កម្មកររោងចក្រកាត់ដេរ ហ្គេ្រដ អរន័រ (Great Honor) ដែលមានទីតាំងស្ថិតនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី២៣ កក្កដា បានប្រតិកម្មចំពោះម្ចាស់រោងចក្រ ដែលបានអនុញ្ញាតឲ្យមានការឃោសនាពីសំណាក់បក្សនយោបាយ ដោយបានលើកឡើងថា ទង្វើនេះខុសពីសេចក្តីប្រកាសរបស់រោងចក្រ ដែលហាមមិនឲ្យមានការឃោសនាពីសំណាក់គណបក្សនយោបាយណាមួយអាចធ្វើការឃោសនាបាននៅក្នុងរោងចក្រ។
ប្រតិកម្មនេះ កើតមានឡើងបន្ទាប់ពីម្ចាស់រោងចក្រនេះ បានអនុញ្ញាតឲ្យសកម្មជនគណបក្សប្រជាជនកម្ពុជា ចូលឃោសនានៅក្នុងរោងចក្រ ដោយបានប្រាប់កម្មករទាំងអស់ថា មានការជួបសំណេះសំណាលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កញ្ញា នី កម្មការិនីរោងចក្រកាត់ដេរ ហ្គ្រេដ អរន័រ ថ្លែងថា ម្ចាស់រោងចក្របានចេញសេចក្តីប្រកាសហាមមិនឲ្យមានការឃោសនាទាក់ទងនឹងបក្សនយោបាយគ្រប់រូបភាព នៅក្នុងបរិវេណរោងចក្រឡើយ។ កញ្ញាបន្តថា ម្ចាស់រោងចក្របែរជារំលោភលើសេចក្តីប្រកាសរបស់ខ្លួន ដោយបានអនុញ្ញាតឲ្យគណបក្សនយោបាយធ្វើការឃោសនានៅក្នុងបរិវេណរោងចក្រទៅវិញ។
កញ្ញា នី៖ «ខ្ញុំគ្រាន់តែឆ្ងល់ថា ប៉ុន្មានថ្ងៃមុនមក បន្ទាប់ពីការឃោសនារបស់របស់បក្សមួយ តែងតែដើរឃោសនាមិនអ៊ីចឹង។ ដល់ពេលរួចពីហ្នឹងមក ខាងក្រុមហ៊ុនកន្លែងដែលខ្ញុំធ្វើការ គាត់ដាក់សេចក្តីមួយថា មិនថាបក្សណាក៏ដោយ មិនឲ្យមានការពាក់មួក មិនឲ្យមានការពាក់អាវដែលមានការដាក់ផ្លាកសញ្ញាសម្គាល់បក្សផ្សេងៗអ៊ីចឹងទៅណាស់ អត់ឲ្យចូលក្នុងកន្លែងធ្វើការទេ។ រួចទាល់តែមកថ្ងៃនេះ បន្ទាប់ពីមកដល់ថ្ងៃឈប់សម្រាក ខ្វះតែប៉ុន្មានថ្ងៃទៀតដែលត្រូវដែលកម្មករឈប់សម្រាក បែរជាមានបក្សមួយដែលមានតាំងពីឡានតាំងអីមកឃោសនាមកអីដល់កន្លែងកម្មករធ្វើការ។ សួរថា តើហ្នឹងយុត្តិធម៌អត់? និយាយរួមទៅ តាំងពីមុនឡើយ ចង់និយាយថាមានបិទសិទ្ធិសេរីភាពសម្រាប់កម្មករ។ ជាសិទ្ធិសេរីរបស់គេ ទោះគេស្រឡាញ់អ្នកណា គេមិនស្រឡាញ់អ្នកណា ខាងណាៗ ជាសិទ្ធិរបស់កម្មករ ជាសិទ្ធិរបស់ប្រជាជន របស់ប្រជាពលរដ្ឋ មិនអ៊ីចឹងទេបង? ចា៎! ហើយទាល់តែដល់ពេលគាត់ធ្វើអ៊ីចឹង សួរថា តើយុត្តិធម៌ដូចអ្វីដែលគាត់និយាយអត់?»។
កម្មការិនីម្នាក់ទៀត កញ្ញា សៀង ឲ្យដឹងថា មុនពេលការឃោសនាចាប់ផ្ដើម ប្រធានក្រុមបានប្រាប់កូនក្រុមទាំងអស់ថា មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចង់ចុះមកសំណេះសំណាលជាមួយក្រុមកម្មករ តែការពិត ពួកគេជាសកម្មជនគណបក្សប្រជាជនកម្ពុជា ក្នុងឯកសណ្ឋានបក្សចុះមកដើម្បីធ្វើការឃោសនាអំពីបក្សរបស់ខ្លួន។
កញ្ញា សៀង៖ «នៅមុនម៉ោងប្រាំបី ប្រធានក្រុមដើរប្រាប់ថា មានឯកឧត្តមណាមកទេ ខ្ញុំក៏អត់បានសួរដេញដោលដែរ។ ហើយក៏ខ្ញុំធ្វើការធម្មតា ថារៀបចំកន្លែងហើយហ្នឹង គាត់នឹងមកជួបសំណេះសំណាលជាមួយយើង។ ហើយក៏ខ្ញុំអត់បានសួរទៀតទៅ។ ប្រហែលជាម៉ោងប្រាំបួន ចូលហាសិប បានកម្មករបិទភ្លើង ហើយនឹងប្រមូលបុង ដើម្បីឲ្យប្រធានវៃ ហើយឲ្យកម្មករចេញមកក្រៅ។ ពេលអ៊ីចឹងទៅ ពួកខ្ញុំក៏ចេញមកក្រៅ ឃើញមានឡានមកប្រហែលជាបួនប្រាំ។ ហើយក៏កម្មករក៏គាត់អត់រវល់ អត់ខ្វល់ដែរ ព្រោះគាត់ឃើញមានពាក់ស្លាកសញ្ញាប្រជាជន ក៏គាត់នាំគ្នាសម្រុកចេញ។ ដល់ពេលអ៊ីចឹង គាត់ថា គាត់គឺជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តែមិនមែនទេ នេះគឺជាការឃោសនាមួយដែលថាជាការលាក់»។
ប្រធានសហជីពនៅក្នុងរោងចក្រ ហ្គ្រេដ អរន័រ លោក អ៊ិន សុខរិទ្ធិ មានប្រសាសន៍ថា លោកបានទទួលលិខិតប្រកាសរបស់ក្រុមហ៊ុនដែលដាក់បម្រាមពីការឃោសនារបស់បក្សនយោបាយនៅក្នុងរោងចក្រ តែម្ចាស់រោងចក្របែរជាអនុញ្ញាតឲ្យធ្វើការឃោសនាទៅវិញ៖ «បាទ! បាទ! សូម្បីតែក្រុមហ៊ុនក៏លិខិតមួយដែរ។ កម្មករទាំងអស់ហាមពាក់មួក ឬក៏អាវ ឬក៏ស្លាកសញ្ញាគណបក្សនយោបាយណាមួយចូលក្នុងរោងចក្រ។ ហើយលិខិតហ្នឹងមានវៃត្រាច្បាស់លាស់ ដាក់ការិយាល័យរដ្ឋបាល ហើយចែកមកខ្ញុំទៀត។ ហើយដល់នៅពេញថ្ងៃហ្នឹង បែរជាមានគណបក្សមួយដូចជាគណបក្សកាន់ហ្នឹងចូលឃោសនាអំណាចចូលឃោសនាក្នុងរោងចក្រហ្នឹង»។
ទាក់ទងនឹងប្រតិកម្មរបស់កម្មករនេះដែរ ប្រធានរដ្ឋបាលរោងចក្រ ហ្គេ្រដ អរន័រ លោក ចេង សុខា និយាយថា លោកមិនមានអ្វីបកស្រាយច្រើនទេ ព្រោះនេះជាសិទ្ធិរបស់ក្រុមហ៊ុន។
ចំណែកឯ កញ្ញា សៀង ក៏បានសំណូមពរដល់រោងចក្រសុំឲ្យមានការគោរពនូវសេចក្តីប្រកាសរបស់ខ្លួន នៅពេលណាដែលមានការដាក់បទបញ្ជាណាមួយដល់កម្មករ៖ «ចា៎! ចង់ឲ្យគាត់និយាយអីឲ្យគាត់គោរពសន្យា។ អ្វីដែលបទបញ្ជាផ្ទៃក្នុងចេញមកឃាត់ឃាំងមិនឲ្យកម្មករហ៊ោ វាខុសនឹងច្បាប់ការងារមែន។ នៅកន្លែងការងារ វាមិនត្រូវទេ ក៏ប៉ុន្តែ នៅពេលដែលគាត់នេះអ៊ីចឹងទៅ កម្មករដូចជាបាក់ទឹកចិត្តហាស់! បាក់ទឹកចិត្តលើក្រុមហ៊ុន ដូចថា ហ៊ឹ! បទបញ្ជាផ្ទៃក្នុងពេញមាត់ហើយ បែរជារំលោភទាំងកំរោលហាស់»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ (C-CAWDU) លោក អាត់ ធន់ ពន្យល់ថា នៅក្នុងច្បាប់ការងារ បានហាមមិនឲ្យគណបក្សនយោបាយឃោសនានៅក្នុងរោងចក្រ ហើយនេះជាកំហុសឆ្គងរបស់ម្ចាស់រោងចក្រ។ លោកអំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ថា បើសិនជាអនុញ្ញាតឲ្យមានការឃោសនាពីបក្សនយោបាយ ម្ចាស់រោងចក្រគួរតែអនុញ្ញាតឲ្យមានការឃោសនាពីគ្រប់ភាគីគណបក្សនយោបាយទាំងអស់ ហើយមិនត្រូវបង្ខិតបង្ខំកម្មករក្នុងការគាំទ្រគណបក្សដែលគេពេញចិត្តឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
