លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន

ដោយ ជុន ច័ន្ទបុត្រ
2016-02-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) [រូប​ទី​៧ ពី​ឆ្វេង] ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន នៅ​​ទីក្រុង រ៉េនឆូ ម៉ារ៉ាហ្ស  (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) [រូប​ទី​៧ ពី​ឆ្វេង] ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន នៅ​​ទីក្រុង រ៉េនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
AFP

កិច្ចប្រជុំ​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និង​លោក​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក នៅ​ក្រុង រ៉េនឆូ ម៉ារ៉ាហ្ស  (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បាន​ឈាន​ចូល​ថ្ងៃ​ទី​២ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ។

បន្ទាប់​ពី​ជជែក​គ្នា​អំពី​កិច្ច​បន្ទាប់​ពី​ជជែក​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​អំពី​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កុម្ភៈ នៅ​ថ្ងៃ​ទី​២ នេះ ក្រុម​មេដឹកនាំ​ទាំង​នេះ​នឹង​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ និង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​នេះ គេ​រំពឹង​ថា នឹង​មាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន រួម​មួយ​ផង។

​ដូច​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ (ម៉ោង​សហរដ្ឋអាមេរិក) កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក ងាក​ទៅ​ពិភាក្សា​គ្នា​លើ​ចំណុច​ក្តៅៗ​ក្នុង​តំបន់ ជាពិសេស​គឺ​រឿង​ជម្លោះ​ដណ្ដើម​កាន់​កាប់​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និង​ម៉ាឡេស៊ី ជាមួយនឹង​ប្រទស​ចិន។

​បញ្ហា​ជំលោះ​ដែន​ទឹក​សមុទ្រ​ចិន​ខាងត្បូង អាច​នឹង​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ទោះបីជា​មាន​ការ​លូក​ដៃ​ពី​សហរដ្ឋអាមេរិក ក៏​ដោយ។ ​ប៉ុន្តែ​អ្វី​ដែល​អាច​នឹង​ចេញ​បាន​នោះ គឺ​សេចក្ដី​ប្រកាស​រួម​មួយ​ដែល​ទទួល​យល់​ព្រម​ពី​គ្រប់​ភាគី​ទាំង​អស់​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ។

​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​ទី​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កុម្ភៈ អ្នកស្រី ស៊ូសាន រាយស៍  (Susan Rice) ដែល​ជា​ទីប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​កាសែត​ដែល​ចោទ​សួរ​ថា តើ​សេចក្ដី​ប្រកាស​រួម​មួយ​ទាក់ទង​នឹង​ជំលោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង អាច​នឹង​ចេញ​រួច​ទេ ខណៈ​ដែល​ប្រទេស​ចិន បាន​ដាក់​គំនាប​ទៅ​លើ​ប្រទេស​ពីរ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ គឺ​ប្រទេស​ឡាវ និង​កម្ពុជា កុំ​អោយ​ចុះ​ហត្ថលេខា​ទទួល​យក​សេចក្ដី​ប្រកាស​រួម​នោះ?

អ្នកស្រី ស៊ូសាន រាយស៍  ថ្លែង​ថា សេចក្ដី​ប្រកាស​រួម​នៅ​តែ​អាច​ចេញ​ទៅ​រួច ត្បិត​សេចក្ដី​ប្រកាស​ស្រដៀង​គ្នា​នេះ ធ្លាប់​បាន​ទទួល​ការ​ព្រមព្រៀង និង​ចេញ​រួច​នៅ​ក្នុង​កិច្ច​ប្រជុំ​កន្លង​មក ហើយ​ថា សេចក្ដី​ប្រកាស​នឹង​លើក​ឡើង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​មួយ​ក្នុង​ការ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​ទំនាស់​សេរីភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ទឹក។ អ្នកស្រី​បញ្ជាក់​ថា អ្វីៗ​នឹង​ធ្វើ​ឡើង​អោយ​ស្រប​តាម​ផ្លូវ​ច្បាប់។

ក្រៅ​ពី​ការ​ជជែក​គ្នា​រក​ដំណោះស្រាយ​ពី​ជម្លោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ប្រធានាធិបតី អូបាម៉ា ក៏​ឆ្លៀត​ឱកាស​នៃ​កិច្ច​ប្រជុំ​នេះ បញ្ចុះបញ្ចូល​គេ​ឯង​អោយ​ព្រម​ទទួល​យក​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ប្រធានាធិបតី អូបាម៉ា តែម្តង។ នោះ​គឺ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ប៉ាស៊ីហ្វិក ជា​ភាសា​អង់គ្លេស​ថា Trans-Pacific Partnership ឬ​ហៅ​កាត់​ថា TPP។ មក​ទល់​នឹង​ពេល​នេះ មាន​ប្រទេស​ចំនួន​១២ ហើយ​ដែល​ជាប់​នឹង​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​បាន​យល់​ព្រម​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។ ក្នុង​នោះ​មាន​ប្រទេស​បួន ជា​ប្រទេស​សមាជិក​នៃ​សមាគម​អាស៊ាន។

ប្រទេស​ទាំង​១២ នោះ​មាន​អូស្ត្រាលី (Australia) សហរដ្ឋអាមេរិក ដែល​ជា​អ្នក​ផ្តួចផ្តើម (The United States) ប្រទេស​ប្រ៊ុយណេ (Brunei) ប្រទេស​កាណាដា (Canada) ប្រទេស​ឈីលី (Chile) ប្រទេស​ជប៉ុន (Japan) ម៉ាឡេស៊ី (Malaysia) ប្រទេស​ម៉ិកស៊ិក (Mexico) ប្រទេស​ណូវែលហ្សេឡង់ (New Zealand) ប្រទេស​ប៉េរូ (Peru) ប្រទេស​សិង្ហបុរី (Singapore) និង​ប្រទេស​វៀតណាម (Vietnam)។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កិច្ច​ព្រមព្រៀង TPP មាន​ការ​ជំទាស់​ពី​ប្រទេស និង​មនុស្ស​មួយ​ចំនួន រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ដែល​មាន​តែ​ប្រទេស​ជា​សមាជិក​អាស៊ាន ៤ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​នេះ វា​អាច​នឹង​ធ្វើ​អោយ​មាន​ការ​បែង​ចែក​មួយ​ក្នុង​សមាគម​នេះ។

នៅ​ពី​ក្រៅ​បរិវេណ​នៃ​កិច្ចប្រជុំ​កំពូល​នៅ​មជ្ឈមណ្ឌល និង​ឧទ្យាន​សាន់នីឡែនដ៍ នៃ​ក្រុង រ៉េនឆូ ម៉ារ៉ាហ្ស នេះ​ដែរ មាន​មនុស្ស​រាប់​រយ​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ។ អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ ព្រោះ​គេ​ជឿ​ថា ជនជាតិ​អាមេរិកាំង រាប់​ពាន់​នាក់​អាច​នឹង​បាត់បង់​ការងារ ប្រសិនបើ​កិច្ច​ព្រមព្រៀង​អាច​នឹង​លេចចេញ​ជា​រូបរាង​បាន​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា សង្ឃឹម​ថា កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ចេញ​រួច។ លោក​ក៏​ទទួល​ស្គាល់​ថា ដំណើរ​ការ​ដាក់​ចេញ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ជួប​ប្រទះ​នូវ​ឧបសគ្គ​ច្រើន។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កុម្ភៈ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​ដល់​មេដឹកនាំ​អាស៊ាន ទាំង​អស់​ម្នាក់​ម្តងៗ តាម​លំដាប់​នៃ​ពេល​វេលា​នៃ​ការ​ឡើង​កាន់​អំណាច​នៃ​មេដឹកនាំ​ទាំង​នោះ។ អ្នក​ដែល​ទើប​ឡើង​កាន់​អំណាច​ក្រោយ​គេ​បំផុត ត្រូវ​លោក​ទទួល​ស្វាគមន៍​មុន​គេ។

លោក អូបាម៉ា ចេញ​ពី​មក​ទទួលភ្ញៀវ​ដែល​ចុះ​ពី​រថយន្ត​កិត្តិយស ហើយ​ធ្វើ​ដំណើរ​ទៅ​ជួប​គ្នា​ពាក់​កណ្ដាល​ទី​លើ​កំណាត់​ផ្លូវ​ពី​រថយន្ត​ទៅ​កាន់​សាល​ប្រជុំ​ដែល​មាន​ក្រាល​ព្រំ​ក្រហម​ផង។ រួច​មេដឹកនាំ​ទាំង​ពីរ​ឈប់​នៅ​ពី​មុខ​វេទិកា​កិត្តិយស​មួយ ដោយ​មាន​សរសេរ​អក្សរ​ថា សន្និសីទ​កំពូល​អាមេរិក-​អាស៊ាន។ នៅ​ទី​នេះ លោក​ប្រធានាធិបតី​អាមេរិក បន្ទាប់​ពី​ចាប់​ដៃ​គ្នា​ហើយ លោក​ក៏​យក​ដៃ​ម្ខាង​កៀក​យ៉ាង​ស្និទ្ធស្នាល​ទៅ​កាន់​សម​ភាគី​របស់​លោក ហើយ​ដៃ​ម្ខាង​ទៀត​លោក​លើក​ឡើង​ត្រឹម​ម្តុំ​ត្រចៀក​រួច​បែរ​សម្លឹង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន ដែល​តម្រង់​ម៉ាស៊ីន​ថត​របស់​ខ្លួន​ផ្តិត​យក​រូប​ភាព​ជា​ប្រវត្តិសាស្ត្រ​នេះ។ បន្ទាប់​មក​លោក​ក៏​បណ្ដើរ​ភ្ញៀវ​ម្នាក់​ម្ដង​តម្រង់​ចូល​ទៅ​សាល​ប្រជុំ។

លោក​ធ្វើ​បដិសណ្ឋារកិច្ច​បែប​នេះ ទៅ​កាន់​មេដឹកនាំ​អាស៊ាន ទាំង ៩​រូប លើកលែងតែ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ប៉ុណ្ណោះ។ ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អូបាម៉ា មិន​បាន​យក​ដៃ​ម្ខាង​ទៅ​កៀក​នឹង​លោក ហ៊ុន សែន ហើយ​ដៃ​ម្ខាង​ទៀត​លើក​ឡើង​លើ​ទេ លោក​គ្រាន់​តែ​ចាប់​រលាក់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​ឈរ​ទន្ទឹម​គ្នា អោយ​គេ​ថត ហើយ​បណ្ដើរ​គ្នា​ចូល​សាល​ប្រជុំ​តែប៉ុណ្ណោះ។ កាយវិការ​របស់​លោក​ប្រធានាធិបតី អូបាម៉ា ក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្លែក​ពី​គេ​ឯង​នេះ បាន​ក្លាយ​ជា​ប្រធានបទ​ជជែក​គ្នា​មួយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃើញ​រូបភាព​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (12)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លោក អូ បាម៉ា អន់ ធ្វើមិនបាន ត្រង់ចំណុច ( ល្អ អោយទៅ អាក្រក់ អាក្រក់អោយទៅ ល្អ , តាចាស់ ហ៊ុន សែន ធ្វើបាន !)

Feb 18, 2016 01:35 AM

ViBi Black

RFA ថាលោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​ដល់​មេដឹកនាំ​អាស៊ាន ទាំង​អស់​ម្នាក់​ម្តងៗ តាម​លំដាប់​នៃ​ពេល​វេលា​នៃ​ការ​ឡើង​កាន់​អំណាច​នៃ​មេដឹកនាំ​ទាំង​នោះ។​ ចុះហេតុអីបានជាប្រធានាធិបតីឥណ្ឌូណេស៊ីទើបតែឡើងកាន់អំណាចសោះ លោកអូបាម៉ាទទួលក្រោយសម្តេចហ៊ុន សែន? ឯចំនុចទាក់ទងនឹងការលើកដៃរបស់លោកអូបាម៉ា បើមើលកាយវិការគាត់គឺហាក់ដូចជាnervousពេលចាប់ដៃជាមួយសម្តេច រហូតភ្លេចលើកដៃ។ RFA ចេះតែវិភាគខុសពីការពិត និងក្នុងន័យបន្តុះបង្អាប់អ្នកដែលខ្លួនស្អប់។ សុំធ្វើការកែលំអចំណុចនេះឲ្យសមជាអង្គការសារពត័មានដែលមានក្រមសីលធម៌ និងប្រកាន់ខ្ជាប់នូវការពិតដូចគោលការណ៍ខាងលើផង។ សង្ឃឹមថាពួកលោកនឹងបញ្ចូលមតិនេះ​និងឆ្លើយបំភ្លឺ។

Feb 17, 2016 11:56 AM

អ្នក​អាន​អនាមិក

លោក អូ បាម៉ា ខ្លាច សមត្ថភាព ហ៊ុន សែន អនុវត្តន៍ច្បាប់ឆ្កួត ស្តង់ដា 2 កើត . លោក អូ បាម៉ា ធ្វើមិនដូច គាត់ខ្លាចប្រជាពលរដ្ឋអាមេរិក ថ្កោលទោសខ្មាស់គេ !

Feb 17, 2016 09:37 AM

អ្នក​អាន​អនាមិក

ឱអាស៊ីសេរីអ្ហើយ អោយទៅយកពត៌មានស្តីពីកិច្ចប្រជុំ បែរជាមកមើលការធ្វើដំណើររបស់មេដឹកនាំទៅវិញ ឥតប្រយោជន៍ជួលអស់ទាំងលុយៗ

Feb 17, 2016 03:53 AM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

មកពីអូបាម៉ាមិនមានសមត្ថភាពដឹកនាំបានជោគជ័យដូចសម្តេច

Feb 17, 2016 03:51 AM

អ្នក​អាន​អនាមិក

YEAH ! Under Hun Sen regime, even trash is valuable. Please read under the right side of your screen "THE TRASH DUMP SITE IN CHEUN AEK IS THE GOLDEN TREASURE FOR...".

Feb 17, 2016 10:21 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល