ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយ កាលពីថ្ងៃសៅរ៍ ទី៨ មិថុនា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាគណៈកម្មាធិការរដ្ឋសភាកម្ពុជា ដែលមានសមាជិកទាំងអស់ពីគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចនោះ បណ្ដេញសមាជិកសភាបក្សប្រឆាំងពីរដ្ឋសភា។ ការសម្រេចបែបនេះត្រូវបានគេមើលថា ជាការផ្ទុយនឹងស្មារតីនៃដំណើរការល្អនៃលទ្ធិប្រជាធិបតេយ្យ។
សេចក្ដីថ្លែងការណ៍នេះ បន្តថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងក្លាចំពោះដំណើរការនយោបាយមួយ ដែលឱ្យមានការចូលរួមយ៉ាងពេញលេញពីគ្រប់គណបក្សនយោបាយ ក្នុងការបំពេញការងារនៅគ្រប់លំដាប់ថ្នាក់។ ការកាត់ប្រាក់ខែ និងដកហូតឋានៈតំណាងរាស្ត្ររបស់សមាជិកសភាពីគណបក្សប្រឆាំង គឺជាការដកហូតសំឡេងពលរដ្ឋកម្ពុជា និងបង្កការខូចខាតដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការចូលរួមរបស់តំណាងរាស្ត្រទាំងអស់ គឺមានសារសំខាន់ណាស់ ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ។
សហរដ្ឋអាមេរិកទទូចដល់ប្រធានរដ្ឋសភា ឱ្យអនុញ្ញាតឱ្យសមាជិកជាប់ឆ្នោតទាំងអស់ បានបំពេញការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើពលរដ្ឋកម្ពុជា។
ទាក់ទងនឹងសេចក្ដីថ្លែងការណ៍នេះ មន្ត្រីនាំពាក្យរដ្ឋសភា លោក ឈាង វុន ប្រសាសន៍ថា លោកមិនទាន់ឆ្លើយតបអ្វីទេ នៅល្ងាចថ្ងៃទី៩ ខែមិថុនា៖ «ស្អែកធ្វើសន្និសីទសារព័ត៌មានមួយ ម៉ោង ៩ នៅរដ្ឋសភា ជុំវិញការងារទាំងអស់នៅរដ្ឋសភា ក្នុងនោះមានរឿងហ្នឹងមួយដែរ។ បើចង់ដឹងទៅទីនោះទៅ សួរទៅ ឱ្យគេស្ដាប់ទាំងអស់គ្នាផង។ ស្អែកម៉ោង ៩ព្រឹក»។
គណៈកម្មាធិការរដ្ឋសភា បានដកឋានៈជាសមាជិកសភារបស់សមាជិកគណបក្សប្រឆាំងពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចំនួន ២៨រូប កាលពីពាក់កណ្ដាលសប្ដាហ៍នេះ បន្ទាប់ពីបក្សទាំងពីររួបរួមគ្នាជាបក្សតែមួយ គឺគណបក្ស សង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។