អ្នក​​ក្រុង​តាខ្មៅ​អះអាង​ថា​អ្នក​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ​ម្នាក់​​ជា​កង​អង្គរក្ស

ដោយ ថា កិត្យា
2015.11.25
ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ៦២០ ជន​ជាប់​ចោទ​​​វាយតំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​ចេញ​​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ (ពី​ឆ្វេង៖ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ)។
RFA/Brach Chev

ក្រុម​គ្រួសារ​ជនជាប់ចោទ​ម្នាក់​នៅ​ខេត្ត​ព្រៃវែង ដែល​សារភាព​ថា ជា​អ្នក​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា នោះ បដិសេធ​ថា មិន​សូវ​ដឹង​ឮ​អ្វី​ពី​ការងារ​លោក ម៉ៅ ហឿន ជិត ១០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​ផ្ទះ​នៅ​ភូមិ​កំណើត​ទៅ​រស់​នៅ និង​ធ្វើការ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ។ យ៉ាង​ណា​នេះ​ក្ដី ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ មួយ​ចំនួន​អះអាង​ថា លោក ម៉ៅ ហឿន គឺ​ជា​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ណោះ​ត្រូវ​បាន​គេ​ដឹក​ទៅ​ចូល​រួម​បាតុកម្ម​ទម្លាក់​លោក កឹម សុខា និង​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ។

លោក ម៉ៅ ហឿន គឺ​ជា​ជន​ដៃ​ដល់​ម្នាក់​ដែល​ចេញ​មុខ​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ថា បាន​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​អោយ​រង​បួស​ធ្ងន់​នៅ​ជាប់​របង​រដ្ឋ​សភា។

មាន​មាឌ​មាំ​ដំបង ស្ថិត​ក្នុង​វ័យ ៣៤​ឆ្នាំ លោក ម៉ៅ ហឿន មាន​ស្រុក​កំណើត​នៅ​ភូមិ​៥ ឃុំ​ព្រែកខ្សាយ”ខ”’ ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ ប្អូន​ប្រុស​បង្កើត​ជនជាប់ចោទ គឺ​លោក ម៉ៅ លីន ដែល​មាន​សាក់​រូប​នាគ​នៅ​លើ​ស្មា​ខាង​ស្ដាំ ស្លៀក​កន្សែង​អង្គុយ​ក្រោម​ផ្ទះ​ឈើ​ចាស់​តូច​មួយ បាន​រៀប​រាប់​ថា លោក ម៉ៅ ហឿន បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ និង​ធ្វើ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ ជិត ១០​ឆ្នាំ​ហើយ បន្ទាប់​ពី​ភរិយា​ស្លាប់។

លោក ម៉ៅ លីន ប្រាប់​ថា អ្នក​ផ្ទះ​ពិត​ជា​មិន​ដឹង​ថា លោក ម៉ៅ ហឿន រស់​នៅ​ភ្នំពេញ ម្ដុំ​ណា ហើយ​ធ្វើ​ការងារ​អ្វី​នោះ​ទេ ព្រោះ​គាត់​មិន​សូវ​ទាក់ទង​មក​គ្រួសារ​នៅ​ខែត្រ​ឡើយ។ សូម្បី​តែ​កូន​លោក ក៏​លោក ម៉ៅ ហឿន មិន​នឹក​ដើម​ដង្ហើម​ដល់ និង​ផ្ញើ​លុយ​ឲ្យ​ចាយ ឬ​សម្រាប់​រៀន​សូត្រ​ដែរ៖ «គាត់​ចេញ​ទៅ​ធ្វើ​ការ​រក​ស៊ី​នៅ​ភ្នំពេញ តែ​ខ្ញុំ​មិន​ដឹង​ថា គាត់​រក​ស៊ី​អី​ដែរ ព្រោះ​នៅ​តែ​ផ្ទះ​អ៊ីចឹង។ កាល​នៅ​អ្នកលឿង គាត់​ហៅ​ម៉ូយ​ឡាន»។​

ប្អូន​ប្រុស​បង្កើត​របស់​ជនជាប់ចោទ ឈ្មោះ ម៉ៅ ហឿន ឈ្មោះ លោក ម៉ៅ លីន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ឯ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៥។
ប្អូន​ប្រុស​បង្កើត​របស់​ជនជាប់ចោទ ឈ្មោះ ម៉ៅ ហឿន ឈ្មោះ លោក ម៉ៅ លីន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ឯ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Tha Kitya

ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា បង​ប្រុស​របស់​លោក​វាយ​ដំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ធ្វើ​អោយ​ក្រុម​គ្រួសារ​មាន​ការ​ភ្ញាក់ផ្អើល។ លោក ម៉ៅ លីន ថា ពេល​ដឹង​ថា ម៉ៅ ហឿន ជាប់​ពន្ធនាគារ​នោះ ពួកគាត់​ក៏​ចង់​ទៅ​ជួប​សួរ​នាំ​រឿង​នេះ​ដែរ  ប៉ុន្តែ​គ្មាន​លទ្ធភាព​ឡើយ ដោយសារ​ជីវភាព​ខ្សត់ខ្សោយ៖ «ស្មាន​មិន​ដល់ ហើយ​មិន​ដឹង​គ្មាន​ពាក្យ​និយាយ បើ​គាត់​ធ្វើ​អ៊ីចឹង​ហើយ។ បើ​នៅ​ផ្ទះ​ជាមួយ​គ្នា​រាល់​ថ្ងៃ យើង​ដឹង​ចិត្ត ហើយ​បើ​បែក​គ្នា​អ៊ីចឹង​ហើយ ខ្ញុំ​មិន​ដឹង​អី​ទេ»

ជាមួយ​គ្នា​នេះ មេ​ភូមិ និង​អ្នក​ជិត​ខាង ក៏​អះអាង​ប្រហាក់ប្រហែល​លោក ម៉ៅ លីន ដែរ​ថា កាល​ពី ១០​ឆ្នាំ​មុន គឺ​ពួកគាត់​ស្គាល់​លោក ម៉ៅ ហឿន ច្បាស់​ណាស់​ថា គាត់​ជា​មនុស្ស​ស្លូតត្រង់​ធម្មតា ប៉ុន្តែ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ពួកគាត់​មិន​ដឹង​ថា លោក ម៉ៅ ហឿន ផ្លាស់ប្ដូរ​អត្តចរិត និង​មាន​ការងារ​អ្វី​នោះ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា លោក ម៉ៅ ហឿន និង​ជន​ដៃ​ដល់ ២​នាក់​ដែល​រស់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​ចេញ​មុខ​សារភាព​អំពី​ទង្វើ​វាយ​ដំ​ទាត់​ធាក់​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អោយ​ចូល​ខ្លួន​សារភាព​ដោយ​ខ្លួន​ឯង។ សាធារណជន​ទាមទារ​អោយ​សមត្ថកិច្ច​បញ្ជាក់​ជន​ជាប់​ចោទ​ទាំង​នោះ ថា​ជា​អ្នក​ណា​ពិត​ប្រាកដ។

បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​តួនាទី ឬ​ការងារ​របស់​ជនជាប់ចោទ​ទាំង ៣​នាក់​នោះ​ឡើយ ព្រោះ​លោក​មិន​ចាប់​អារម្មណ៍​ពី​រឿង​នេះ៖ «ចំពោះ​អ្វី​ដែល​ប្រកាស​តាម​ក្រសួង​មហាផ្ទៃ ក្មួយ​យក​ប៉ុណ្ណឹង​ទៅ»

មាន​មតិ​ជា​ច្រើន​ដាក់​ការ​សង្ស័យ​ថា ការ​ចេញ​មុខ​សារភាព​របស់​ជន​ដៃដល់​ទាំង​បី​នាក់​នោះ គឺ​មាន​អ្នក​រៀបចំ ព្រោះ​ថា ពួកគេ​បាន​ចេញ​មុខ​មក​សារភាព​ក្នុង​ពេល​តែមួយ ខណៈ​ពួកគេ​មាន​ទីលំនៅ​ឆ្ងាយ​ពី​គ្នា និង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​ដៃដល់។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ឯម សំអាន ដែល​ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មការ​ស៊ើប​អង្កេត​ករណី​ប្រើ​អំពើ​ហិង្សា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​នៅ​ក្រៅ​ប្រទេស។

បើ​ទោះ​បី​ជា សមត្ថកិច្ច​មិន​បញ្ជាក់​លម្អិត​ពី​ជន​ជាប់​ចោទ​ទាំង​នោះ​ក្តី ប៉ុន្តែ​អ្នក​រត់​ម៉ូត​ឌុប អ្នក​លក់​ដូរ និង​ពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ មួយ​ចំនួន​អះអាង​ថា ពួកគាត់​ស្គាល់​អ្នក​ទាំង​៣​នោះ​ច្បាស់​ណាស់ ជា​ពិសេស​លោក ម៉ៅ ហឿន គឺ​ជា​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​បន្ទាយ​អង្គរក្ស​ក្រុង​តាខ្មៅ។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា គាត់​តែងតែ​ឃើញ ម៉ៅ ហឿន ពាក់​ឯកសណ្ឋាន​ជា​កង​អង្គរក្ស​ជា​ញឹកញយ។ លុះ​ពេល​កើត​ហេតុ ហើយ​គេ​បង្ហោះ​តាម​ហ្វេសប៊ុក ទើប​ពួកគាត់​មាន​ការ​ភ្ញាក់​ផ្អើល៖ «ឧស្សាហ៍​ចេញ​ចូល​នៅ​បន្ទាយ​អង្គរក្ស និង​មក​តាខ្មៅ​អី​ហ្នឹង ស្លៀកពាក់​ខោអាវ​អង្គរក្ស​ពណ៌​អាចម៍​សេះ។ មុន​មាន​រឿង​យើង​មិន​ស្គាល់​អី ប៉ុន្តែ​ពេល​មាន​រឿង​រ៉ាវ ទើប​គេ​ដឹង អូ! អា​មួយ​ហ្នឹង​ហើយ»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ប្រាប់​ថា លោក​មិន​ប្រាកដ​ថា ជនជាប់ចោទ​ទាំង​នោះ​នៅ​ក្នុង​បន្ទាយ​ណា​ទេ ប៉ុន្តែ​ច្បាស់​ថា លោក ម៉ៅ ហឿន គឺ​ជា​អង្គរក្ស ដោយសារ​ធ្លាប់​ឃើញ​ជិះ​ម៉ូតូ​ពាក់​អាវ​អង្គរក្ស៖ «ភាគ​ច្រើន​យើង​ស្គាល់​ថា ជា​អង្គរក្ស​អ៊ីចឹង​តែម្ដង ព្រោះ​ប្រជា​ការពារ​ភូមិ​ដែល​គេ​ដឹក​យក​ទៅ​បាតុកម្ម​កាល​ណោះ ក្នុង​មួយ​ភូមិ ៣​នាក់ ប្រាប់​ខ្ញុំ​អ៊ីចឹង​ដែរ។ គេ​ស្គាល់​តែ​អ្នក​ខ្លះ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​គេ​ការពារ​សុវត្ថិភាព»

ផ្ទះ​គ្រួសារ​ជន​ជាប់​ចោទ​ឈ្មោះ ម៉ៅ ហឿន នៅ​ភូមិ​៥ ឃុំ​ព្រែកខ្សាយ”ខ”’ ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​១0 ខែ​វិច្ឆិកា ឆ្នាំ​២០១៥
ផ្ទះ​គ្រួសារ​ជន​ជាប់​ចោទ​ឈ្មោះ ម៉ៅ ហឿន នៅ​ភូមិ​៥ ឃុំ​ព្រែកខ្សាយ”ខ”’ ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​១0 ខែ​វិច្ឆិកា ឆ្នាំ​២០១៥
RFA/Tha Kitya

 

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ព្រះរាជអាជ្ញា​រង មាស ច័ន្ទពិសិដ្ឋ ដែល​កាន់​សំណុំ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​រងគ្រោះ គឺ​លោក ញ៉យ ចំរើន អះអាង​ថា អ្នក​ប្រើ​ហិង្សា​លើ​លោក​យ៉ាង​កម្រោល​នោះ គឺ​ជា​កង​អង្គរក្ស ពោល​គឺ​មិន​មែន​ជា​ប្រជាពលរដ្ឋ​ធម្មតា​ឡើយ៖ «ខ្ញុំ​ជឿ​ថា ជា​ប៉ូលិស ទាហាន ជា​អាជ្ញាធរ ព្រោះ​តាម​ធម្មតា ប្រសិន​បើ​ជា​បាតុករ​សាមញ្ញ ភាគ​ច្រើន​មាន​មក​ប្រុស​ស្រី ក្មេង​ចាស់ តូច​ធំ ប៉ុន្តែ​អ្នក​ដែល​វាយ​ខ្ញុំ គឺ​សុទ្ធតែ​ប្រុស​ស្រាង កម្លាំង​ពេញ​ដៃ​តែម្ដង»

រូបភាព​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ច្បាស់​ថា ក្រុម​អ្នក​ប្រើ​ហិង្សា​ដែល​អូស​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​ទម្លាក់​ពី​លើ​រថយន្ត ហើយ​វាយ​ធ្វើ​បាប​នោះ ភាគ​ច្រើន​មាន​កន្សែង ឬ​ក្រមា​រុំ​ចង្កេះ ខ្លះ​រុំ​មុខ គឺ​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​ភិន​ភាគ​រៀបរាប់​ដោយ​សាក្សី​អ្នក​បើក​ឡាន​ដឹក​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ពី​បន្ទាយ​នៅ​ខេត្ត​កណ្ដាល។

ម្ចាស់​ឡាន​ឈ្នួល​ទាំង​នោះ​លើក​ឡើង​ថា កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ទាំង​នោះ ស្លៀកពាក់​ស៊ីវិល​បន្លំ​ខ្លួន​ជា​ប្រជាពលរដ្ឋ​ធម្មតា ដែល​ពួកគាត់​ដឹក​ចេញ​ពី​បន្ទាយ​ឈ្មោះ​ថា "បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន" ឬ​ហៅ​ថា "បន្ទាយ​ពោង​លឿង"  ស្ថិត​ក្នុង​ភូមិ​ព្រែកសំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មក​បាតុកម្ម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រាប់​ពាន់​នាក់​ទៀត៖ «ដឹក​ពី​បន្ទាយ​ពោង​លឿង ទាំង​អស់ សុទ្ធតែ​ទាហាន​ទាំង​អស់...។ ប្រុសៗ ក្មេង អាយុ ៣០​ចុះ។ អ្នក​ជិះ​ក្នុង​ឡាន​គេ​មិន​និយាយ​ជាមួយ​យើង​ទេ គេ​ទាក់ទង​តែ​គ្នា​ទេ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា រឿង​នេះ​ប្រសិនបើ​អាជ្ញាធរ និង​តុលាការ​ចង់​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ថា មិន​បាន​ជួយ​លាក់បាំង​ជនល្មើស និង​មិន​ឋិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​បក្ស​ណា​មួយ​នោះ អាជ្ញាធរ​ត្រូវ​តែ​វែក​មុខ​នាំ​ជនល្មើស​បន្ថែម​ទៀត ព្រោះ​ជនជាប់ចោទ​ទាំង​៣​នោះ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រហែល​ជាង ២០​នាក់​នៅ​កន្លែង​បាតុកម្ម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​សមាជិកសភា​មក​ពី​បក្ស​ប្រឆាំង។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​បាតុករ​តាម​រយៈ​មេធាវី​របស់​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ព្រមទាំង​ទាមទារ​សំណង​ជា​ទឹកប្រាក់​ម្នាក់ៗ​ចំនួន ១០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។