅនឹងកន្លែង។ ករណីនេះ ត្រូវបានអ្នកសង្កេតអង្គការ ខុមហ្រែល (Comfrel) និងពលរដ្ឋនៅក្នុងហេតុការណ៍អះអាងថា បណ្ដាលមកពីកំហុសប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ស្ទឹងមានជ័យ ជាអ្នកបង្កឡើង។
អ្នកសង្កេតមកពីអង្គការខុមហ្វ្រែល (Comfrel) គឺអ្នកស្រី មាស សុថារី មានប្រសាសន៍កាលពីថ្ងៃទី២៨ កក្កដា ថា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ស្ទឹងមានជ័យ គឺអ្នកស្រី យិន គឹមសៀង ជាអ្នកដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ។
អ្នកស្រីបន្តថា ប្រធានមណ្ឌលនៃសង្កាត់ស្ទឹងមានជ័យ នេះ បានព្យាយាមមិនដោះស្រាយការបាត់ឈ្មោះអ្នកបោះឆ្នោតជាង ៣០០ ដែលពួកគេទាមទារឲ្យបង្ហាញភស្តុតាង និងហេតុផលដែលធ្វើឲ្យឈ្មោះទាំងនោះត្រូវបាត់ ខណៈដែលពួកគាត់មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់។ ទន្ទឹមនឹងឈ្មោះត្រូវបាត់ ក៏មានវត្តមានជនជាតិវៀតណាម មានសិទ្ធិបោះបានទៅវិញ។
រថយន្ត ២គ្រឿងប្រភេទ ២បាំងកន្លះរបស់កងរាជអាវុធហត្ថ ត្រូវរងការកម្ទេចដោយក្រុមអ្នកតវ៉ា ហើយនៅទីបំផុត រថយន្តទាំង ២គ្រឿងនេះ ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង ដោយអ្នកបោះឆ្នោតជាង ១ពាន់នាក់ត្រូវគេជឿថា អ្នកគាំទ្របក្សសង្គ្រោះជាតិ។ ចំណែកក្រុមសមត្ថកិច្ចដែលគេដាក់ពង្រាយជាង ១០០ម៉ែត្រ ពីទីកើតហេតុមិនបានចាត់ការទប់ស្កាត់ទាន់ពេលទេ។
ពលរដ្ឋនៅក្នុងហេតុការណ៍នោះ អះអាងដូចៗគ្នាថា ហេតុការណ៍នេះដំបូងឡើយកើតឡើង ព្រោះតែជនជាតិវៀតណាម ប្រើហិង្សាមកលើព្រះសង្ឃខ្មែរមួយអង្គដែលបាត់ឈ្មោះបោះឆ្នោតដោយសារទាស់ពាក្យសម្ដីដាក់គ្នា។ បន្ទាប់មកទៀត ក៏មានរឿងទាស់សម្ដីរវាងអ្នកបោះឆ្នោត និងប្រធានគណៈកម្មការសង្កាត់រៀបចំការបោះឆ្នោតសង្កាត់ស្ទឹងមានជ័យ គឺអ្នកស្រី យិន គឹមសៀង រឿងបាត់ឈ្មោះអ្នកបោះឆ្នោតច្រើន រួចហើយជម្លោះក៏បន្តតានតឹងខ្លាំង។ បន្ទាប់មកក៏មានកងអាវុធហត្ថមកជួយអន្តរាគមន៍ដឹកជម្លៀសអ្នកស្រីចេញពីកន្លែងកើតហេតុ តែមិនបានសម្រេចដោយប្រជាពលរដ្ឋរារាំង។
មន្ត្រីកងរាជអាវុធហត្ថក៏បាញ់គំរាមបណ្ដាលឲ្យអ្នកបោះឆ្នោតក្ដៅក្រហាយខ្លាំងថែមទៀត ក៏នាំគ្នាព័ទ្ធឡានពីរគ្រឿងនោះ។ ចំណែកកងរាជអាវុធហត្ថភ័យ ក៏នាំគ្នារត់ចោលឡាន ធ្វើឲ្យអ្នកបោះឆ្នោតដែលកំពុងខឹងខ្លាំងវាយកម្ទេចដុតឡាននោះតែម្ដង។
បដិសេធនឹងការចោទប្រកាន់នេះ អ្នកស្រី យិន គឹមសៀង ប្រាប់វិទ្យុអាស៊ីសេរី ថា អ្នកស្រីត្រូវក្រុមបាតុករព្យាយាមប៉ុនប៉ងសម្លាប់ ហើយអ្នកស្រីអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍បន្ទាន់។
ទន្ទឹមនឹងនេះ បុរសវ័យជាង ៤០ឆ្នាំម្នាក់ ត្រូវបានក្រុមបាតុករវៃឲ្យរបួសធ្ងន់ធ្ងរ ដោយសារតែបុរសនោះស្ដីបន្ទោសពួកគេថា ជាអ្នកបំផ្លាញរថយន្តសមត្ថកិច្ច ខណៈកំហឹងនៃការតវ៉ាកំពុងពុះកញ្ជ្រោលកើតឡើង។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា នេះជាការធ្វេសប្រហែសរបស់អាជ្ញាធរដែលមិនចាត់វិធានការឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។