អង្គការតម្លាភាពកម្ពុជា លើកឡើងថា ការបោះឆ្នោតជាតិកាលពីអាណត្តិមុននៅមានភាពមិនប្រក្រតី បានធ្វើឲ្យពលរដ្ឋកម្ពុជា មួយចំនួនបាត់សិទ្ធិបោះឆ្នោត។ ទន្ទឹមគ្នានេះ អង្គការតម្លាភាពកម្ពុជា បានដាក់អនុសាសន៍មួយចំនួនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើកំណែទម្រង់លើប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោតថ្មី ដើម្បីចៀសវាងបញ្ហាប្រឈម។
អង្គការតម្លាភាពកម្ពុជា ឲ្យដឹងថា បញ្ហាដែល គ.ជ.ប គួរចៀសវាងឲ្យបានទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលកើតឡើងកាលពីអាណត្តិមុន រួមមានឈ្មោះស្ទួន និងមានភាពមិនប្រក្រតីជាច្រើន រួមទាំងការលុបលាងបានភ្លាមៗនូវទឹកខ្មៅជ្រលក់ម្រាមដៃ ដែលមិនអាចធានាថា មនុស្សម្នាក់បោះឆ្នោតបានតែម្តងនោះ។
សំណើនេះ ធ្វើឡើងតាមរយៈលិខិតរបស់អង្គការតម្លាភាពកម្ពុជា ដែលបានដាក់ជូនទៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី៦ ខែសីហា ផ្ដោតលើនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦។
អង្គការនេះ បានផ្តល់អនុសាសន៍ចំនួន ៧ចំណុច ចង់ឲ្យ គ.ជ.ប កែប្រែ និងបញ្ជាក់ច្បាស់ រួមមាន ស្នើឲ្យបញ្ជាក់ទៅលើពាក្យ «ជនណាក៏ដោយ» ដែលមានសិទ្ធិប្ដឹងជំទាស់ទៅក្រុមប្រឹក្សាឃុំសង្កាត់ ឬ គ.ជ.ប ស្នើ គ.ជ.ប មាននីតិវិធីពិសេសសម្រាប់ជនពិការ អនក្ខរជន និងជនងាយរងគ្រោះផ្សេងៗ ដើម្បីងាយស្រួលចុះឈ្មោះបោះឆ្នោត ស្នើឲ្យសម្រួលដល់ការចុះឈ្មោះចំពោះពលរដ្ឋដែលស្នាក់នៅផ្ទះជួល ដែលម្ចាស់ផ្ទះមិនបានធ្វើលិខិតបញ្ជាក់ការស្នាក់នៅឲ្យបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីបានគ្រប់ៗគ្នា បង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយលើនីតិវិធីចុះឈ្មោះបោះឆ្នោតថ្មី ទៅដល់ពលរដ្ឋទូទាំងប្រទេស ព្រមទាំងចំណុចសំខាន់ៗមួយចំនួនទៀត។
ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៦ សីហា ដែលរៀបចំឡើងនៅទីស្នាក់ការអង្គការតម្លាភាព ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ឲ្យដឹងថា អង្គការលោកបានរកឃើញថា យុត្តិធម៌ និងសុចរិតភាពក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នេះធ្លាក់ចុះជាងអាណត្តិមុនៗ ដូច្នេះទើបអង្គការលោកផ្តល់អនុសាសន៍ទាំងនេះ។ លោកសង្ឃឹមថា គ.ជ.ប នឹងពិនិត្យតាមសំណើនេះ និងធ្វើយ៉ាងណាធានាតម្លាភាព៖ «គោលបំណងសំខាន់របស់អនុសាសន៍យើង គឺចង់ឲ្យមានសុចរិតភាព និងភាពទុកចិត្តលើបញ្ជីឈ្មោះបោះឆ្នោតថ្មី ធ្វើយ៉ាងណាធានាថា ពលរដ្ឋខ្មែរមិនបាត់សិទ្ធិបោះឆ្នោត»។
ឆ្លើយតបនឹងការផ្តល់អនុសាសន៍របស់អង្គការតម្លាភាពកម្ពុជា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប បានទទួលសំណើនេះពីអង្គការតម្លាភាពរួចហើយ។ លោកថា គ.ជ.ប ស្វាគមន៍រាល់អនុសាសន៍របស់សង្គមស៊ីវិល ហើយ គ.ជ.ប នឹងរៀបចំកញ្ចប់អនុសាសន៍មួយដាក់ជូនសមាជិក គ.ជ.ប ទាំងអស់។ ប៉ុន្តែលោកថា ការសម្រេចយ៉ាងណា គ.ជ.ប នឹងពិនិត្យលើទិដ្ឋភាព ៣យ៉ាង៖ «ទិដ្ឋភាពទី១ យើងនឹងពិនិត្យលើច្បាប់ ថាតើអនុសាសន៍ហ្នឹងស្របតាមច្បាប់អត់។ ទី២ ប្រៀបធៀបលើសកម្មភាពកន្លងមក ថាតើយុទ្ធសាស្ត្រហ្នឹងវាអាចធ្វើទៅបានអត់ និងទី៣ ថាតើយុទ្ធសាស្ត្រនោះវាផ្តល់ផលប្រយោជន៍ដល់ដំណើរចុះឈ្មោះបោះឆ្នោតកម្រិតណា ដូច្នេះ គ.ជ.ប ត្រូវការពេលវេលាពិនិត្យលើចំណុចនេះ»។
សេចក្តីថ្លែងការណ៍រួមរបស់បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ឲ្យដឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតមានឈ្មោះស្ទួនប្រមាណជាង ៣០ម៉ឺនឈ្មោះ ជាពិសេសការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត មានរហូតដល់ទៅជាង ១លានលិខិត។ ករណីនេះ ត្រូវបានរកឃើញថា មានភាពមិនប្រក្រតីជាច្រើន រួមទាំងការលុបលាងបានភ្លាមៗនូវទឹកខ្មៅជ្រលក់ម្រាមដៃ ដែលមិនអាចធានាថា មនុស្សម្នាក់បោះឆ្នោតបានតែម្តងនោះ។
សន្និសីទកាសែតរបស់អង្គការតម្លាភាពកម្ពុជា ក្រៅពីដាក់ជូនអនុសាសន៍ទៅ គ.ជ.ប លើបញ្ជីឈ្មោះបោះឆ្នោតថ្មី សន្និសីទនេះក៏បានស្នើឲ្យ គ.ជ.ប បែងចែកជូនទិន្នន័យបញ្ជីឈ្មោះបោះឆ្នោតដល់គណបក្សនយោបាយ សារព័ត៌មាន សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធដទៃទៀត វិភាគ ត្រួតពិនិត្យ និងធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតថ្មីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
