តើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ក្រោយ​ចូល​កាន់​តំណែង?

ដោយ វណ្ណ វិចារ
2014.08.26
តំណាង​រាស្ត្រ សង្គ្រោះ​ជាតិ ៦១០ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថត​រូប​អនុស្សាវរីយ៍​នៅ​រដ្ឋ​សភា មុន​ពេល​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​៥ សីហា ២០១៤។
RFA/Sek Bandith

រដ្ឋសភា​កម្ពុជា បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ដើម្បី​អនុម័ត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​រដ្ឋសភា​កម្ពុជា​ហើយ ដែល​មាន​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កាន់ការ​ជា​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ ៥​ផ្សេង​ទៀត។ តើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង ៥៥​រូប​អាច​នឹង​មាន​លទ្ធភាព​ធ្វើ​អ្វី​បាន​ខ្លះ?

លទ្ធភាព​ក្នុង​ការ​ផ្គាប់​ចិត្ត​រាស្ត្រ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង ៥៥​រូប គឺ​អាស្រ័យ​នៅ​លើ​សមត្ថភាព​បំពេញ​ការងារ​របស់​អ្នក​ទាំង​នោះ។ អ្នក​ទាំង​នោះ​អាច​បំពេញ​ការងារ​តាម​បទបញ្ជា​​ផ្ទៃ​ក្នុង​សភា​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការងារ​ដំបូង​បំផុត​របស់​គណបក្ស​ប្រឆាំង​បន្ទាប់​ពី​កាន់ការ​ជា​អនុ​ប្រធាន​រដ្ឋ​សភា និង​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​​នោះ ជា​ការ​ពង្រឹង​សមត្ថភាព​អ្នក​តំណាងរាស្ត្រ​របស់​ខ្លួន។

លោក​បន្ត​ថា តាម​គណៈកម្មការ​ជំនាញ​នីមួយៗ​អ្នក​តំណាងរាស្ត្រ​ជា​សមាជិក​ទាំង​អស់​ត្រូវ​ពិនិត្យ​មើល​ចំណុច​អសកម្ម បន្ទាប់​មក​​ត្រូវ​កោះហៅ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​មក​ស្រាយ​បំភ្លឺ​ក្នុង​រដ្ឋសភា​ឲ្យ​បានជា​ប្រចាំ៖ «តំណាងរាស្ត្រ​ទាំង ៥៥​រូប​សឹង​តែ​មួយ​ចំហៀង​រដ្ឋ​សភា​ហើយ មាន​ទម្ងន់​ជាង​ពេល​ណាៗ​ទាំង​អស់ ជា​ឱកាស​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ អាច​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ថា នឹង​ដឹកនាំ​ប្រទេស​បាន មាន​ក្រុម​និង​យន្តការ​ផ្សេងៗ ហើយ​យល់​ដឹង​កិច្ចការ​ទាំង​ឡាយ ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរជាតិ»

គណបក្ស​សង្គ្រោះ​ជាតិ នឹង​កាន់​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ចំនួន​៥ ដែល​មាន​អំណាច​ឃ្លាំមើល​ដំណើរការ​អនុវត្ត​ការងារ​របស់​ក្រសួង​ស្ថាប័នរដ្ឋ​ពាក់​កណ្ដាល។ ប៉ុន្តែ​គណបក្ស​នេះ​នឹង​បាន​ក្ដោបក្ដាប់​អំណាច​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ ដែល​​អាច​ឃ្លាំមើល និង​កោះ​ហៅ​មន្ត្រី​រាជរដ្ឋាភិបាល​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​សង្ស័យ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ រួម​ទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅ​បំភ្លឺ​ក្នុង​រដ្ឋសភា​ទៀត​ផង។

តាម​គម្រោង ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​បង្ហាញ​ថា បទបញ្ជា​ផ្ទៃក្នុង​ថ្មី​នេះ​នឹង​ដាក់​កំហិត​ឲ្យ​រដ្ឋមន្ត្រី​​ទាំង​ឡាយ​ត្រូវ​ឡើង​មក​ឆ្លើយ​សំណួរ​គ្រប់​ពេល​ដែល​គណៈកម្មការ​ជំនាញ​សួរ។ ប៉ុន្តែ​ចម្លើយ​នៃ​សំណួរ​ទាំង​អស់ ត្រូវ​បាន​ដាក់​កំហិត​ឲ្យ​ឆ្លើយ​ជា​លាយលក្ខណ៍អក្សរ និង​ឆ្លើយ​ដោយ​ផ្ទាល់​មាត់​ ប៉ុន្តែ​សិទ្ធិ​សម្រេច​ថា ឲ្យ​ឆ្លើយ ឬ​មិន​ឆ្លើយ សិទ្ធិ​ជា​របស់​ប្រធាន​រដ្ឋ​សភា។

នៅ​ពេល​ដែល​ប្រធាន​រដ្ឋ​សភា​​មិន​នៅ អនុ​ប្រធាន​ទី​១​រដ្ឋ​សភា នឹង​កាន់​តួនាទី​ជា​ប្រធាន​ស្តីទី​រដ្ឋសភា។ និយាយ​ឲ្យ​ស្រួល​ស្ដាប់ បើ​លោក ហេង សំរិន មិន​នៅ​ក្នុង​ប្រទេស ឬ​មានធុរៈ​ចាំបាច់ លោក កឹម សុខា នឹង​កាន់ការ​ជា​ប្រធាន​ស្ដីទី​រដ្ឋសភា​តែម្ដង។ ហេតុនេះ​បើ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​កោះ​ហៅ លោក ហ៊ុន សែន មក​សួរ ហើយ​លោក ហ៊ុន សែន ចូល​បំភ្លឺ​មែន​នោះ លោក កឹម សុខា អាច​បង្គាប់​ឲ្យ​នាយករដ្ឋមន្ត្រី​ឆ្លើយ​សំណួរ​ផ្ទាល់​មាត់​បាន មិន​ចាំបាច់​បិទ​មេក្រូ​របស់​អ្នក​តំណាងរាស្ត្រ​ដូច​កាល​​ពី​លើក​មុន​ឡើយ។

លោក ឡៅ ម៉ុងហៃ ពន្យល់​ថា អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មាន​ពេល ៦​ខែ​ក្នុង​១​ឆ្នាំ​ក្នុង​ការ​បំពេញ​ការងារ​នៅ​ថ្នាក់​មូលដ្ឋាន។ ដូច្នេះ​ហើយ តំណាងរាស្ត្រ​ទាំង​អស់​អាច​ធ្វើ​ឲ្យ​ការិយាល័យ​អ្នក​តំណាងរាស្ត្រ​នៅ​តាម​ខេត្ត​រស់​ឡើង​វិញ​ជា​ថ្មី ខណៈ​ដែល​បច្ចុប្បន្ន​ការិយាល័យ​ទាំង​នោះ​ត្រូវ​គេ​ទុក​ឲ្យ​ស្មៅ​ដុះ​មិន​សូវ​មាន​មនុស្ស​ធ្វើការ។

លោក​បញ្ជាក់​ថា តំណាងរាស្ត្រ​ទាំង​អស់​អាច​យក​របាយការណ៍​ដែល​ខ្លួន​ប្រមូល​បាន​ជា​ដើមទុន​សម្រាប់​កោះហៅ​មន្ត្រី​ឲ្យ​បំភ្លឺ ឬ​ក៏​អាច​ចែកចាយ​របាយការណ៍​នេះ​ឲ្យ​សារព័ត៌មាន​ផ្សាយ​បន្ត​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​​ជាតិ៖ «យក​តែ​រឿង​១​ទេ ដូចជា​ទំហំ​ករណី​និង​ទំនាស់​ដីធ្លី ដូចជា​បឹងកក់ ១​អាទិត្យ បុរីកីឡា ១​អាទិត្យ ហើយ​វា​មាន​ទិន្នន័យ មាន​ព័ត៌មាន​ស្រាប់ៗ។ ពេល​ខ្លះ​រដ្ឋាភិបាល​ពិបាក​ឆ្លើយ​ណាស់។ វា​ខុស​ច្បាប់​ច្រើន​ណាស់ ដូចជា​ច្បាប់​វិនិយោគ​អ៊ីចឹង ត្រូវ​មាន​ព្រះរាជក្រឹត្យ ស្រាប់តែ​ចេញ​អនុក្រឹត្យ​គ្រប​ពី​លើ វា​យ៉ាប់​ស្មុគស្មាញ​ណាស់!»

​រដ្ឋធម្មនុញ្ញ​មាត្រា​៩៨ ចែង​ថា រដ្ឋ​សភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជរដ្ឋាភិបាល​​ពី​តំណែង​ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​សភា​ទាំង​មូល។ ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា​ដោយ​តំណាងរាស្ត្រ​​ចំនួន ៣០​នាក់ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​គ្នា​បាន។

មាត្រា​៩៨ នេះ​បាន​បើក​​ផ្លូវ​ឲ្យ​សមាជិក​សភា​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​​ដាក់​ទៅ​ក្នុង​អង្គប្រជុំ​សភា​ឲ្យ​ពិនិត្យ​និង​សម្រេច ប៉ុន្តែ​បក្ស​ប្រឆាំង​ត្រូវ​មាន​សិល្បៈ​លួងលោម​អ្នក​​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​ឲ្យ​បាន​យ៉ាង​តិច ៧​រូប​ទៀត ឲ្យ​បោះឆ្នោត​គាំទ្រ​ខ្លួន ទើប​ញត្តិ​នេះ​​អាច​អនុម័ត​ទៅ​បាន។

ទោះ​ជា​បែប​ណា​​ក្តី បក្ស​ប្រឆាំង​នឹង​ពិបាក​រក​សំឡេង​គាំទ្រ​ពី​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ណាស់ ព្រោះ​ថា បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ត្រូវ​ឲ្យ​អ្នក​តំណាងរាស្ត្រ​បោះ​​ឆ្នោត​អនុម័ត​ច្បាប់​ទាំង​ឡាយ​ដោយ​ការ​លើក​ដៃ មិន​មែន​បោះឆ្នោត​សម្ងាត់​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី ចរិយា លើក​ឡើង​ថា គណបក្ស​​សង្គ្រោះ​ជាតិ អាច​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ផ្គាប់​ចិត្ត​រាស្ត្រ ទាំង​យន្តការ​ច្បាប់​និង​នយោបាយ។ គណបក្ស​នេះ​អាច​សម្រេច​មហិច្ឆតា​កែទម្រង់​ការ​បោះឆ្នោត​តាម​រយៈ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​រឿង​បន្ទាប់​អាច​ដោះស្រាយ​បញ្ហា​កំណែ​ទម្រង់​ដីធ្លី​និង​បញ្ហា​អន្តោប្រវេសន៍​​ជាដើម។

លោក​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹង​ព្រងើយកន្តើយ​ដែរ ព្រោះ​តែ​កាលៈទេសៈ​​នយោបាយ​កំពុង​តែ​ប្រកួត​ប្រជែង៖ «កម្លាំង​នយោបាយ​អាច​ប្រកួតប្រជែង​គ្នា​ក្នុង​កម្រិត​ប្រហាក់​ប្រហែល​គ្នា។ គណបក្ស​នីមួយៗ​កំពុងតែ​រក​យុទ្ធវិធី​យ៉ាង​ម៉េច​ដើម្បី​បញ្ចេញ​ស្នាដៃ​យក​ប្រជាប្រិយភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ»

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ចំពោះ​រាស្ត្រ​ទូទាំង​ប្រទេស​ថា នឹង​យក​យន្តការ​សភា​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ជាតិ។ បញ្ហា​ទាំង​នោះ​រួម​មាន ការ​រំលោភ​បំពាន​ដីធ្លី អំពើ​ពុករលួយ អន្តោប្រវេសន៍​ខុស​ច្បាប់ ពិសេស​ជនជាតិ​វៀតណាម ជាដើម។ ចំណែក​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏​ប្រកាស​កែទម្រង់​ស៊ីជម្រៅ​ដែរ លោក​បញ្ជាក់​ថា បើ​មិន​កែទម្រង់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ស្លាប់។

បន្ទាប់​ពី​បោះឆ្នោត​ជ្រើស​តាំង​ក្បាលម៉ាស៊ីន​ថ្មី​របស់​រដ្ឋសភា​រួចរាល់ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ហើយ​គណបក្ស​ប្រឆាំង​ក៏​គ្រោង​នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​តាម​ក្រសួង​នានា​មក​បំភ្លឺ​​ក្នុង​រដ្ឋសភា​ដែរ។ រដ្ឋសភា​កម្ពុជា ក៏​ប្រែ​មុខមាត់​ពី​ទី​ដែល​អ្នក​តំណាងរាស្ត្រ​សរសើរ​នាយករដ្ឋមន្ត្រី​ដូច​ឆ្នាំ​កន្លង​ទៅ ទៅ​ជា​សមរភូមិ​ពាក្យ​សម្ដី​រវាង​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​វិញ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។