សមាគមសហព័ន្ធខ្មែរវៀតណាមប្រចាំកម្ពុជា ប្រតិកម្មចំពោះការដាក់ពង្រាយឧបករណ៍បូមប្រេងរបស់ប្រទេសចិន នៅក្នុងដែនទឹកកំពុងមានជម្លោះជាមួយប្រទេសវៀតណាម។ សមាគមសហព័ន្ធខ្មែរវៀតណាមប្រចាំកម្ពុជា ដែលមានសមាជិក ៥ពាន់នាក់ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមប្រឆាំងបកទៅរដ្ឋាភិបាលចិន វិញនៅមុខស្ថានទូតចិន ប្រចាំកម្ពុជា ទាក់ទងនឹងការឈ្លានពានដែនសមុទ្រនៅភាគខាងកើតនៃប្រទេសវៀតណាម។ អាជ្ញាធរខ្មែរព្រមានថាទឹកដីកម្ពុជា មិនអនុញ្ញាតឲ្យជនបរទេស ប្រើប្រាស់ប្រឆាំងនឹងប្រទេសណាមួយទេ ហើយនឹងចាត់វិធានការតាមច្បាប់ចំពោះការរឹងទទឹងធ្វើបាតុកម្មក្នុងទឹកដីកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនបានចែង ឬផ្ដល់សិទ្ធិឲ្យជនបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយថែមទាំងព្រលយពាក្យថាចំណងមិត្តភាពម៉ឺនឆ្នាំរវាងកម្ពុជា និងវៀតណាម ក៏មិនបន្ទន់ចិត្តឲ្យរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តផ្ទុយពីច្បាប់បានដែរ។
ការលើកឡើងនេះ គឺនៅពេលដែលខាងសមាគមសហព័ន្ធខ្មែរវៀតណាម ប្រចាំកម្ពុជា កំពុងត្រៀមរៀបចំសកម្មភាពមួយចំនួន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលចិន។ សមាគមនេះក៏គ្រោងធ្វើបាតុកម្មតវ៉ាជាមួយរដ្ឋាភិបាលចិន នៅខាងមុខស្ថានទូតចិនប្រចាំកម្ពុជា ខណៈដែលជនជាតិ និងអាជ្ញាធរវៀតណាម កំពុងផ្ទុះកំហឹងកញ្ជ្រោលទាមទារឲ្យប្រទេសចិន ដកឧបករណ៍បូមប្រេងក្នុងដែនសមុទ្រភាគខាងកើត ដែលមានជម្លោះជាមួយប្រទេសវៀតណាម។
ប្រធានសមាគមសហព័ន្ធខ្មែរវៀតណាមប្រចាំកម្ពុជា លោក ស៊ឹម ជី មានប្រសាសន៍នៅថ្ងៃទី១៥ ឧសភា ថាជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជា ត្រៀមធ្វើសកម្មភាពខ្លះប្រឆាំងនឹងប្រទេសចិន។ តែលោកមិនបានទម្លាយថា សកម្មភាពប្រឆាំងទាំងនោះ នឹងធ្វើតាមរយៈរូបភាពណាខ្លះទេ។ លោកគ្រាន់តែសង្កត់ធ្ងន់ថា ការធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំកម្ពុជា នឹងធ្វើឡើងនាពេលខាងមុខ៖ «គម្រោងរបស់សមាគមខ្ញុំមិនទាន់មានគម្រោងថាធ្វើបាតុកម្មទេ កំណត់ពេលណានឹងខ្ញុំនឹងជម្រាបពេលក្រោយ។ ប៉ុន្តែខ្ញុំនឹងមានសកម្មភាពខ្លះៗចំពោះការប្រឆាំងនឹងរដ្ឋចិន»។
ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់ប្រកាសជាចំហរថាប្រទេសវៀតណាម ជាមហាមិត្តជាមួយកម្ពុជា។ តែមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ថា ចំណងមិត្តភាពស្និទ្ធស្នាលជាមួយប្រទេសវៀតណាម មិនមែនមានន័យថា កម្ពុជា ត្រូវតែ អនុញ្ញាតឲ្យជនជាតិវៀតណាម ធ្វើអ្វីស្រេចតែអំពើចិត្ត ដោយមិនគោរពច្បាប់ឡើយ។ លោក ខៀវ សុភ័គ បញ្ជាក់ថា កម្ពុជា គោរពច្បាប់ និងប្រទេសមានអព្យាក្រឹតអចិន្ត្រៃយ៍ ហើយប្រសិនបើសមាគមវៀតណាម នៅតែរឹងទទឹងយកទឹកដីកម្ពុជា ជាកន្លែងតវ៉ាប្រឆាំងចិន នោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់៖ «កម្ពុជា របស់យើងជាប្រទេសអព្យាក្រឹតអចិន្ត្រៃយ៍មិនប្រកាន់ថាខាងណាទេ ហើយមិនអនុញ្ញាតឲ្យមានកម្លាំងបរទេសដាក់ទីតាំងយោធា ក្នុងទឹកដីយើងទេក្នុងន័យនេះថាបានសម្រេចក្ដីថា មិនអនុញ្ញាតឲ្យជនជាតិបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសណាទៀតមិនថាប្រទេសចិន ទេ ប្រទេសណាក៏ដោយនិយាយជារួមទោះបីជាអាមេរិក ក៏មិនឲ្យធ្វើ ចិន ក៏មិនឲ្យធ្វើ»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជា អាចនឹងពិបាកក្នុងការសម្រេចចិត្ត នៅពេលដែលមហាមិត្តទាំងពីរ គឺប្រទេសវៀតណាម និងចិន ឈ្លោះគ្នារឿងដណ្ដើមដែនកោះ។ លោកបន្តថា ត្បិតរដ្ឋធម្មនុញ្ញចែងច្បាស់ពីភាពអព្យាក្រឹត និងឯករាជ្យរបស់ប្រទេស ប៉ុន្តែជាបទពិសោធន៍ រដ្ឋាភិបាលមិនអាចគ្រប់គ្រងនូវប្រតិកម្មជនបរទេស ដែលចង់យកទឹកដីកម្ពុជា ជាកន្លែងឃោសនា ឬប្រឆាំងនឹងប្រទេសណាមួយ។ លោកបានលើកឧទាហរណ៍ថា កាលដែលប្រទេសថៃ វឹកវរផ្នែកនយោបាយ ហើយហាមមិនអតីតនាយករដ្ឋមន្ត្រី លោក ថាក់ ស៊ីន ចូលប្រទេសបាននោះ ស្រាប់តែ លោក ថាក់ ស៊ីន បានមកឃោសនា និងជួបអ្នកគាំទ្រនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ដោយមានអ្នកគាំទ្រច្រើនពាន់នាក់ចូលរួម ហើយប្រទេសវៀតណាម អាចប្រើវិធីស្រដៀងគ្នានេះ ដោយយកចំណងមិត្តភាព យកមកដាក់មុខឲ្យកម្ពុជា ពិបាកបដិសេធសំណើរបស់ខ្លួន៖ «ចុះបើជនជាតិយួន ធ្វើបាន ចុះជនជាតិចិន ធ្វើបានទេ? ម្ល៉ោះហើយវាទៅជាមានចម្បាំងរវាងជនជាតិទាំងពីរដែលមានវត្តមាននៅកម្ពុជា មិនជាការល្អទេសម្រាប់យើងហ្នឹង»។
លោក ឡៅ ម៉ុងហៃ ស្នើសុំឲ្យរដ្ឋាភិបាលរក្សាអព្យាក្រឹតឲ្យរឹងមាំ ពិសេសសូមឲ្យជនជាតិវៀតណាម និងជនជាតិចិន រស់នៅកម្ពុជា កុំជ្រួលជ្រើមធ្វើបាតុកម្មដែលនាំឲ្យមានហិង្សាក្នុងទឹកដីកម្ពុជា។
ទាក់ទងបញ្ហានេះដែរ កាលពីដើមខែឧសភា ប្រទេសចិន បានដាក់កប៉ាល់ទៅខួងប្រេងនៅកោះហ្វាងសា (Hoang Sa) ឬត្រឿងសា (Truong) ភាគខាងកើតក្នុងដែនសមុទ្រប្រទេសវៀតណាម ដោយមានទាំងកងទាហាន និងយន្តហោះទៅការពារ រារាំងមិនឲ្យអាជ្ញាធរវៀតណាម មកឆាឆៅ ឬបណ្ដេញពួកគេពីដែនសមុទ្រនោះថែមទៀត។ ទាំងអាជ្ញាធរចិន និងអាជ្ញាធរវៀតណាម បានប៉ះគ្នា២លើកមកហើយ ដោយភាគីទាំងពីរបានបាញ់ទឹកពន្លិចទូកគ្នាទៅវិញទៅមក។
ក្រោយការបរាជ័យ ឲ្យចិន ដកកប៉ាល់ខួងប្រេងចេញពីកោះហ្វាងសា នោះជនជាតិវៀតណាម បានចេញតវ៉ាជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១១ ឧសភា ដែលនេះជាការប្រឆាំងដ៏កម្រឃើញមួយ នៅក្នុងប្រទេសកុម្មុយនិស្ត ដោយពួកគេបានចេញតវ៉ាតាមផ្លូវនិងគ្រវីទង់ជាតិវៀតណាម ប្រឆាំងនឹងការពង្រាយឧបករណ៍បូមប្រេងរបស់ចិន ទៅក្នុងដែនសមុទ្រភាគខាងត្បូង។
អ្នកតវ៉ាបានប្រឆាំងក្រុមហ៊ុនចិន ហើយបានដុតរោងចក្រជាច្រើនជាកម្មសិទ្ធិរបស់អ្នកវិនិយោគចិន។
ព័ត៌មានពីរយទ័រ ផ្សាយថាមានការប៉ះទង្គិចហិង្សា រហូតបណ្ដាលឲ្យមនុស្សជាង ២០នាក់ស្លាប់ កាលពីល្ងាចថ្ងៃទី១៤ ឧសភា នៅក្នុងខេត្តហាទីន (Ha Tinh) ក្នុងនោះមានកម្មករជាជនជាតិវៀតណាម ៥នាក់ និងជនជាតិចិន ១៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។