វៀតណាមសុំឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ក្រុមបាតុករ ដែលវៀតណាម ហៅថា ក្រុមបះបោរខុសច្បាប់ ធ្វើបាតុកម្មដុតទង់ជាតិវៀតណាម បន្តទៅទៀត និងជំរុញឲ្យកម្ពុជា បន្តសហការបោះបង្គោលព្រំដែនគោកឲ្យបានចប់យ៉ាងឆាប់រហ័ស។
គេហទំព័ររដ្ឋាភិបាលវៀតណាម ផ្សាយថ្ងៃទី១៨ សីហា ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន នៅក្រុងហាណូយ (Hanoi) សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung) បានសុំឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការការពារកុំឲ្យមានបាតុកម្មដុតទង់ជាតិវៀតណាម ដូចដែលមានកន្លងមកបន្តទៅទៀត។
មេដឹកនាំវៀតណាម បានសុំឲ្យលោកប្រធានសភាគាំទ្របន្តទៅទៀត នូវកិច្ចប្រឹងប្រែងនៃប្រទេសទាំងពីរ ក្នុងការបោះបង្គោលព្រំដែនគោក ក្នុងស្មារតីមិត្តភាព យ៉ាងស្អិតល្មួត ដែលនឹងបញ្ចប់ឲ្យបានឆាប់រហ័ស ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយ ដោយសន្តិភាព មិត្តភាពយូរអង្វែង។
គេហទំព័ររដ្ឋាភិបាលវៀតណាម ដែលមានចុះផ្សាយរូបភាពលោក ហេង សំរិន ឈរចាប់ដៃជាមួយ លោក ង្វៀន តាន់យុង សរសេរថា លោកនាយករដ្ឋមន្ត្រីវៀតណាម រំពឹងថា រដ្ឋសភាកម្ពុជានឹងគាំទ្រសហគមន៍វៀតណាមនៅកម្ពុជា ស្របច្បាប់ ថែមទាំងជួយធ្វើសមាហរណកម្មសហគមន៍វៀតណាម ទាំងនោះចូលក្នុងសង្គមខ្មែរ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោក ហេង សំរិន កំពុងធ្វើទស្សនកិច្ចនៅវៀតណាម រយៈពេលរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ២០ សីហា ដើម្បីពង្រឹងប្រពៃណីមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
