ពលរដ្ឋ​​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គ្រោង​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ដោយ មួង ណារ៉េត
2017.10.18
បាតុកម្ម ២៣ តុលា ២០១៤ ៦២២ ប្រជាពលរដ្ឋ សិស្ស និស្សិត និង​ព្រះសង្ឃ ប្រមាណ ១​ពាន់​នាក់​និង​អង្គ បាន​ប្រមូល​ផ្ដុំ​គ្នា​ដង្ហែ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថាប័ន​រដ្ឋ និង​បណ្ដា​ស្ថានទូត​មួយ​ចំនួន​នៅ​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រមព្រៀង​នេះ។
RFA

នៅ​ពេល​ដែល​ខួប​ទី២៦ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​ចូល​មកដល់​នៅ​ថ្ងៃទី២៣ ខែ តុលា ខាងមុខ​នេះ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ឯ​នាយ​សមុទ្រ មាន​ដូចជា​នៅ​ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា និង​អាមេរិក​ជាដើម កំពុង​រៀបចំ​ធ្វើ​មហា​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ឲ្យ​បាន​ពេញលេញ។

ផ្ដើម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា កន្លង​ទៅ​នេះ ពួកគាត់​បាន​ដាក់​ញត្តិ​រួច​ទៅ​ហើយ ទៅ​ខាង​តំណាង​ប្រទេស​ជប៉ុន។ លោក ហៃ វណ្ណា បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ថា លោក​គ្រោង​ប្រមូល​មនុស្ស​មិន​តិច​ជាង ២​ពាន់​នាក់ ដើម្បី​ធ្វើ​មហា​បាតុកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ដែល​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ៖ «ពួក​យើង មិន​ចង់​ឲ្យ​មាន​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ដដែលៗ ពី​ប្រទេស​មហាអំណាច​នោះ​ទេ។ ពួក​យើង​ចង់​ឲ្យ​ចេញ​គាត់​ចេញ​សកម្មភាព​ផ្ទាល់​តែម្ដង។ ការ​ចេញ​សេចក្ដីថ្លែងការណ៍ មិន​ចេញ​សកម្មភាព​ដូច្នេះ នាំ​ឲ្យ​គ្មាន​តម្លៃ។ ក្នុងនាម​គាត់​ជា​ប្រទេស​ហត្ថលេខី​មួយ និង​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាង​គេ ឲ្យ​គាត់​កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា នយោបាយ ដែល​កំពុង​ឡើង​កម្ដៅ​ខ្លាំង​នៅ​កម្ពុជា»

ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​ប្រទេស​កាណាដា ក៏​គ្រោង​នឹង​រៀបចំ​ធ្វើបាតុកម្ម​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ទីក្រុង កាល់ហ្គារី (Calgary) ខេត្ត​អាល់ប៊ើតា (Alberta) នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាងមុខ​នេះ ដោយសារ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។ លោក អ៊ុង ខាត់ លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ដោយសារ​ការ​ចាប់​ចង និង​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង៖ «ដូច្នេះ​បងប្អូន​នឹង​ជួបជុំគ្នា និង​ធ្វើ​កម្មវិធី​នេះ បាតុកម្ម​ឲ្យ​គោរព​សិទ្ធិ​ប្រជាជន​ខ្មែរ និង​ធ្វើ​អ្វី​កុំ​ឲ្យ​ខុសឆ្គង​កាន់តែ​ធ្ងន់​ឡើងៗ បំផ្លាញ​ប្រទេស​យើង បំផ្លាញ​កូនចៅ​បងប្អូន​យើង មិនបាន​សុខ​ដោយសារ​សម្ដេច ហ៊ុន សែន តែម្ដង»

លោក កន អ៊ុំ នៅ​ខាង​រដ្ឋ​តិចសាស់ (Texas) សហរដ្ឋអាមេរិក​ឯណេះ​វិញ នឹង​ប្រមូល​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ពីរ​រយ​នាក់ ដើម្បី​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា​ខាងមុខ​នេះ​ដែរ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​លោក កឹម សុខា ភ្លាមៗ ដោយ​ឥត​លក្ខខណ្ឌ។ លោក កន អ៊ុំ អះអាង​ថា ដោយសារតែ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា និង ស្ថានការណ៍​នយោបាយ​អាប់អួ​បច្ចុប្បន្ន​នេះ ទើប​ធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន ចំនួន​តិច​នៅឡើយ។ ដូច្នេះ​លោក​ថា​មានតែ​សហរដ្ឋអាមេរិក​ទេ ដែល​អាច​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​បាន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កាលពី ថ្លែង​ទៅកាន់​កម្មករ​រោងចក្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ដោយ​ចំអក​ដាក់​អ្នក​ដែល​ចង់​កោះហៅ​ប្រទេស​ហត្ថលេខី ថា​មិន​យល់​អំពី​កិច្ចព្រមព្រៀង​នេះ៖ «សន្និសីទ​អន្តរជាតិ​ប៉ារីស​ខ្មោច​យក​ស្អី​...»

តប​ទៅ​នឹង​ការ​លើកឡើង​នេះ​លោក កន អ៊ុំ បាន​រម្លឹក​លោក ហ៊ុន សែន អំពី​មេរៀន​ប្រវត្តិសាស្ត្រ​ខ្លះ ដោយ​បញ្ជាក់​ថា បើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា មិន​រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង ម្ល៉េះ​សម​ប្រជាពលរដ្ឋ​ខ្មែរ ច្បាស់​ជា​រស់នៅ​សុខដុមរមនា ជាមួយគ្នា ដោយ​មិន​ដូច​សព្វថ្ងៃ​នេះ​ឡើយ៖ «ខ្ញុំ​សូម​ជម្រាប​ទៅ​លោក ហ៊ុន សែន វិញ..

ចំណែក​ឯ​តំណាង​គណៈកម្មាធិការ ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រចាំ​ប្រទេស​កាណាដា លោក សេង សុភ័ណ បាន​ផ្ដើម​យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះថា Change.org ដើម្បី​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន ១​លាន​គាំទ្រ​ញត្តិ ស្នើ​ដល់​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​ជាបន្ទាន់។ ញត្តិ​នេះ​បញ្ជាក់ ថា អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​ប្រទេស មិន​អាច​ព្រងើយកន្តើយ ចំពោះ​ដំណើរ​ដើរ​ថយក្រោយ នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​កំពុង​កើតមាន​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ទេ ជាពិសេស​បំណង​របស់​គណបក្ស​កាន់អំណាច ដែល​ប្រាថ្នា​ចង់​រំលាយ និង​ដកហូត​អាសនៈ​សភា របស់​គណបក្ស មុន​ថ្ងៃ​បោះឆ្នោត​ឈាន​ចូល​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។