មជ្ឈដ្ឋានមួយចំនួនយល់ថា មេភូមិក៏ជាមន្ត្រីរដ្ឋបាលសាធារណៈនៅក្នុងរដ្ឋាភិបាលដែរ ហើយពួកគាត់មិនត្រូវធ្វើសកម្មភាពគាំទ្រគណបក្សនយោបាយណាមួយឡើយ ជាពិសេស ការឃោសនាបក្សពេលបោះឆ្នោត។ ដូចគ្នាដែរ មានមេភូមិខ្លះក៏នៅស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពនយោបាយដែរ។ ក៏ប៉ុន្តែ មន្ត្រីក្រសួងមហាផ្ទៃ ឆ្លើយតបបញ្ហានេះថា មេភូមិក៏អាចធ្វើសកម្មភាពនយោបាយដូចពលរដ្ឋដទៃដែរ។
ចម្ងល់អំពីតួនាទីរបស់មេភូមិ ថាតើគាត់ត្រូវនៅជាអព្យាក្រឹត្យឬទេនៅក្នុងជីវភាពនយោបាយ។ ជាពិសេសនៅក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតពេលនេះ មានមេភូមិខ្លះកំពុងណែនាំពលរដ្ឋឱ្យគូសសន្លឹកឆ្នោតសាកល្បង ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះនៅតែមានមន្ទិល។
សំឡេងពលរដ្ឋ៖ «តើ គ.ជ.ប អនុញ្ញាតឱ្យអាជ្ញាធរភូមិយកសន្លឹកឆ្នោតឱ្យប្រជាពលរដ្ឋគូសអ៊ីចឹងដែរឬអី? តើទង្វើនេះត្រឹមត្រូវ ឬមិនត្រឹមត្រូវ?»។
មជ្ឈដ្ឋានខ្លះទៀតបញ្ចេញទស្សនៈថា មេភូមិមិនត្រូវធ្វើសកម្មភាពនយោបាយទេ ដោយសារតែពួកគាត់ជាអាជ្ញាធរដែនដី។
ឆ្លើយតបបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ គឺលោក ខៀវ សុភ័គ ថ្លែងនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ ថា ការយល់បែបនេះជាការមិនត្រឹមត្រូវ ព្រោះមេភូមិមានសិទ្ធិដូចពលរដ្ឋដទៃដែរ៖ «ក្នុងរូបភាពជាបុគ្គលឯកជន មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ គឺជាប្រជាពលរដ្ឋខ្មែរដូចប្រជាពលរដ្ឋដទៃទៀត ដែលមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយក្នុងសង្គម។ ក្នុងនោះរួមទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោត សិទ្ធិចូលរួមជាសមាជិកគណបក្សនយោបាយ សិទ្ធិគាំទ្រគណបក្សនយោបាយណាមួយស្របតាមឆន្ទៈរបស់ខ្លួន រួមទាំងសិទ្ធិចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតផង»។
លោកបញ្ជាក់ហេតុផលថា ទីមួយ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចែកជារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់។ ដូច្នេះ ភូមិមិនមែនជាអាជ្ញាធរដែនដីទេ។ ផ្អែកតាមការកំណត់នេះ ភូមិមិនមែនជាថ្នាក់រដ្ឋបាលមួយឡើយ ហើយមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ពុំត្រូវបានចាត់ជាអាជ្ញាធរដែនដីដែរ។ ទីពីរ ក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗ បានដំណើរការបោះឆ្នោតជ្រើសរើសមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ។ ដូច្នេះ តួនាទីរបស់ពួកគាត់មិនមែនជាមន្ត្រីរាជការស៊ីវិលស្ថិតក្នុងក្របខ័ណ្ឌមុខងារសាធារណៈទេ។ ហើយហេតុផលទីបី លោក ខៀវ សុភ័គ បញ្ជាក់ថា សកម្មភាពរបស់មេភូមិ គឺស្របតាមច្បាប់។
លោក ខៀវ សុភ័គ៖ «ដោយសារតែមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមាសភាពចម្រុះពីគណបក្សនយោបាយនានា មានអាសនៈក្នុងក្រុមប្រឹក្សា។ ហេតុនេះ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវចាត់ទុកជាអ្នកនយោបាយនៅតាមមូលដ្ឋាន និងមានភារកិច្ចបម្រើកិច្ចការសាធារណៈនានាស្របតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋាន»។
លោកថ្លែងថា រហូតមកដល់ពេលនេះ ការមានមន្ទិល និងការយល់មិនច្បាស់លាស់ចំពោះតួនាទីរបស់មេភូមិនៅតាមមូលដ្ឋាន ហើយបានបង្កជាបញ្ហារាំងស្ទះដល់មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ដែលមានសមាសភាពគ្រប់គណបក្សនយោបាយ អាក់ខានក្នុងការអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ហើយលោកហៅថា ជាការខុសឆ្គងមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
