ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ព្រមាន​បក្ស​ជាប់​ឆ្នោត​ពី​អស្ថិរភាព​នយោបាយ

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ ថ្លែង​សុន្ទរកថា​ជំរុញ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឲ្យ​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី។

0:00 / 0:00

ក្នុង​សុន្ទរកថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​ជា​ទូទៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ទង្វើ​របស់​គណបក្ស​កាន់​អំណាច​ដែល​យក​អាវុធយុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ចូល​ក្រុង ដើម្បី​ត្រៀម​ទប់ទល់​នឹង​គម្រោងការ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​បាន​ទទួល​សន្លឹក​ឆ្នោត​មិន​ដល់ ៥​ម៉ឺន​សំឡេង​ផង​នោះ បាន​ចេញ​មុខ​ព្រមាន​ជា​ផ្លូវ​ការ​ថា បើ​សិន​ជា​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​អង្គុយ​តុ​ចរចា​ទេ​នោះ ប្រទេស​កម្ពុជា នឹង​មាន​មហន្តរាយ​ជា​មិន​ខាន។ គណបក្ស​ខ្មែរ​ឈប់​ក្រ​បាន​ដាក់​លិខិត​អញ្ជើញ​តំណាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ទៅ​ចូល​រួម​ស្ដាប់​បទ​បង្ហាញ​ស្ដីពី​កង្វល់​របស់​ពលរដ្ឋ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​មិន​បាន​បញ្ជូន​តំណាង​ទៅ​ស្ដាប់​ឡើយ។

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន មាន​ប្រសាសន៍​ថា គណបក្ស​នេះ​នឹង​ផ្ញើ​សុន្ទរកថា​របស់​លោក​ទៅ​កាន់​គណបក្ស​ជាប់​ឆ្នោត​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​សន្ទរកថា​នោះ​ផ្ដោត​សំខាន់​លើ​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ទស្សនៈ​វិស័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ។

លោក​បន្ត​ថា គណបក្ស​ខ្មែរ​ឈប់​ក្រ​ចាញ់​ឆ្នោត​មែន តែ​បក្ស​នេះ​បាន​មើល​ឃើញ​ថា ពលរដ្ឋ​កំពុង​មាន​ក្តី​បារម្ភ​ពី​សង្គ្រាម អស្ថិរភាព​សង្គម ចលាចល​ផ្សេងៗ ដូច​នេះ​អ្នក​នយោបាយ​ត្រូវ​តែ​ស្រាយ​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា ចំណោទ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​និង​គណបក្ស​នយោបាយ​មិន​ស្ងប់​ចិត្ត គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អសមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ ប្រកប​ដោយ​តម្លាភាព៖ «បើ​គេ​មិន​ដោះស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​ស្រួលបួល​ទេ ខ្ញុំ​មិន​ចូល​រួម​ទៀត​ទេ នាំ​ឲ្យ​ខាត​លុយ ខាត​ពេល​វេលា និង​លះបង់​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ច្រើន​ណាស់»

ទាក់ទង​នឹង​ការ​រក្សា​ស្ថិរភាព​សង្គម​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បង្ក​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ដូច​នេះ​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ទទួល​ខុស​ត្រូវ និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កំពុង​កើត​មាន៖ «យើង​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី ផ្ញើ​សារ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បើ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ សហគមន៍​អន្តរជាតិ​ប្រទេស​ជា​មិត្ត​គេ​មិន​អាច​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​បាន​ឡើយ»

ចំណែក​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​នេះ ក៏​ធ្លាប់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ស្ងប់ស្ងៀម​កុំ​ភ័យ​ខ្លាច និង​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រើ​ហិង្សា ព្រោះ​តែ​និន្នាការ​នយោបាយ​ដែរ។ ប៉ុន្តែ​មិន​ដល់ ១​ខែ​ផង រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កង​ទ័ព​រថពាសដែក និង​បញ្ជូន​ទាហាន​ចូល​កៀក​ក្រុង​ភ្នំពេញ។

សង្គម​ស៊ីវិល​ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​សំដែង​ក្ដី​ព្រួយ​បារម្ភ និង​រិះគន់​ចំណាត់ការ​ប្រុង​ជើងការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន នេះ។

បច្ចប្បន្ន​នេះ​មាន​ទំនាស់​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ទាក់ទង​នឹង​លទ្ធផល​បោះ​ឆ្នោត នៅ​មិន​ទាន់​រក​ច្រក​ចេញ​បាន​នៅ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​និង​សង្គម​ស៊ីវិល​រក​ឃើញ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​មាន​សមត្ថភាព​ធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព​ឡើយ។ គ.ជ.ប ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​អ្នក​ជួយ​បន្លំ​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។