រឿងរ៉ាវជាច្រើនបានកើតឡើងផ្ទួនៗគ្នានៅស្ថានការណ៍ក្រោយការបោះឆ្នោត ក្នុងនោះរួមមាន ការចាប់ចងមនុស្សដាក់គុក និងមនុស្សមួយចំនួនបានស្លាប់ពីការទាមទារដំឡើងប្រាក់ឈ្នួល។ ការអះអាងរបស់ក្រុមអ្នកតវ៉ាទាំងនោះ ចង់បានការរស់នៅសមរម្យ គឺមិនពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ។ ប៉ុន្តែ អ្នកវិភាគស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយយល់ថា រដ្ឋាភិបាលមានសមត្ថភាពតិចតួច ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយសារតែសកម្មភាពសេដ្ឋកិច្ចកម្ពុជា ស្ទើរតែទាំងស្រុងគ្រប់គ្រងដោយនាយទុនបរទេស។
វិស័យចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជា បានរងផលប៉ះពាល់ពីស្ថានការណ៍ជាប់គាំងនយោបាយនៅកម្ពុជា ក្នុងនោះរួមមាន វិស័យកាត់ដេរ និងការហូរចូលអ្នកវិនិយោគទុនបរទេស។ ប៉ុន្តែ វិស័យដែលចូលរួមដល់សកម្មភាពសេដ្ឋកិច្ចធំមួយរបស់កម្ពុជា គឺវិស័យធនាគារ មានការអះអាងថា មិនរងឥទ្ធិពលអាក្រក់ពីបញ្ហាជាប់គាំងនយោបាយឡើយ។
ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា (Acleda Bank) លោក អ៊ិន ចាន់នី មានប្រសាសន៍ថា ការដាក់ប្រាក់បានកើនឡើងចំនួនជាង ២០០លានដុល្លារអាមេរិក នៅដើមឆ្នាំ២០១៤ នេះ រីឯការផ្ដល់ប្រាក់កម្ចីក៏មានសកម្មភាពធម្មតាដែរ៖ «ខ្ញុំគិតថា មិនមានបញ្ហាអីទេ ព្រោះឃើញប្រាក់បញ្ញើនៅធនាគារមានកំណើន។ ប្រាក់បញ្ញើ គឺងាយមានផលប៉ះពាល់ច្រើនជាងគេ ហើយនៅពេលដែលប្រាក់បញ្ញើមានកំណើន វាមានការទុកចិត្តប្រព័ន្ធធនាគារនៅក្នុងស្ថានភាពអ៊ីចឹង»។
ទោះបីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានអះអាងថា ការដក និងដាក់ប្រាក់ មានសកម្មភាពធម្មតានៅស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្នដែលកំពុងជាប់គាំងក៏ដោយ ប៉ុន្តែអ្នកសេដ្ឋកិច្ចវិញយល់ថា នយោបាយ និងសកម្មភាពសេដ្ឋកិច្ចមានទំនាក់ទំនងនឹងគ្នា ដោយគេបានលើកហេតុផលថា ភាពជាប់គាំងនយោបាយបច្ចុប្បន្នបានបង្អាក់ដល់ការវិនិយោគធំៗមួយចំនួន។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ទឹកប្រាក់វិនិយោគបរទេសសរុបប្រចាំឆ្នាំ២០១៣ មានចំនួន ១.៣០០លានដុល្លារអាមេរិក ដែលថយចុះបើធៀបនឹងឆ្នាំ២០១២។ ប៉ុន្តែ ទំហំវិនិយោគបរទេសនៅឆ្នាំ២០១៤ ត្រូវគេព្យាករថានឹងថយចុះ ដោយសារភាពតានតឹងខាងផ្នែកនយោបាយ និងការធ្វើបាតុកម្មរបស់កម្មករកាត់ដេរសម្លៀកបំពាក់។
បញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ធ្លាប់បានអះអាងថា ការវិនិយោគបរទេសនៅក្រោយស្ថានការណ៍បោះឆ្នោតបានថយចុះ មានន័យថា អ្នកវិនិយោគបទេសមួយចំនួនមានការរារែកក្នុងការបណ្ដាក់ទុនបន្ថែម ដោយសារតែភាពមិនប្រាកដប្រជាផ្នែកនយោបាយ ឬភាពជាប់គាំងនយោបាយ៖ «ព្រោះមានអ្នកវិនិយោគមួយចំនួនដែរ ក៏នៅចាំក្រៅសង្កេតមើល តើគួរមកឥឡូវនេះ ឬក៏ចាំដោះស្រាយបញ្ហានយោបាយចប់។ អ្នកខ្លះក៏គេចាំនៅខាងក្រៅ អ្នកខ្លះគេថាមិនសំខាន់ទេ គេនៅតែបន្តដាក់ទុនមកកម្ពុជា យើង ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋយើងធ្វើ»។
លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងដោះស្រាយបញ្ហាជាប់គាំងនយោបាយ និងបញ្ហាដទៃទៀត ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។
រាជរដ្ឋាភិបាលក៏ធ្លាប់បានអះអាងថា កម្ពុជា រក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់រៀងរាល់ឆ្នាំ ដែលនៅក្នុងឆ្នាំ២០១៤ នេះត្រូវគេព្យាករយ៉ាងហោចណាស់មានកំណើន ៧% ដែលបង្ហាញពីសុខុមាលភាពប្រជាពលរដ្ឋកាន់តែប្រសើរ។ កំណើននេះ នឹងអាចជួយកាត់បន្ថយអត្រាភាពក្រីក្រប្រមាណ ១% ក្នុងមួយឆ្នាំ។ ប៉ុន្តែ ចាប់តាំងពីស្ថានការណ៍ក្រោយការបោះឆ្នោត ប្រជាពលរដ្ឋបានចេញមកតវ៉ាដំឡើងប្រាក់ឈ្នួល ដើម្បីការរស់នៅសមរម្យជាបន្តបន្ទាប់ទៅវិញ។ អ្នកវិភាគសេដ្ឋកិច្ចយល់ថា រដ្ឋាភិបាលមានឥទ្ធិពលតិចតួច ដើម្បីដោះស្រាយបញ្ហានេះ ដោយសារតែអ្នកដែលមានគ្រប់គ្រងវិស័យសំខាន់ៗរបស់សេដ្ឋកិច្ចកម្ពុជា គ្រប់គ្រងដោយបរទេស។
ហេតុផលជាច្រើនដែលរកឃើញដោយក្រុមអ្នកសេដ្ឋកិច្ចមួយចំនួន បានបង្ហាញថា វិស័យដែលចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្នរួមមាន វិស័យកាត់ដេរ ដែលវិស័យនេះគ្រប់គ្រងភាគច្រើនដោយប្រទេសចិន ហុងកុង កូរ៉េខាងត្បូង និងប្រទេសតៃវ៉ាន់។ វិស័យកសិកម្មវិញ ផ្ទៃដីភាគច្រើនត្រូវបានប្រគល់ដល់ក្រុមហ៊ុន ជាពិសេសប្រទេសវៀតណាម និងប្រទេសចិន។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១៤ បានបង្ហាញថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២៥ម៉ឺនហិកតារ ដល់ក្រុមហ៊ុនវៀតណាម ចំនួន៣៤ និងចំនួន ២០ម៉ឺនហិកតារ ដល់ក្រុមហ៊ុនចិន ចំនួន ២៥ក្រុមហ៊ុន។
ទោះជាយ៉ាងណាក៏ដោយ មានវិនិយោគិនកម្ពុជា មួយចំនួនគ្រប់គ្រងភាគហ៊ុនតិចតួចដែរ ប៉ុន្តែអ្នកដែលមានភាគហ៊ុនទាំងនោះ តែងមានទំនាក់ទំនង ឬមានមុខតំណែងខ្ពស់នៅក្នុងជួររដ្ឋាភិបាល និងរដ្ឋសភា។ ធនាគារពិភពលោកប្រចាំកម្ពុជា ធ្លាប់បានបង្ហាញថា អ្នកមានអំណាចដោយរាប់តាំងពីអ្នកមានងារជាឧត្ដមសេនីយ៍ សមាជិកសភា ព្រឹទ្ធសភា និងងារជាឯកឧត្ដមគ្រប់គ្រងដីបង្កបង្កើនផលប្រមាណ ៨០% នៃផ្ទៃដីសរុប។ ហើយក្រុមអ្នកដែលមានងារទាំងអស់នេះ មានដីយ៉ាងហោចណាស់ ៥០០ហិកតារ។
បន្ថែមលើនេះ របាយការណ៍របស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានបង្ហាញថា មានជនជាតិកម្ពុជា បានសហការវិនិយោគរកស៊ីនៅក្នុងសហគ្រាសរោងចក្រកាត់ដេរកម្ពុជា ប៉ុន្តែមានទំហំតិចតួចប៉ុណ្ណោះ។ ប្រទេសចិន និងហុងកុង ជាប្រទេសដែលវិនិយោគធំជាងគេនៅក្នុងវិស័យវាយនភណ្ឌកម្ពុជា ដែលតំណាងឲ្យ ៤០% នៃទំហំវិនិយោគសរុប។ ក្រៅពីនេះ ទំហំវិនិយោគដទៃទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។ កម្ពុជា វិញគ្រប់គ្រងចំនួន ១០% ប៉ុណ្ណោះនៅក្នុងផលិតកម្មកាត់ដេរសម្លៀកបំពាក់ ដែលភាគច្រើនជាសហគ្រាសតូច និងផលិតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ។
បន្ថែមលើនេះ ស្ថាប័នស្រាវជ្រាវរបស់អង់គ្លេសឈ្មោះថា អ៊ី.អាយ.យូ (Economist Intelligent Unit) បានចេញរបាយការណ៍មួយកាលពីដើមឆ្នាំ២០១៤ ដែលមានចំណងជើងថា "ឧស្សាហកម្មកម្ពុជា ស្ថិតនៅក្នុងភាពគ្រោះថ្នាក់" បានកត់សម្គាល់ឃើញបញ្ហាជាច្រើនដែលជំរុញឲ្យកម្ពុជា មានហានិភ័យ។ បញ្ហាទាំងនោះរួមមាន ការធ្វើបាតុកម្មបានធ្វើឲ្យឧស្សាហកម្មកាត់ដេរខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ ២០០លានដុល្លារអាមេរិក និងរំពឹងថា ការធ្លាក់ចុះការបញ្ជាទិញចន្លោះពី ២០% ទៅ ៣០% នៅឆ្នាំ២០១៤ រួមទាំងបញ្ហាអាប់ឱនកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកដែលមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ឲ្យដោះស្រាយបញ្ហាទាំងអស់នេះ គឺម្ចាស់សេដ្ឋកិច្ច ជាពិសេសអ្នកវិនិយោគបរទេស ដែលបណ្ដាក់ទុនរាប់ពាន់លានដុល្លារអាមេរិក រៀងរាល់ឆ្នាំ រីឯម្ចាស់ឆ្នោតវិញ មានឥទ្ធិពលត្រឹមរយៈពេលខ្លីប៉ុណ្ណោះ គឺនៅមុនពេលបោះឆ្នោត៖ «មាននៅពេលដែលមិនទាន់ទម្លាក់សន្លឹកឆ្នោត។ នៅពេលទម្លាក់សន្លឹកឆ្នោត ទៅហើយ គឺម្នាក់យករដ្ឋធម្មនុញ្ញ យកច្បាប់មកដាក់ យកកម្លាំងមកអែប ប៉ុន្តែការដែលមិនទាន់ទម្លាក់សន្លឹកឆ្នោត អាហ្នឹងម្ចាស់ឆ្នោតមានអំណាច មានសិទ្ធិ»។
បន្ថែមលើនេះ រាជរដ្ឋាភិបាលមិនមានសមត្ថភាពដើម្បីរកប្រភពចំណូលក្នុងស្រុក ដើម្បីផលិតនាំចេញដើម្បីជំនួសការវិនិយោគបរទេសឡើយ។ ម្យ៉ាងវិញទៀត កម្ពុជា ក៏មិនអាចប្រើគោលនយោបាយរូបិយវត្ថុ ដែលជាគន្លឹះសម្រាប់រកចំណូលផ្គត់ផ្គង់ការចំណាយរបស់ខ្លួនបានដែរ ដោយសារតែការចរាចរភាគច្រើននៅក្នុងសេដ្ឋកិច្ចជាដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសេដ្ឋកិច្ចកម្ពុជា មួយចំនួន បានលើកយកបទពិសោធន៍ប្រទេសជឿនលឿនបច្ចុប្បន្ន ក៏ធ្លាប់ឆ្លងកាត់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ដោយនាយទុនបរទេសគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ចទាំងស្រុងក្នុងប្រទេសមួយនេះដែរ។ ប៉ុន្តែបញ្ហានេះ អាចកែប្រែបានតាមរូបភាពការសហការគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងរដ្ឋាភិបាល ដោយបង្កើតគោលនយោបាយឲ្យបានច្បាស់លាស់មួយ សម្រាប់លើកស្ទួយអ្នកវិនិយោគក្នុងស្រុក ដើម្បីកាត់បន្ថយជាបណ្ដើរៗឥទ្ធិពលរបស់នាយទុនបរទេស មកលើសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ យន្តការនេះ នឹងជំរុញឲ្យកម្ពុជា អាចដោះស្រាយបញ្ហាជូនម្ចាស់ឆ្នោត និងកសាងមូលដ្ឋានសេដ្ឋកិច្ចនៅក្នុងរយៈពេលមធ្យមខាងមុខ។
ស្របពេលដែលមានវិធានការនេះ កម្ពុជា ក៏ត្រូវបង្កើតច្បាប់ប្រកួតប្រជែង ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មដោយស្មើភាពគ្នា ដើម្បីកាត់បន្ថយឥទ្ធិពល ឬអំណាចរបស់អ្នកនយោបាយក្នុងការធ្វើអាជីវកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
