អាមេរិក​គំរាម​កាត់​ជំនួយ​បើ​កម្ពុជា​មិន​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត

សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣។ ប្រទេស​មហា​អំណាច​ប្រជាធិបតេយ្យ​មួយ​នេះ គំរាម​ថា នឹង​កាត់​ជំនួយ​មក​កម្ពុជា ប្រសិន​បើ​ពុំ​មាន​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​គួរ​ឲ្យ​ទុក​ចិត្ត​បាន។

0:00 / 0:00

ការ​ព្រមាន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​សម្រេច​មួយ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ។

សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​មួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។ ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ថវិកា​នេះ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក នឹង​ផ្អាក​ការ​ផ្តល់​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​មក​ឲ្យ​កម្ពុជា។

សេចក្តី​ព្រាង​ច្បាប់​បាន​លើក​ឡើង​ថា អាមេរិក នឹង​មិន​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា នោះ​ទេ លុះ​ណា​តែ​ក្រសួង​ការ​បរទេស សហរដ្ឋ​អាមេរិក អាច​ទទួល​បាន​ការ​បញ្ជាក់​មួយ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ឯករាជ្យ និង​លុះ​ណា​តែ​មាន​ការ​កែ​ទម្រង់​គ្រប់​ជ្រុងជ្រោយ លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឬ​លុះ​ណា​តែ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ទទួល​បាន​អាសនៈ​ក្នុង​សភា កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​មក យល់​ព្រម​ចូល​សភា។ មួយ​វិញ​ទៀត រដ្ឋសភា​ក៏​ត្រូវ​ដំណើរ​ការ​ការងារ​របស់​ខ្លួន ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​ថា ក្រៅ​ពី​វិស័យ​យោធា តើ​ជំនួយ​ដែល​ត្រូវ​ផ្អាក​នោះ នឹង​ត្រូវ​ប៉ះពាល់​លើ​ផ្នែក​អ្វី​ផ្សេង​ទៀត​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្អាក​នោះ មាន​ចំនួន​ប៉ុន្មាន​នោះ​ដែរ។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក សភា​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ដែរ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា បាន​ឲ្យ​ដឹង​ថា សភា​សហភាព​អឺរ៉ុប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ឯករាជ្យ និង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ។ លើស​ពី​នេះ សភា​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជា​បន្ទាន់​ប្រជាពលរដ្ឋ​ចំនួន ២៣​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ច្បាប់​ខ្លួន និង​ត្រូវ​បោះ​បង់​ចោល​ការ​កោះ​ហៅ លោក សម រង្ស៊ី លោក កឹម សុខា និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ឡើង​តុលាការ​បន្ត​ទៀត។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ មករា មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​រដ្ឋាភិបាល ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​លើក។ ចំណែក​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​លើក​ទូរស័ព្ទ តែ​ឆ្លើយ​ថា​លោក​ជាប់​រវល់។

ការ​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ផ្អាក​ជំនួយ​មក​កម្ពុជា និង​ការ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ព្រមៗ​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​ស្វែង​រក​ការ​ពិត​មក​កម្ពុជា របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៦ មករា លោក ស៊ូប៊ែឌី បាន​លើក​ឡើង​ថា ផល​ប៉ះពាល់​នៃ​ការ​បន្ត​មាន​ភាព​ទាល់ច្រក គឺ​ជា​កង្វល់​មួយ​ដ៏​ធំ​របស់​លោក។ លោក​ថា ក្នុង​ស្ថានភាព​បែប​នេះ មាន​តែ​ការ​ផ្សះផ្សា​នយោបាយ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា ហើយ​លោក​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រឆាំង ស្វែង​រក​ដំណោះស្រាយ​មួយ ដើម្បី​បញ្ចប់​ភាព​ទាល់ច្រក​នេះ។ លោក​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​វិញ ហើយ​ថា ការ​ចរចា​នេះ​អាច​មាន​វត្តមាន​នៃ​ភាគី​ទី​៣​ផង​ដែរ ដើម្បី​ធ្វើ​ជា​សាក្សី ឬ​ជា​អ្នក​សម្រុះសម្រួល ប្រសិន​ជា​អាច​មាន​ប្រយោជន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។