អាមេរិក​គ្រោង​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍ ទី​១ មិថុនា នេះ បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ថា គ្រោង​នឹង​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​មួយ នៅ​កោះ​ហាវ៉ៃ នៅ​ឆ្នាំ​ក្រោយ​នេះ ដើម្បី​ស្វែង​រក​វិធី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ដែល​កំពុង​តែ​រីក​រាល​ដាល​នៅ​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក លោក ឆាក់ ហេហ្គេល (Chuck Hagel) បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​ពិភាក្សា​អំពី​សន្តិសុខ​មួយ​នៅ​ប្រទេស​សិង្ហបុរី។ លោក ឆាក់ ហេហ្គេល មាន​ប្រសាសន៍​ថា ឆ្លៀត​ឱកាស​នៃ​កិច្ច​ប្រជុំ​នោះ លោក​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំង​អស់​ដើម្បី​ទៅ​ជួប​ពិភាក្សា​គ្នា​នៅ​ឆ្នាំ​ក្រោយ​នៅ​កោះ​ហាវ៉ៃ។ លោក​បន្ត​ថា លោក​ជឿជាក់​ថា កិច្ចប្រជុំ​លើក​ទី​មួយ​ដែល​រៀបចំ​ដោយ​សហរដ្ឋអាមេរិក​នេះ នឹង​អនុញ្ញាត​អ្នកមុខអ្នកការ​ទាំង​អស់​ចែក​រំលែក​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ចក្ខុវិស័យ​រួម​មួយ​សម្រាប់​នាំ​អោយ​មាន​អនាគត​ប្រកប​ទៅ​ដោយ​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់។

ប្រទេស​ជា​សមាជិក​បួន​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ គឺ​ប្រទេស​ប្រុយណេ (Brunei) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (Philippines) និង​ប្រទេស​វៀតណាម (Vietnam) រួម​ទាំង​កោះ​តៃវ៉ាន់ ផង កំពុង​មាន​ទំនាស់​ជាមួយ​ប្រទេស​ចិន ទាក់ទង​នឹង​ទឹក​ដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​អាស៊ាន​តូចៗ​ដទៃ​ទៀត មាន កម្ពុជា និង ឡាវ ជាដើម កំពុង​ទទួល​ឥទ្ធិពល​ចិន ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ។ ចំណែក​ឯ​សហរដ្ឋអាមេរិក​វិញ បាន​ខិតខំ​រក​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ទៅ​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ទាំង​ឡាយ គឺ​គម្រោង​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​ឆ្លង​កាត់​សមុទ្រ​ប៉ាស៊ីហ្វិក ដោយ​បូក​បញ្ចូល​ប្រទេស​ទាំង​ឡាយ​នៅ​អាមេរិកឡាទីន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។