នាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន បានអញ្ជើញចូលរួមទិវាជ័យជំនះថ្ងៃ៧ ឧសភា ខួបលើកទី៦០ឆ្នាំ ដែលកងទ័ពវៀតណាមច្បាំងឈ្នះទាហានបារាំងនៅសមរភូមិ ដៀនបៀនភូ (Dien Bien Phu) ភាគកណ្ដាលប្រទេសវៀតណាម កាលពី៦០មុន។
សារព័ត៌មានវៀតណាម វៀតណាម ញូវស៍ (Vietnam News) ផ្សាយថ្ងៃទី៧ ឧសភា បានចុះផ្សាយរូបថតអ្នកស្រី ម៉ែន សំអន ឈរចាប់ដៃទទួលស្វាគមន៍ ដោយមន្ត្រីមសមាជិក នៃការិយាល័យនយោបាយវៀតណាម លោក ឡេ ហុង អាញ់ (Le Hong Anh) នៅខាងក្រោមមន្ត្រីប្រទេសឡាវ ដែលត្រូវបានអញ្ជើញចូលរួមពិធីនោះដែរ។
កាសែតវៀតណាម បានស្រង់សំដីមន្ត្រីវៀតណាម លោក ឡេ ហុង អាញ់ ថា បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាមនឹងប្រឹងប្រែងធ្វើអ្វីៗទាំងអស់ដើម្បីពង្រឹងចំណងមិត្តភាព សន្តិភាព នៃប្រទេសទាំងបី កម្ពុជា វៀតណាម និង ឡាវ ឲ្យបានរីកចម្រើន រួមទាំងប្រទេសជាសមាជិកអាស៊ានផង។
កាសែតដដែល បញ្ជាក់ថា ជ័យជំនះរបស់កងទ័ពវៀតណាមលើទាហានបារាំង ក្នុងសមរភូមិ ដៀនបៀនភូ បាននាំឲ្យបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្ស៊ឺណែវ ឆ្នាំ១៩៥៤ ដកទ័ពចេញពីជ្រោយឥណ្ឌូចិន គឺចេញពីប្រទេសវៀតណាម កម្ពុជា និងឡាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
