ប្រជាពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបង ខេត្តបាត់ដំបង មានអារម្មណ៍ភ្ញាក់ផ្អើល ហើយសោកស្ដាយទៅនឹងការលាលែងពីតំណែងរបស់លោក សម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិ។
ពួកគាត់ព្រួយបារម្ភខ្លាចពុំមានអ្នកដឹកនាំគណបក្សប្រឆាំង ដើម្បីប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខ។ អង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងខេត្តនេះ យល់ឃើញថា ការលាលែងរបស់លោក សម រង្ស៊ី គឺជាជម្រើសល្អរបស់គណបក្សប្រឆាំង ស្របតាមស្ថានការណ៍នយោបាយបច្ចុប្បន្ន។
ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង ភាគច្រើនទើបតែទទួលដំណឹងអំពីលោក សម រង្ស៊ី លាលែងពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ។
ពួកគាត់មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំងនៅពេលបានទទួលដំណឹងនេះ និងបានលើកឡើងថា មេដឹកនាំគណបក្សប្រឆាំងដែលចាស់វស្សារូបនេះ ជាក្ដីសង្ឃឹមរបស់ពលរដ្ឋក្រីក្រ និងអ្នកគ្មានអំណាចនៅកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យមានជីវភាពប្រសើរឡើងវិញនៅថ្ងៃអនាគត៖ «ខ្ញុំសោកស្ដាយដែលគាត់លាលែងពីតំណែង ព្រោះលោក សម រង្ស៊ី បានតស៊ូ យូរយារដើម្បី ឲ្យប្រទេស ជាតិមានការអភិវឌ្ឍ ព្រោះតាមសម្ដីដែលគាត់ធ្វើកន្លងមក គឺល្អ ព្រោះប្រទេសជិតខាង ខ្ញុំឃើញគេធ្វើអ៊ីចឹងដែរ ព្រោះគេធ្វើបានយ៉ាងនេះក៏ដោយលោកត្រូវនៅតស៊ូបន្តទៀត ព្រោះ គាំទ្រលោក ច្រើន។ ខ្ញុំសោកស្ដាយ តែខ្ញុំមិនដឹងធ្វើយ៉ាង ម៉េច បើជាប្រជាជនគ្មានអំណាចជួយគាត់បាន»។
គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានប្រជុំសម្រេចឲ្យលោក សម រង្ស៊ី លាលែងពីប្រធានគណបក្សនៅថ្ងៃទី១២ កុម្ភៈ។ ការសម្រេចនេះ ក្រោយពេលលោក សម រង្ស៊ី បានដាក់លិខិតស្នើសុំលាលែងពីប្រធានគណបក្សកាលពីថ្ងៃទី១១ កុម្ភៈ។
អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងពលរដ្ឋមួយចំនួនដែលដើរកម្សាន្តតាមមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង មានអារម្មណ៍សោកស្ដាយដោយមិនចង់ឲ្យលោក សម រង្ស៊ី លាលែងពីតំណែងប្រធានគណបក្សប្រឆាំងនៅពេលនេះឡើយ។ ពួកគាត់បន្ថែមថា ការលាឈប់ពីតំណែងនេះ គឺជាការឆាប់រហ័ស ដែលធ្វើឲ្យបាត់បង់ធនធានមនុស្សដែលមានភាពក្លាហាន ហ៊ាននិយាយចំៗតតាំងជាមួយគណបក្សកាន់អំណាច៖ «ដល់ពេលគាត់លាលែងពីតំណែងអ៊ីចឹង ធ្វើប្រជាជនមួយចំនួនអស់ជំនឿទុកចិត្តខ្លាំង ព្រោះ តស៊ូតាំង ពីយូរយារណាស់មកហើយ។ ខ្ញុំមិនដឹងគាត់មានបញ្ហាអីបានជាលាលែងពីប្រធានគណបក្សទាំងកណ្ដាលទីអ៊ីចឹង តើបានអ្នកណាជួយខ្មែរទៀតទៅ ? ខ្ញុំឲ្យគាត់ដឹកនាំបន្តទៀត។ ខ្ញុំ ព្រួយបារម្ភ នឹងប្រទេសជាតិណាស់ ព្រោះមិនដឹងទៅថ្ងៃអនាគតទៅជាយ៉ាងណាទេ បើអត់ពីគាត់ទៅ»។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការលាលែងពីតំណែងរបស់លោក សម រង្ស៊ី ពុំមានអ្វីប៉ះពាល់ដល់ការដឹកនាំរបស់គណបក្សប្រឆាំងនោះទេ។ លោកសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវសម្លឹងមើលគោលនយោបាយរបស់គណបក្ស ក្នុងការដឹកនាំប្រទេសនៅពេលឈ្នះការបោះឆ្នោត ប្រសើរជាងការជ្រើសរើសយកបុគ្គលតែម្នាក់៖ «ខ្ញុំចង់ឲ្យ យើងនាំ គ្នាគិត ពីផល ប្រយោជន៍ជាតិឲ្យខ្ពស់ជាងផលប្រយោជន៍គណបក្សនយោបាយ និងខ្ពស់ជាងផលប្រយោជន៍បុគ្គល។ ហើយក៏ជាគំរូមួយឲ្យអ្នកនយោបាយមើលឃើញថា អ្វីវាមិនទៀងទាត់ទេ ទាំងអំណាចទាំងអស់វាអត់ស្ថិតស្ថេរទេ »។
ចំណែកមន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង លើកឡើងថា ការលាលែងពីតំណែងរបស់មេដឹកនាំគណបក្សប្រឆាំងនៅពេលនេះ ប្រហែលជាដោយសារស្ថានការណ៍នយោបាយកាន់តែតឹងតែងខ្លាំង ដែលគណបក្សប្រឆាំងអាចមានគំនាបខ្លាំង ដែលជំរុញឲ្យលោក សម រង្ស៊ី ជាប្រធានគណបក្សកំពុងមានបណ្ដឹងគរដូចភ្នំក្នុងតុលាការ។ លោកបន្ថែមថា រដ្ឋាភិបាលបានព្យាយាមចង់ធ្វើវិសោធនកម្មច្បាប់ស្ដីអំពីគណបក្សនយោបាយ ដែលអាចនឹងប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិ ប្រសិនបើច្បាប់នេះប្រើប្រាស់ជាផ្លូវការ៖ « ហើយអត់ពីគាត់ទៅក៏មានឥស្សរជននៅក្នុងគណបក្សនេះច្រើនទៀត ប៉ុន្តែបើតាមយើងមើលទៅទោះជាយ៉ាងណា ក៏គាត់ នៅតែជួយការងារគណបក្សបានដូចដើមទេ គ្រាន់តែថាមិនមែនជាប្រធានគណបក្ស ប៉ុណ្ណោះ ដោយមិនបាត់បង់គាត់ទៅណាទេ។ គ្រាន់តែជាការសម្រួល ស្ថានការណ៍នយោបាយ »។
យ៉ាងណាក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិលទាំងពីរលើកឡើងស្រដៀងគ្នាថា លោក សម រង្ស៊ី លាលែងពីតំណែងប្រធានគណបក្សប្រឆាំងជាជម្រើសល្អ និងជាមេដឹកនាំគំរូដ៏ប្រសើរក្នុងប្រវត្តិសាស្ត្រថ្មី ដល់មេដឹកនាំក្រោយៗទៀត មិនឲ្យឈ្លក់វង្វេងនឹងអំណាចតួនាទីរបស់ខ្លួនហួសហេតុ ដើម្បីផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយដែលមានសមត្ថភាពដឹកនាំបន្ត។
លោក សម រង្ស៊ី ជាមេដឹកនាំម្នាក់ដែលហ៊ានរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ទាំងនៅក្នុងសភា ទាំងនៅទីសាធារណៈ។ លោកត្រូវបានសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បណ្ដេញចេញពីគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងអាណត្តិទី១ ហើយបានបង្កើតគណបក្សខ្លួនឯងឈ្មោះថា គណបក្សជាតិខ្មែរ។ ក្រោយមក គណបក្សជាតិខ្មែរ មានបញ្ហា លោកក៏បង្កើតគណបក្សថ្មីមួយទៀតដាក់ឈ្មោះគណបក្ស សម រង្ស៊ី។ គណបក្សសង្គ្រោះជាតិ គឺជាគណបក្សថ្មីមួយទៀតដែលលោក សម រង្ស៊ី រួបរួមជាមួយគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា នៅមុនពេលបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
