ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី៩ ខែមីនា បានលើកឡើងក្នុងខ្ទង់សារព័ត៌មានប្រចាំសប្ដាហ៍របស់លោកថា កម្ពុជាត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងការពារករណីជួញដូរមនុស្សឲ្យបានគ្រប់គ្រាន់ មុននឹងអនុញ្ញាតឲ្យបរទេសសុំកូនខ្មែរយកទៅចិញ្ចឹម។
ការលើកឡើងនេះ ធ្វើឡើងក្នុងអត្ថបទប្រចាំសប្ដាហ៍របស់លោក វីល្លៀម ថត (William E. Todd) ឆ្លើយនឹងសំណួររបស់អ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រាម្នាក់ដែលបារម្ភថា កុមារកម្ពុជា អាចនឹងត្រូវគេកេងប្រវ័ញ្ចតាមរយៈការស្មុំកូនយកទៅចិញ្ចឹមនៅបរទេស។
រដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីខែធ្នូ ឆ្នាំ២០១៣ ថានឹងអនុញ្ញាតឲ្យជនជាតិបរទេសអាចស្មុំកូនចិញ្ចឹមពីកម្ពុជា វិញនៅពេលឆាប់ៗខាងមុខ បន្ទាប់ពីប្រកាសផ្អាកតាំងពីឆ្នាំ២០០៩ មក។ ដើម្បីជំរុញដំណើរការនេះ កាលពីថ្ងៃទី២៦ ខែកុម្ភៈ រាជរដ្ឋាភិបាលបានរៀបចំសិក្ខាសាលាមួយដើម្បីចែកចាយ និងពន្យល់ពីក្របខ័ណ្ឌច្បាប់ថ្មីសម្រាប់ការសុំកូនចិញ្ចឹមទៅក្រៅប្រទេសទៅដល់តំណាងទូតនានា អង្គការយូនីសេហ្វ (UNICEF) និងទីភ្នាក់ងារជាតិ និងអន្តរជាតិនានា ដែលផ្ដល់សេវាសុំកូនចិញ្ចឹម។
ក្នុងសិក្ខាសាលានោះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ត្រូវបានកាសែតស្រង់សម្ដីថា កម្ពុជាដល់ពេលវេលាដែលបើកឲ្យបរទេសស្មុំកូនចិញ្ចឹមពីកម្ពុជា ហើយ ព្រោះកម្ពុជា បានចងក្រងច្បាប់គ្រប់គ្រាន់។ លោកបន្ថែមថា ការសុំកូនទៅចិញ្ចឹមនៅបរទេសអាចដំណើរការទៅបានអាស្រ័យលើលក្ខខណ្ឌច្បាប់កម្ពុជា ហើយត្រូវពិនិត្យមើលលទ្ធភាពរបស់អ្នកក្នុងស្រុកជាមុនសិន។
ប្រសាសន៍របស់លោក វង សូត បានក្លាយជាក្តីកង្វល់របស់អ្នកថែទាំកុមារនៅកម្ពុជា មួយចំនួន ដែលចោទសំណួរសួរទៅកាន់អ្នកការទូតអាមេរិកថា តើធ្វើដូចម្ដេចដើម្បីបញ្ឈប់ទង្វើជួញដូរ ឬបោកប្រាស់កុមារតាមវិធីស្មុំកូនយកទៅចិញ្ចឹមនេះ?
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត នៅថ្ងៃទី៩ ខែមីនា បានលើកឡើងថា ក្រៅពីអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព កម្ពុជាចាំបាច់ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងជាមុនសិន មុននឹងដំណើរការស្មុំកូនត្រូវបានចាប់ផ្ដើមឡើងវិញ។ ប្រព័ន្ធទាំងនេះត្រូវស្រាវជ្រាវលើកុមារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសុំកូនចិញ្ចឹម។ លោកបន្តថា កម្ពុជាក៏ត្រូវចងក្រងឯកសារច្បាស់លាស់ស្ដីពីចំនួនទិន្នន័យកុមារដែលស្នាក់នៅជាមួយអ្នកផ្សេង។ ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជា ក៏ត្រូវជ្រើសរើសអ្នកធ្វើការផ្នែកសង្គមជាច្រើននាក់ ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដើម្បីគ្រប់គ្រងប្រព័ន្ធពិនិត្យមើលស្ថានភាពកុមារនេះ។
ទាក់ទងនឹងបញ្ហានេះ នាយកមជ្ឈមណ្ឌលថែរក្សានិងបណ្ដុះបណ្ដាលកុមារកំព្រាក្រីក្រនៅខេត្តកំពង់ស្ពឺ ដែលកំពុងថែទាំកុមារជាង ១០០នាក់នោះ លោក កែវ សុភ័ណ្ឌ មានប្រសាសន៍ថា សព្វថ្ងៃមជ្ឈមណ្ឌលនេះកំពុងខ្វះមុខខ្វះក្រោយសព្វបែបយ៉ាង ប៉ុន្តែលោកមិនអនុញ្ញាតឲ្យមានការសុំកូនពីកន្លែងលោកទៅចិញ្ចឹមទេ។ ការមិនអនុញ្ញាតនេះសារតែកម្ពុជា មិនទាន់មានយន្តការច្បាស់លាស់ដើម្បីធានាថា ជីវភាពកុមារទាំងនោះនឹងប្រសើរឡើងបន្ទាប់ពីចាកចេញពីមជ្ឈមណ្ឌល។ លោកបន្តថា បើសិនណាមានប្រព័ន្ធគ្រប់គ្រងល្អច្បាស់លាស់ ពិតជាប្រសើរណាស់សម្រាប់អនាគតកុមារកំព្រាដែលគ្មានទីពឹង។
របាយការណ៍របស់ក្រសួងសង្គមកិច្ចបង្ហាញថា កម្ពុជាបានបើកឲ្យមានការសុំកូនទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ១៩៨៧ ដល់ឆ្នាំ២០០៩ មានចំនួនជិត ៣.៨០០នាក់ នៅតាមប្រទេសចំនួន ២៨ ក្នុងនោះប្រទេសដែលទទួលយកកូនពីកម្ពុជា ទៅចិញ្ចឹមច្រើនជាងគេមានប្រទេសអ៊ីតាលី អាមេរិក បារំាង និងប្រទេសអង់គ្លេស។ ប្រទេសកម្ពុជា បានផ្អាកការស្មុំកូនយកទៅចិញ្ចឹមនៅបរទេសតាំងពីឆ្នាំ២០០៩ បន្ទាប់ពីសង្គមស៊ីវិលជាតិនិងអន្តរជាតិរកឃើញថា កុមារកម្ពុជា ត្រូវបានគេលក់ដូរកេងប្រវ័ញ្ចតាមរយៈការស្មុំកូននេះ។ កាលនោះប្រទេសមហាអំណាចមួយចំនួន មានអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម បានប្រកាសផ្អាកការទទួលយកកូនពីកម្ពុជា ទៅចិញ្ចឹម ដោយរង់ចាំអោយកម្ពុជា រៀបចំយន្តការច្បាប់ឲ្យបានរួចរាល់ជាមុនសិន។ ទោះជាបែបណាក្តី ពេលវេលាជាក់លាក់នៃការអនុញ្ញាតឲ្យមានការសុំកូនទៅចិញ្ចឹមនៅក្រៅប្រទេសឡើងវិញ មិនទាន់ត្រូវបានកំណត់ជាក់លាក់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។