សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំពេញអង្គពិភាក្សាអនុម័តលើសេចក្ដីសម្រេចលេខ ៧២៨ ស្ដីពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា នៅថ្ងៃច័ន្ទ ទី១២ ខែកញ្ញា។ សេចក្ដីសម្រេចលេខ ៧២៨ នេះ ធ្វើឡើងដើម្បីថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែកនយោបាយ និងការដាក់ទណ្ឌកម្មចំពោះអំពើរំលោភសិទ្ធិមនុស្សដែលកំពុងកើតមាននៅកម្ពុជា ហើយទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ គោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបប្រជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងគាំទ្រការកែទម្រង់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៧ និង២០១៨ ដោយមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិ។
ក្រោយការអនុម័តសេចក្ដីសម្រេចនេះ មិនមានលក្ខណៈបង្ខំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពនោះទេ ក៏ប៉ុន្តែសេចក្ដីសម្រេចអាចបង្កើនការយល់ដឹងដល់តំណាងរាស្ត្រសហរដ្ឋអាមេរិក ឲ្យផ្ញើសារទៅរដ្ឋាភិបាលកម្ពុជា ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក អាចមានទៅបាន លុះត្រាតែការបោះឆ្នោតអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដូចអ្វីដែលកម្ពុជា ធ្លាប់បានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ដែលជាអ្នកផ្ដួចផ្ដើមបង្កើតឲ្យមានសេចក្ដីសម្រេចនេះ ធ្លាប់ប្រាប់អាស៊ីសេរីថា សភាសហរដ្ឋអាមេរិក នឹងឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា យ៉ាងយកចិត្តទុកដាក់ដោយមិនខ្វល់ថាតើគណបក្សណាឈ្នះ ឬចាញ់នោះទេ តែអ្វីដែលសំខាន់ គឺទំនាក់ទំនងផ្នែកសេដ្ឋកិច្ច នយោបាយ និងនីតិរដ្ឋ ដែលកម្ពុជា ធ្លាប់បានព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក។ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនគោរពកិច្ចព្រមព្រៀងនេះទេ នោះសភាអាមេរិកនឹងមានតួនាទីចាប់ផ្ដើមពិភាក្សាថា តើនឹងត្រូវធ្វើអ្វីបន្តទៀតជាមួយនឹងកម្ពុជា។
វីដេអូ៖ សភាអាមេរិកអនុម័តលើសេចក្ដីសម្រេចស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
