អាមេរិក​ស្នើ​ឲ្យ​គណបក្ស​ធំ​ពីរ​បន្ត​ពិភាក្សា​ដោះស្រាយ​បញ្ហា​លទ្ធផល​ឆ្នោត

សហរដ្ឋអាមេរិក​អំពាវនាវ​ដល់​មេដឹកនាំ​គណបក្ស​ធំៗ​ពី​ដែល​ឈ្នះ​អាសនៈ​ក្នុង​ការ​បោះ​ឆ្នោត​​សភា​អាណត្តិ​​ទី​៥ ត្រូវ​បន្ត​ជួប​ពិភាក្សា​ដើម្បី​ដោះស្រាយ​វិវាទ​បោះ​ឆ្នោត​ឲ្យ​បាន​ឆាប់ និង​ត្រូវ​តម្កល់​ផល​ប្រយោជន៍​​ជាតិ​​ជា​ធំ។

0:00 / 0:00

​សហរដ្ឋអាមេរិក​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​បោះ​​ឆ្នោត​​សភា​អាណត្តិ​ទី​៥​នេះ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​បក្ស​ប្រឆាំង។

លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋអា​មេរិក មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កញ្ញា នា​ស្ថានទូត​សហរដ្ឋអាមេរិក ដោយ​បាន​ទទូច​ដល់​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ងាក​មក​ជួប​ចរចា​ដោះ​ស្រាយ​វិបត្តិ ឬ​វិវាទ​នៃ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី ជា​ពិសេស​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ។

លោក វីល្លៀម ថត៖ «ជា​ការ​ពិត​ណាស់ ខ្ញុំ​បាន​ដឹង​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​កាល​ពី​ថ្ងៃ​ម្សិលមិញ (ថ្ងៃ​៨ កញ្ញា) ដោយ គ.ជ.ប ហើយ​មុន​ពេល គ.ជ.ប ប្រកាស​ហ្នឹង ខ្ញុំ​សង្ឃឹម​ថា អាច​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ទាក់ទង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង។ ប៉ុន្តែ​មិន​ដូច្នេះ​ទេ គឺ គ.ជ.ប បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ហើយ​ខ្ញុំ​នៅ​តែ​ជឿ​ជាក់​ថា គេ​អាច​ស៊ើប​អង្កេត​មើល​អំពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​កើត​មាន​ឡើង។ សហរដ្ឋអាមេរិក​មិន​កាន់​ជើង​គណបក្ស​ណា​ទេ គឺ​យើង​ស្ថិត​នៅ​ជំហរ​អព្យាក្រឹត។ ប៉ុន្តែ​អ្វី​ដែល​យើង​ខ្វល់ ​គឺ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត​ផ្សេងៗ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​កញ្ញា បាន​ប្រកាស​លទ្ធផល​បោះ​​​​ឆ្នោត​​ផ្លូវ​ការ​ដោយ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន ៥៥​អាសនៈ។ ប៉ុន្តែ​​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​ស្គាល់​លទ្ធផល​នេះ​ទេ និង​បន្ត​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​​រយៈពេល ៣​ថ្ងៃ​ទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

​​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋ​សភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ការ​ស្នើ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ដំណើរ​នៃ​ការ​បោះ​ឆ្នោត​មិន​អាច​ទៅ​រួច​ទេ ព្រោះ​វិវាទ​​នានា​ដែល​​គណបក្ស​ប្រឆាំង​បាន​ប្ដឹង ត្រូវ​បាន​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​ដោះ​ស្រាយ​រួច​ហើយ។

លោក ជាម យៀប៖ «ឥឡូវ​នេះ​គឺ គ.ជ.ប ក៏​ដូច​ជា​រដ្ឋធម្មនុញ្ញ​គឺ​បាន​ដោះស្រាយ​នូវ​រាល់​ចំណោទ​ដែល​ចោទ​ឡើង​អំពី​អ្វី​ដែល​មាន​ការ​ពាក់​នឹង​ការ ហើយ​ក្នុង​នោះ ក៏​បាន​បើក​ទូលាយ​តាំង​ពី​សហគមន៍​អន្តរជាតិ តាំង​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ អ្នក​ព័ត៌មាន​ជាតិ អន្តរជាតិ ព្រម​ទាំង​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​តំណាង គ.ជ.ប បាន​ឃើញ​គ្រប់​គ្នា​ទាំង​អស់។ អ៊ីចឹង​យើង​អត់​មាន​អី​ទេ»

​ទាក់ទិន​បញ្ហា​នេះ លោក​ កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ មិន​ទាន់​ហួស​ពេល​ទេ។

លោក​បន្ត​ថា គ្មាន​ហេតុ​ផល​ណា​មួយ​មក​រារាំង​ការ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​លទ្ធផល​បោះ​ឆ្នោត ដែល​ម្ចាស់​ឆ្នោត​ទាមទារ​​រក​យុត្តិធម៌​បាន​ទេ៖ «ប្រសិន​បើ​យើង​ចង់​ធ្វើ​បង្កើត​ក្រុម​ការងារ ហើយ​ប្រសិន​ជា​យើង​ចង់​អញ្ជើញ​គឺ​យើង​អញ្ជើញ​សហ​ភាគី​របស់​អង្គការ យូ.អិន.ឌី.ភី (UNDP) គឺ​ជា​សហ​ភាគី​ជួយ​ខាង​ការ​បោះ​ឆ្នោត។ គ្រាន់​តែ​អញ្ជើញ​បុគ្គលិក យូ.អិន.ឌី.ភី មក​ធ្វើ​ជា​អាជ្ញាកណ្ដាល ធ្វើ​ជា​អ្នក​សង្កេតការណ៍​ក៏​បាន​ដែរ អា​ហ្នឹង​មួយ​ទៅ»

​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ក្រោយ​ពេល គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ បាន​កំណត់​​ថ្ងៃ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ជា​ថ្មី​មាន​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា ដើម្បី​ទាមទារ​រក​យុត្តិធម៌​លើ​លទ្ធផល​បោះ​ឆ្នោត​​ជូន​ម្ចាស់​ឆ្នោត។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​​ព្រមាន​ថា បើ​ស្នើ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​មិន​បាន​ទេ មហា​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌​លើ​លទ្ធផល​បោះ​ឆ្នោត​របស់​ម្ចាស់​ឆ្នោត​នឹង​បន្ត​កើត​មាន​​​រហូត​មាន​ដំណោះស្រាយ។

​ទាក់ទិន​នេះ​​លោក សន មគ្គិនថស្ស (Sean J. McIntosh) មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា​ថា សហរដ្ឋអាមេរិក​មិន​ជំទាស់​​គម្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​ជួបជុំ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​និង​អហិង្សា៖ «យើង​គាំទ្រ​បាតុកម្ម ឬ​ការ​តវ៉ា​ដោយ​សន្តិវិធី។ ខ្ញុំ​បារម្ភ​ខ្លាច​បាតុកម្ម​ថ្ងៃ​ខាង​មុខ ខ្លាច​មាន​អំពើ​ហិង្សា ព្រោះ​អី​បាតុកម្ម​ដែល​នឹង​កើត​មាន​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​ដូច្នេះ។ ប៉ុន្តែ​សហរដ្ឋអាមេរិក​នៅ​តែ​គាំទ្រ​បាតុកម្ម ឬ​ការ​តវ៉ា​ណា​មួយ​ដែល​គ្មាន​អំពើ​ហិង្សា»

​យ៉ាងណាក៏ដោយ សហរដ្ឋ​​​អាមេរិក​រំពឹង​ថា អ្នក​នយោបាយ​គណបក្ស​នីមួយៗ​នឹង​បន្ត​ជួប​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ក្រោយ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ឆាប់ និង​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​ជា​ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។