ទស្សនៈ​ពលរដ្ឋ​មួយ​ចំនួន​ចំពោះ​មរណភាព​លោក សុខ អាន

0:00 / 0:00

ក្រៅ​ពី​មន្ត្រី​រាជការ​ដែល​ធ្វើ​ការ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា ចេញ​លិខិត​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​សព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រជាពលរដ្ឋ​សាមញ្ញ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន ក៏​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មរណភាព​លោក​ដែរ។ ប៉ុន្តែ​ពួក​គាត់​ភាគច្រើន​បាន​ឮ​ឈ្មោះ និង​ឃើញ​រូប​លោក​តាម​រយៈ​សារព័ត៌មាន​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បង្ហាញ​អារម្មណ៍​ប្លែកៗ​គ្នា​ចំពោះ​មរណភាព​របស់​លោក សុខ អាន។ អ្នក​ខ្លះ​បង្ហាញ​ភាព​សោកស្ដាយ ឯ​អ្នក​ខ្លះ​ទៀត​ថ្លែង​ថា​មិន​សូវ​ចាប់​អារម្មណ៍។

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​នៅ​ផ្សារ​ស្ទឹងមានជ័យ​ម្នាក់ គឺ​លោក ហួត គីមឆាយ ថ្លែង​ថា លោក​សោកស្ដាយ​ពេល​ដែល​ឮ​អំពី​មរណភាព​របស់​លោក សុខ អាន ដោយសារ​តែ​លោក​ធ្លាប់​បាន​ឃើញ និង​ស្គាល់​លោក សុខ អាន យូរ​ហើយ៖ « ស្គាល់​គាត់​ពេល​គាត់​នៅ​កាន់​តំណែង ឃើញ​មុខ​គាត់​តាម​ទូរទស្សន៍​រាល់​ថ្ងៃ។ ខ្ញុំ​សោកស្ដាយ​ដែរ ដែល​គាត់​បាន​ទទួល​មរណភាព​ទៅ។ គាត់​បាន​ធ្វើ​ការងារ​រដ្ឋ​ជួយ​ប្រទេស​ជាតិ។ សោកស្ដាយ​ដល់​ពេល​គាត់​ស្លាប់​ទៅ។ ឥឡូវ​គាត់​អស់​បាន​ការងារ​នេះ​ទៀត​ហើយ ព្រោះ​គាត់​ស្លាប់​ទៅ​ហើយ ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយៗ​ត​ពី​គាត់។ គាត់​បាន​បម្រើ​ប្រទេស​ជាតិ​យូរ​ហើយ »

ទន្ទឹម​គ្នា​នេះ អ្នក​លក់​ដំឡូង​ចៀន​ម្នាក់ គឺ​លោកស្រី ឆឹង ចាន់លី មាន​ប្រសាសន៍​ថា មិន​ដែល​ឃើញ​រូប​លោក សុខ អាន ទេ គឺ​ឮ​តែ​សំឡេង និង​ឈ្មោះ​តាម​វិទ្យុ៖ « គាត់​ជួយ​ប្រជាជន​សព្វ​បែប​យ៉ាង។ ខ្ញុំ​ដឹង​ប៉ុណ្ណឹង »

រីឯ​និស្សិត​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក សូណា បញ្ញាពុទ្ធិរាជ បញ្ជាក់​ថា លោក​ស្គាល់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន តាម​រយៈ​បណ្ដាញ​ហ្វេសប៊ុក (facebook)។ លោក បញ្ញាពុទ្ធិរាជ ចាត់​ទុក​មរណភាព​លោក សុខ អាន ថា​ជា​ការ​បាត់បង់​អ្នក​ស្នេហា​ជាតិ​ម្នាក់៖ « ខ្ញុំ​មាន​អារម្មណ៍​គួរ​ឲ្យ​សោកស្ដាយ​មែន​ទែន ដែល​បាត់បង់​នូវ​អ្នក​ដែល​មាន​ស្នាដៃ​ជួយ​ជាតិ ដែល​មាន​ការ​ទាមទារ​នូវ​បេតិកភណ្ឌ​ប្រាសាទ​ព្រះវិហារ​ជូន​មក​ខ្មែរ។ និយាយ​រួម សោកស្ដាយ​មែន​ទែន​ចំពោះ​ការ​បាត់បង់​អ្នក​ស្នេហា​ជាតិ​ចំពោះ​កម្ពុជា បែប​ហ្នឹង »

និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក គី គឹមហាប់ ចាត់​ទុក​លោក សុខ អាន ជា​វីរបុរស​មួយ​រូប៖ « គាត់​ជា​វីរបុរស​ដ៏​ឆ្នើម​មួយ​រូប​ដែល​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​ជា​ជន​ក្រីក្រ ជួយ​សាងសង់​សាលា​រៀន ជួយ​កុមារ​កំព្រា និង​ជួយ​គ្រប់​វិស័យ​ទាំងអស់​ដែល​គាត់​អាច​ធ្វើ​បាន »

និស្សិត​ពេទ្យ​វ័យ ២០​ឆ្នាំ​ម្នាក់​ទៀត គឺ​លោក លន់ ផានុ បន្ទរ​ថា លោក​ស្គាល់​លោក សុខ អាន តាំង​ពី​លោក​ធំ​ដឹង​ក្ដី៖ « ច្បាស់​ជាង​គេ​តាម​រយៈ​លោក​បាន​ចេញ​តាម​ទូរទស្សន៍​ពេល​លោក​បាន​ជួយ​កសាង​សាលា​អី ដូចជា​ចាប់​អារម្មណ៍​ជាង​គេ​ទៅ​លើ​គាត់​ជួយ​សាងសង់​សាលា ចែក​អំណោយ​ឲ្យ​ប្រជាជន។ ខ្ញុំ​មាន​អារម្មណ៍​ថា អត់​គួរ​ឲ្យ​ជឿ មាន​អារម្មណ៍​ថា​វា​លឿន​ពេក ហើយ​មើល​ឃើញ​គាត់​នៅ​សុខភាព​ល្អ​ធម្មតា មិន​គួរ​ឲ្យ​ជឿ​ថា​កើត​មាន​រឿង​បែប​ហ្នឹង ហើយ​ក៏​ចូលរួម​សោកស្ដាយ​ចំពោះ​រឿង​បែប​ហ្នឹង »

ដោយឡែក​អ្នក​រត់​រ៉ឺម៉ក​នៅ​ផ្សារ​ស្ទឹងមានជ័យ​ម្នាក់​ទៀត គឺ​លោក ហាស់ សុធិ មាន​ប្រសាសន៍​ថា លោក​ស្គាល់​លោក សុខ អាន តែ​តាម​រយៈ​ទូរទស្សន៍​យូរ​មក​ហើយ ប៉ុន្តែ​លោក​មិន​សូវ​មាន​ចំណាប់​អារម្មណ៍​អ្វី​ច្រើន​ទេ​ចំពោះ​មរណភាព​របស់​លោក៖ « មុខ​មាត់​ធ្លាប់​តែ​ក្នុង​ទូរទស្សន៍​ទូ​អី​ហ្នឹង។ ជួប​មុខ​ផ្ទាល់​អត់​ដែល​ផង។ ឮ​ឈ្មោះ​គាត់​យូរ​ហើយ គាត់​ជា​ឧបនាយករដ្ឋមន្ត្រី ហើយ​ឮ​ថា​តួនាទី​គាត់​ច្រើន​ដែរ។ ឮ​តែ​ប៉ុស្តិ៍​គេ​ផ្សាយ​ដែរ តាម​រយៈ​ព័ត៌មាន​ទូរទស្សន៍ អាស៊ីសេរី​អី ខ្ញុំ​ឧស្សាហ៍​ស្ដាប់​ដែរ។ ខ្ញុំ​គ្មាន​អារម្មណ៍​អី​ទេ។ ខ្ញុំ​មិន​សូវ​ស្គាល់​គាត់​ដែរ។ គាត់​គ្រាន់​តែ​ជា​ថ្នាក់​ដឹកនាំ​អី​ម្នាក់​ដែរ។ ឮ​តែ​តាម​ព័ត៌មាន គ្មាន​អារម្មណ៍​អី​ប្លែក​ទេ »

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំងនេះ​បង្ហាញ​ចំណាប់​អារម្មណ៍​ចម្រុះ​គ្នា​បែប​នេះ​ក្ដី ក៏​មាន​ពលរដ្ឋ និង​មន្ត្រី​រាជការ​ខ្លះ​ស្ទាក់ស្ទើរ និង​មិន​ហ៊ាន​បញ្ចេញ​យោបល់​យ៉ាង​ណា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។