អ្នក​ឃ្លាំមើល៖ កិច្ចសហការ​ខ្មែរ-​វៀតណាម​អាច​ក្លាយ​ជា​អាណានិគម​បែប​ទំនើប

ក្រុម​សកម្មជន​ខាង​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ឯ​នាយ​សមុទ្រ បាន​ចាត់​ទុក​ប្រទេស​ខ្មែរ​ថា កំពុង​ស្ថិត​ក្រោម​នឹម​អាណានិគម​បរទេស​យ៉ាង​ជ្រៅ​ដ៏​លំបាក​រំដោះ​ខ្លួន​ចេញ​រួច។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​បន្ទោស​ថា ជា​ការ​វាយ​តម្លៃ​ដែល​មិន​យល់​ស៊ី​ជម្រៅ​អំពី​កិច្ចការ​របស់​រដ្ឋាភិបាល។
ដោយ តាំង សារ៉ាដា
2013-03-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្ពុជា វៀតណាម ៣០៥
នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។
RFA/Uon Chhin

ក្រុម​អ្នក​ឃ្លាំមើល​អំពី​ស្ថានភាព​នយោបាយ​របស់​កម្ពុជា ជាមួយ​វៀតណាម បាន​វាយ​តម្លៃ​កិច្ច​សហប្រតិបត្តិការ ឬ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាប័ន​ជាតិ​របស់​កម្ពុជា ជាមួយ​ស្ថាប័ន​ជាតិ​នៃ​ប្រទេស​វៀតណាម នោះ ថា​ជា​គំនាប​មួយ​ដើម្បី​ត្រួតត្រា​កិច្ចការ​រដ្ឋាភិបាល​ខ្មែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ (Norway) លោក ម៉ែន ណាត ថ្លែង​ថា ការ​ចុះ​កិច្ច​សហប្រតិបត្តិការ​តាំង​ពី​ថ្នាក់​ភូមិ ឃុំ រហូត​ដល់​ថ្នាក់​ជាតិ​របស់​ខ្មែរ​ជាមួយ​វៀតណាម គឺ​ជា​ទំនាក់ទំនង ឬ​ជា​សម្ពន្ធភាព​មួយ​មិន​ប្រក្រតី។ លោក​សង្ស័យ​ថា កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​នេះ​អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​ដ៏​ត្រជាក់ ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា។

ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម តែង​ចុះ​ផ្សាយ​ជា​ញឹកញាប់​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ចាប់​តាំង​ពី​ស្ថាប័ន​រដ្ឋ​តូចៗ រហូត​ដល់​ស្ថាប័ន​រដ្ឋ​ធំៗ​របស់​ខ្មែរ​ជាមួយ​វៀតណាម។

កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៣ សមាគម​ស្ត្រី​វៀតណាម បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមាគម​ស្ត្រី​កម្ពុជា ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ។ នៅ​ខែ​ដដែល​នេះ ក្រសួង​យុត្តិធម៌​ខ្មែរ​ក៏​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ផ្លាស់ប្ដូរ​សេវា​ផ្សេងៗ ដូច​ជា​ឯកសារ​ការ​ប្រមូល​ភស្តុតាង និង​ការ​ផ្ទេរ​ភស្តុតាង ការ​កោះ​ហៅ​សាក្សី រួម​ទាំង​ឯកសារ​ចុះ​បញ្ជី​ករណី​សំណុំ​រឿង​ក្ដី​ស៊ីវិល។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា បាន​ចុះ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​វៀតណាម ដើម្បី​បន្ត​កិច្ច​សហការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​លើ​ការ​អនុវត្ត​ច្បាប់ និង​សណ្ដាប់​ធ្នាប់​សង្គម ជា​ពិសេស​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន។

បើ​ទោះ​បី​កម្ពុជា កំពុង​បោះ​ជំហាន​ក្នុង​សម័យ​សកលភាវូបនីយកម្ម​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ក៏ដោយ ក៏​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​ថា កិច្ច​សហប្រតិបត្តិការ​សឹង​គ្រប់​ផ្នែក​រវាង​កម្ពុជា ជាមួយ​វៀតណាម ដូច្នេះ អាច​ជា​មហន្តរាយ​ធំ​សម្រាប់​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក​បាន​ផ្ដល់​អនុសាសន៍​ថា កិច្ចការ​ដែល​ចាំ​បាច់​ដើម្បី​សហការ​ជាមួយ​វៀតណាម គឺ​ការងារ​ខាង​កសិកម្ម និង​បច្ចេកទេស។

លោក កឹម សុខា បន្ត​ថា អត្ថន័យ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម មាន​ន័យ​សឹង​ស្មើ​គ្នា​ទៅ​នឹង​ទម្រង់​នៃ​ពាក្យ​ជំនាញ​ការ​ដែល​វៀតណាម បាន​ដាក់​ផ្ទាល់ និង​ជា​ចំហ​ឲ្យ​តាមដាន​ស្ថានភាព​ខ្មែរ​ពី​ថ្នាក់​ភូមិ​ដល់​ថ្នាក់​ប្រធាន​រដ្ឋ កាល​ពី​ទសវត្ស​ឆ្នាំ​១៩៨០ នៅ​គ្រា​ដែល​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ទាំង​នេះ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ការ​រិះគន់​របស់​ក្រុម​អ្នក​នយោបាយ និង​អ្នក​ឃ្លាំមើល​ទាំង​នេះ​ថា ជា​ការ​វាយ​ប្រហារ​ដែល​មិន​យល់​អំពី​ការ​ពិត ហើយ​មិន​បាន​ឈរ​លើ​គំនិត​អភិវឌ្ឍន៍​ជាតិ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​ព្រមាន​ថា កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួន ហើយ​សប្បាយ​គគ្រឹកគគ្រេង​ទៅ​នឹង​ទំនាក់ទំនង​ស្អិតល្មួត​គ្រប់​សរសៃ​ឈាម​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ជាមួយ​ប្រទេស​ធំ ដែល​មាន​ប្រជាជន​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ដូច​ជា​វៀតណាម នោះ​ទេ ពី​ព្រោះ​ប្រទេស​នេះ​អាច​លេប​យក​កម្ពុជា បាន​យ៉ាង​ងាយ។

របត់​នយោបាយ​កម្ពុជា បច្ចុប្បន្ន​កំពុង​បោះ​ជំហាន​ជ្រៅ និង​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​ប្រទេស​ចិន ខណៈ​ដែល​វៀតណាម កំពុង​មាន​ទំនាស់​ជាមួយ​ចិន ដោយសារ​ជម្លោះ​ដែន​សមុទ្រ។

អ្នក​វិភាគ​ជា​ច្រើន​បាន​បកស្រាយ​ថា កម្ពុជា​បាន​ស្រវេស្រវា​ដក​ខ្លួន​ចេញ​ពី​គំនាប​របស់​វៀតណាម ដោយ​យក​ចិន ជា​ខ្នង​បង្អែក។

អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក ហើស សេរីធន ក៏​ធ្លាប់​បាន​ចោទ​វៀតណាម ថា​បាន​លេង​នយោបាយ​ខ្មៅ​កខ្វក់​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ភាព​ខ្នះខ្នែង​របស់​វៀតណាម ក្នុង​ការ​បង្កើន​ល្បឿន​យក​នាម​កិច្ច​សហប្រតិបត្តិការ​សឹង​គ្រប់​ផ្នែក តាំង​ពី​ស្ថាប័ន​កំពូល​រហូត​ដល់​ថ្នាក់​មូលដ្ឋាន គឺ​ជា​ការ​គ្រៀក​យក​កម្ពុជា ជា​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន ដើម្បី​ទប់ទល់​ឥទ្ធិពល​អំណាច​របស់​ចិន។

មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា មិន​អាច​ឆ្លើយ​បំភ្លឺ​បាន​ទេ​ជុំវិញ​ការ​វិភាគ​ទាំង​នេះ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង គឺ​ជា​កិច្ចការ​ធម្មតា ក្នុង​ន័យ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថិរភាព​ក្នុង​តំបន់។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន អំពើ​ភេរវកម្ម ឬ​វិច្ឆេទកម្ម​ខាង​សេដ្ឋកិច្ច​នោះ។

សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម អះអាង​ថា ទាំង​អាជ្ញាធរ​ដែន​ដី មន្ត្រី​នគរបាល និង​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ជាន់​ខ្ពស់​តែង​ទទួល​បាន​លាភសក្ការៈ​ជា​ញឹកញាប់​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​វៀតណាម។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក រៀល ខេមរិន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លាភសក្ការៈ​ដែល​ក្រុម​មន្ត្រី​ខ្មែរ​បាន​ទទួល​ពី​វៀតណាម គឺ​ជា​ការ​តប​ស្នង​សង​គុណ​ដល់​ការ​សម្រួល​ឲ្យ​ពលរដ្ឋ​វៀតណាម អាច​ចេញ​ចូល​ស្នាក់​នៅ ឬ​ប្រកប​របរ​ជួញដូរ​ក្នុង​ទឹក​ដី​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​អាជ្ញាធរ​វៀតណាម ពិត​ជា​បាន​អញ្ជើញ​មន្ត្រី​អាជ្ញាធរ​ខ្មែរ​តាម​ព្រំដែន​មែន ប៉ុន្តែ​ជា​ការ​អញ្ជើញ​បែប​មិត្តភាព​ដើម្បី​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​នៃ​ប្រទេស​រៀងៗ​ខ្លួន​ប៉ុណ្ណោះ។

លោក អឿង សារិ អតីត​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី ដែល​សព្វថ្ងៃ​ជា​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​អះអាង​ថា អាជ្ញាធរ​វៀតណាម តែង​ឲ្យ​វត្ថុ​អនុស្សាវរីយ៍ និង​លុយ​កាក់​ដល់​អាជ្ញាធរ​កម្ពុជា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ហើយ​កម្ពុជា​តែង​ឲ្យ​វត្ថុ​អនុស្សាវរីយ៍​ដល់​វៀតណាម​វិញ ពេល​បុណ្យ​ឆ្នាំ​ខ្មែរ។ ប៉ុន្តែ​លោក អឿង សារិ បាន​បដិសេធ​ថា កញ្ចប់​អនុស្សាវរីយ៍ និង​លុយ​កាក់​ទាំង​អស់​នោះ មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​អាជ្ញាធរ​ខ្មែរ ដូច​ដែល​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា-​វៀតណាម បាន​សម្រួល​ដល់​ការ​រស់​នៅ និង​ការ​រក​ស៊ី​កាក់កប​របស់​ប្រជាជន​វៀតណាម ច្រើន​ក្នុង​ទឹក​ដី​កម្ពុជា។ ទន្ទឹម​នឹង​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ខ្មែរ ពលរដ្ឋ​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម តែង​នាំ​គ្នា​តវ៉ា​អំពី​ការ​រំលោភ​យក​ដី​ស្រែ និង​ដី​ចម្ការ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Phnom Penh

I love Khmer RFA ! Radio Free Asia is the one and only that can give truthful news for Khmer in Cambodia . Most of the medias in Cambodia are controlled by Vietcong CPP . The ones who criticize Khmer RFA are Youn Vietcongs and the corrupted crooks who love communism and dictatorship .You communists, Stop playing games with Khmer !

Mar 08, 2013 01:12 PM

កុំលំអៀង

ពី PP

I thought that if you want to be the best radio and website and can make change Cambodia try to be in the middle.
Currently I saw that you favor to anti government party. smart try to be in the middle it'll work out. believe me.
I know that you will not post my comment in public.

Mar 06, 2013 10:17 AM

អ្នក​អាន​អនាមិក

We can forgive Hun Sen for bad things he has done,if he step down and let the righteous man step in to save Cambodia. Hun Sen,you owe too much to your country and your people ! Save your country !

Mar 06, 2013 09:44 AM

អ្នក​អាន​អនាមិក

ពី PP

រដ្ឋាភិបាលសព្វថៃ្ង គឺរដ្ឋាភិបាលអាយ៉ងយួន និងជាពិសេស លោក ហ៊ុនសែនខ្លាំងបែបខ្លាក្រដាស និងតាំងខ្លួនឯងជាអ្នកគ្រាន់បើរហូត។

Mar 05, 2013 10:51 PM

ខែ្មរទីក្រុង

ពី Phnom Penh

លោកតាំងសារាដ៉ាពិតជាវោហាមាសគួរអោយសរសើរ​និងចង់ស្តាប់ណាស់

Mar 04, 2013 11:43 PM

មើល​មតិ​ទាំង​អស់.