ភ្លាមៗន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍រិះគន់សាលាក្ដីខ្មែរក្រហម ដែលថាមរណភាពរបស់ លោក ជា ស៊ីម ជាភាពបរាជ័យរបស់សាលាក្ដីនោះ មន្ត្រីរដ្ឋាភិបាលប្រតិកម្មតប។
យ៉ាងនេះក្ដី សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធបញ្ហានេះ បានចាត់ទុកថា ការបាត់បង់ លោក ជា ស៊ីម នៅពេលនេះ គឺជាការបាត់បង់ប្រភពសាក្សីដ៏សំខាន់មួយរូបសម្រាប់ដំណើរការនៃសាលាក្ដីខ្មែរក្រហម។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី មិនមើលឃើញថា មរណភាពរបស់ លោក ជា ស៊ីម វាជាការខាតបង់ផលប្រយោជន៍ច្រើននៅក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហមនោះឡើយ។
មន្ត្រីផ្នែកសាលាក្ដីខ្មែរក្រហមនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក ឡាត់ គី ថ្លែងនៅថ្ងៃទី១២ មិថុនា ថា ការបាត់បង់ លោក ជា ស៊ីម គឺជាសាក្សីដ៏មានសក្ដានុពលមួយរូប ពាក់ព័ន្ធនឹងរឿងរ៉ាវយ៉ាងស៊ីជម្រៅ ដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោក ឡាត់ គី បញ្ជាក់ទៀតថា ការខកខាននៅក្នុងការចូលខ្លួនទៅបំភ្លឺនោះ គឺដោយសារតែហេតុផលនៃថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា៖ «យើងសោកស្ដាយមែនទែនដែលគាត់អត់បានចូលទៅបំភ្លឺសាលាក្ដី តាមអ្វីដែលភារកិច្ចរបស់សហចៅក្រមស៊ើបអង្កេតកោះហៅ ដើម្បីបានយល់ដឹងពីរឿងរ៉ាវដែល លោក ជា ស៊ីម បានដឹងឮក្នុងរបបខ្មែរក្រហម»។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រតិកម្មទៅនឹងដីកាកោះហៅមន្ត្រីជាន់ខ្ពស់ខ្មែរក្នុងជួររាជរដ្ឋាភិបាល ៦នាក់ ដែលជាអតីតមន្ត្រីកម្មាភិបាលខ្មែរក្រហម ដើម្បីចូលខ្លួនមកធ្វើជាសាក្សីនៅក្នុងសាលាក្ដីខ្មែរក្រហម ថាជារឿងចម្លែក។
ប្រតិកម្មរបស់ លោក ហ៊ុន សែន នេះ បានធ្វើឡើងនៅបន្ទាប់ពី លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) ចៅក្រមស៊ើបអង្កេតជនជាតិបារាំង នៃសាលាក្តីខ្មែរក្រហម បានកោះអញ្ជើញ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក ស៊ីម កា សមាជិកព្រឹទ្ធសភា និងលោក អ៊ុក ប៊ុនឈឿន សមាជិកព្រឹទ្ធសភាដែរនោះ ដើម្បីទៅផ្ដល់សក្ខីកម្មក្នុងរឿងចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហម ៤រូបរួមមាន នួន ជា ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងសាលាក្ដីខ្មែរក្រហម។
ចំណែកមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម លោក ហុង គឹមសួន មានទស្សនៈប្រហាក់ប្រហែលគ្នាដែរថា លោក ជា ស៊ីម គឺសាក្សីដ៏ល្អវិសេស បើសិនជាកាលនៅមានជីវិតលោកបានចូលខ្លួនទៅបំភ្លឺនោះ។ លោកថា ជនរងគ្រោះសោកស្ដាយចំពោះការបាត់បង់ជីវិត លោក ជា ស៊ីម មុនពេលដែលលោកចូលទៅធ្វើសាក្សីឲ្យអង្គជំនុំជម្រះ។ ប៉ុន្តែលោកមិនជឿថា ការស្លាប់ លោក ជា ស៊ីម វាធ្វើឲ្យបរាជ័យសាលាក្ដីនេះឡើយ៖ «ខាងដើមបណ្ដឹងរដ្ឋប្បវេណីយើងធ្លាប់បានប្រជុំនិយាយពីកោះហៅ លោក ជា ស៊ីម លោក ហេង សំរិន ជាដើម ដើម្បីចូលខ្លួនធ្វើជាសាក្សីនោះដែរ។ វាជាការសោកស្ដាយ និងបាត់បង់សាក្សីដ៏សំខាន់មួយរូប»។
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានចាត់ទុកមរណភាពរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម កាលពីថ្ងៃទី៨ មិថុនា ថាជាការបង្ហាញភាពបរាជ័យរបស់សាលាក្ដីខ្មែរក្រហម។
សេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នៅថ្ងៃដដែលនោះសរសេរថា លោក ជា ស៊ីម គឺជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប ដែលគេមិនដែលបានស៊ើបអង្កេតពីបទឧក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរ ដែលអាចចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

សេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរថា ការស្រាវជ្រាវរបស់ខ្លួននៅឆ្នាំ២០០៥ បង្ហាញថា លោក ជា ស៊ីម ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរក្នុងសមត្ថកិច្ចរបស់លោកជាលេខាស្រុកពញាក្រែក តំបន់២០ ក្នុងភូមិភាគបូព៌ា ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។ បទឧក្រិដ្ឋទាំងនោះ គឺរាប់ទាំងការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការសម្លាប់ដោយសារនយោបាយ ជាតិសាសន៍ និងសាសនា ចំពោះមន្ត្រីរដ្ឋការសាធារណរដ្ឋខ្មែរ ចាម វៀតណាម និងចិន។
អង្គការនេះថា លោក ជា ស៊ីម ក៏ដូចជាកម្មាភិបាលខ្មែរក្រហមដទៃទៀតដែរ ក្នុងនាមលោកជាលេខាស្រុក គឺបានគ្រប់គ្រងមន្ទីរសន្តិសុខធ្វើការដោយឈ្លបដែលធ្វើទារុណកម្ម និងសម្លាប់អ្នកដែលត្រូវបានចាប់ខ្លួន។ លោក ជា ស៊ីម ក៏ពាក់ព័ន្ធក្នុងការដាក់ពលរដ្ឋខ្មែរជាទាសករនៅក្នុងតំបន់បូព៌ានោះ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា ភស្តុតាងនេះ និងភស្តុតាងដទៃទៀត អាចឲ្យសាលាក្ដីខ្មែរក្រហម នាំយកអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃឧក្រិដ្ឋកម្មខ្មែរក្រហមមកជម្រះក្ដី។ ប៉ុន្តែការមិនបាននាំយកអ្នកទទួលខុសត្រូវនេះ គឺដោយសារសាលាក្ដីខ្មែរក្រហម ឋិតក្រោមការគ្រប់គ្រងដោយនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ភ្លាមៗបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញសេចក្ដីថ្លែងការណ៍រិះគន់សាលាក្ដីខ្មែរក្រហមនេះ មន្ត្រីរដ្ឋាភិបាលបានប្រតិកម្មតបថា អត្ថបទនេះ គឺជាអត្ថបទដែលគ្រោងទុកជាមុនរបស់ លោក ប៊្រែដ អាដាម (Brad Adams) មានចេតនាមួលបង្កាច់ ប្រមាថមើលងាយ និងបង្កប់នូវគំនុំគុំកួនបុគ្គលមកលើថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកជាវីរបុរសជាតិដ៏ឆ្នើមមួយរូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
