ខ្មែរ-​អាមេរិកាំង​ជំរុញ​ឲ្យ​អាមេរិក​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​២​រូប​នៅ​កម្ពុជា

0:00 / 0:00

សហគមន៍​ខ្មែរ-​អាមេរិកាំង ជំរុញ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក និង​សភា​សហរដ្ឋអាមេរិក​អន្តរាគមន៍​ជា​បន្ទាន់ ករណី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ មក​លើ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​អះអាង​ថា កម្ពុជា​គឺ​ជា​ប្រទេស​មិន​ចំណុះ​បរទេស។

ក្រុម​អ្នក​តស៊ូ​មតិ​សម្រាប់​ផលប្រយោជន៍​ខ្មែរ-​អាមេរិកាំង ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន (Washington) បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ច​ការពារ​សិទ្ធិ​សេរីភាព និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា។

ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ ទី​១៣ មេសា ថា ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដូចជា​ករណី​លោក មាជ សុវណ្ណារ៉ា និង​ករណី​ចាប់​ខ្លួន​លោក អ៊ុំ សំអាន កាល​ពី​ដើម​សប្ដាហ៍​នេះ។

​លោក ទូច វិបុល ជំរុញ​ឲ្យ​ក្រសួង​ការបរទេស និង​ក្រុម​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ស្វែង​រក​យុត្តិធម៌ និង​ដោះលែង​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​ពីរ​នាក់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «ក្នុង​នាម​យើង​ជា​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង យើង​ទៅ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង យើង​នឹង​ពាំ​នាំ​នូវ​សេចក្ដី​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ហ្នឹង ទៅ​ប្រាប់​គេ​ដើម្បី​ដាក់​សម្ពាធ​មួយ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​គេ​ឲ្យ​មាន​ការ​ពន្លឿន​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​រក​ដំណោះស្រាយ​នានា រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​កំពុង​រង​ការ​គំរាមកំហែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន»

​យ៉ាង​ហោច​ណាស់​មាន​អ្នក​ទោស​នយោបាយ​ចំនួន ១៦​នាក់ ហើយ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។ ក្នុង​ចំណោម​អ្នក​ទាំង ១៦​នោះ មាន​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ពីរ​នាក់​គឺ​លោក អ៊ុំ សំអាន និង​លោក មាជ សុវណ្ណរ៉ា ដែល​ជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា អ្នក​ទាំង​ពីរ​ជា​អ្នក​ទោស​មនសិការ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD (Photo courtesy of VOD)

លោក ទូច វិបុល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​អស់​ចូលរួម​បង្កើន​ការ​ជំរុញ និង​ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្វែង​រក​ការ​ដោះលែង​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ពីរ​នាក់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ទីក្រុង​ភ្នំពេញ។

​វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​ក្រុង​វ៉ាស៊ីនតុន បាន​ទេ កាល​ពី​ថ្ងៃ​ពុធ ទី​១៣ ខែ​មេសា។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​រដ្ឋសភា លោក ឈាង វុន បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​បញ្ហា​នេះ​ហើយ​ថា កម្ពុជា​ប្រទេស​ជា​ប្រទេស​ឯករាជ្យ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ចាប់​បង្កើន​ចំនួន​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា កាន់​តែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​មួយ​នេះ​ថយ​ចុះ​ទៅៗ ហើយ​ដែល​ជា​សញ្ញា​មិនល្អ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។

លោក កែម ឡី៖ «បើ​យើង​និយាយ​អំពី​ប្រជាប្រិយភាព​គឺ​អត់​ចំណេញ​ទេ គឺ​កាន់​តែ​ខាត ព្រោះ​សាធារណជន​ឥឡូវ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ហើយ​អំពើ​ប្រព្រឹត្ត​ទាំង​ឡាយ​ណា​ដែល​វា​មិន​ស្របច្បាប់ មិន​មាន​ភាព​ទន់ភ្លន់ វា​នឹង​បាត់​ប្រជាប្រិយភាព។ ប៉ុន្តែ​ទោះបីជា​ការ​បាត់បង់​ប្រជាប្រិយភាព​យ៉ាង​ណា​ក៏ដោយ ប្រសិនបើ​គូ​ប្រកួត​នោះ​ដួល​មុន​ប្រកួត បែកបាក់​មុន​ប្រកួត ឬ​រលាយ​មុន​ប្រកួត​នោះ វា​នៅ​តែ​ឈ្នះ​អ៊ីចឹង ហើយ​ខ្ញុំ​មិន​មើល​ឃើញ​ចំណុច​ណា​មួយ​ដែល​គណបក្ស​កាន់​អំណាច​ធ្វើ​សកម្មភាព​មួយ​ដើម្បី​ប្រជាប្រិយភាព​ទេ ភាគ​ច្រើន​គឺ​ធ្វើ​សកម្មភាព​ដើម្បី​រំលាយ​គូប្រកួត»

​លោក​បន្ត​ថា ការ​ធ្វើ​នយោបាយ​របស់​លោក ហ៊ុន សែន គឺ​ខ្លាច​ចាញ់ ហួសហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​អំណាច​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ការ​ប្រើ​អំពើ​ហិង្សា។ លោក​បន្ត​ថា ការ​សំដែង​មតិ​អំពី​បញ្ហា​ព្រំដែន បញ្ហា​ផែនទី និង​បញ្ហា​នយោបាយ​នានា គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​ដែល​ធានា​ដោយ​ច្បាប់។ ប៉ុន្តែ​លោក ហ៊ុន សែន នៅ​តែ​ព្រមាន​ថា សមត្ថកិច្ច​របស់​លោក​នឹង​ចាប់​ខ្លួន​ភ្លាមៗ​ចំពោះ​ជន​ណា​ដែល​ហ៊ាន​ថា រដ្ឋាភិបាល​របស់​លោក​ប្រើ​ប្រាស់​ផែនទី​ក្លែងក្លាយ​នោះ៖ «ម៉ោង​នេះ​ហើយ​នៅ​មាន​ផែនទី​ក្លែងក្លាយ។ ខ្ញុំ​សូម​ប្រកាស​ដាច់​ណាត់​អ្នក​ណា​និយាយ​ពី​ផែនទី​ក្លែងក្លាយ គឺ​ត្រូវ​ចាប់​ខ្លួន​ភ្លាម មិន​ថា​អ្នក​ហ្នឹង​ជា​អ្នក​ណា​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) កាល​ពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា បាន​ហៅ​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន នៅ​ពេល​នេះ ថា​ជា​ការ​រំលោភ​ច្បាប់ និង​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។

លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប ចាប់​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​នេះ ពី​បទ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍។ រី​ឯ​លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុបកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ។

​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង ក្នុង​សហរដ្ឋអាមេរិក ចាត់​ទុក​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ថា បាន​រំលោភ​ធ្ងន់ធ្ងរ​ដល់​អនុសញ្ញា​នានា របស់​អង្គការ​សហប្រជាជាតិ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយសារ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។