ក្រុមការងារចំពោះកិច្ចនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលគ្រោងជួបពិភាក្សាផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព បានលើកពេលជួបគ្នានៅរសៀលថ្ងៃទី១៣ ទៅរសៀលថ្ងៃទី១៤ ខែមករា វិញ។ សេចក្ដីជូនដំណឹងរបស់រដ្ឋសភា នៅរសៀលថ្ងៃទី១៣ ខែមករា មិនបានបញ្ជាក់ពីមូលហេតុនៃការលើកពេលនេះទេ។
ដោយឡែកប្រធានក្រុមការងារចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យដឹងថា ការលើកពេលនេះ ព្រោះការប្រជុំសភាអូសបន្លាយពេលយូរ ទើបក្រុមការងារនៃគណបក្សទាំងពីរគ្មានពេលជួបគ្នា។
ក្រុមការងារចំពោះកិច្ចដែលត្រូវបានបង្កើតឡើងបន្ទាប់ពីជំនួបផ្នែកនយោបាយនៃគណបក្សទាំង២ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីផ្ដល់យោបល់បន្ថែមលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមុននឹងដាក់ទៅរដ្ឋសភាដើម្បីអនុម័ត។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ត្រូវបានរដ្ឋាភិបាលរៀបចំឡើងតាំងពីឆ្នាំ២០០៨ ដែលមាន ១៧ជំពូក និង ១០០មាត្រា មានវិសាលភាពគ្របដណ្ដប់លើសហគ្រាសគ្រឹះស្ថាន និងជនទាំងឡាយណាដែលស្ថិតនៅក្នុងសហគ្រាស ឬគ្រឹះស្ថានក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។ សេចក្ដីព្រាងច្បាប់នេះ រងការរិះគន់ថា មានលក្ខណៈគាបសង្កត់ដល់សិទ្ធិសេរីភាពរបស់កម្មករ និងសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
