លោក សម រង្ស៊ី បានអះអាងថា លោកសុខចិត្តដើរចូលពន្ធនាគារ ប្រសិនបើអាជ្ញាធរចង់ឲ្យលោកជាប់ពន្ធនាគារ។ អ្នកវិភាគឯករាជ្យសង្គម ថ្លែងថា ប្រសិនបើលោក សម រង្ស៊ី ចូលមកកម្ពុជា ដោយគ្មានដំណោះស្រាយជាមុននោះ កម្ពុជាទាំងមូលនឹងខាតបង់ប្រយោជន៍។
ការប្រកាសរបស់លោក សម រង្ស៊ី ថាវិលត្រឡប់ទៅកម្ពុជា ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារបណ្ដាលឲ្យមានក្ដីបារម្ភពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។ សហរដ្ឋអាមេរិក និងមន្ត្រីអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសស្នើឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យប្រធានគណបក្សប្រឆាំងចូលរួមការបោះឆ្នោតដោយគ្មានការគំរាមកំហែងពីការចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារ ប៉ុន្តែលោក សម រង្ស៊ី បានប្រកាសត្រៀមខ្លួនចូលពន្ធនាគារ ទោះជាលោកអាចប្រឈមនឹងបញ្ហាអ្វីក៏ដោយ។
លោក សម រង្ស៊ី កាលពីថ្ងៃអង្គារ ប្រកាសជាថ្មីថា ប្រសិនបើសមត្ថកិច្ចឃាត់ខ្លួនលោក លោកស្នើឲ្យសកម្មជនគណបក្សកុំធ្វើបាតុកម្ម។ លោកបន្តថា លោកក៏មិនទាន់បានទទួលការឆ្លើយតបពីព្រះបរមរាជវាំង ជុំវិញសំណើសុំព្រះមហាក្សត្រលើកលែងទោសលោកនៅឡើយ ហើយរដ្ឋាភិបាលក៏នៅមិនទាន់សម្របសម្រួលនយោបាយណាមួយឲ្យលោកវិលត្រឡប់មកកម្ពុជា ដោយគ្មានការចាប់ខ្លួន។
លោក សម រង្ស៊ី៖ «ខ្ញុំសង្ឃឹមជានិច្ចថា នឹងមានការជជែកគ្នា ខ្មែរយើងនិយាយត្រូវគ្នា ដោះស្រាយរាល់បញ្ហាខ្មែរនិងខ្មែរគ្នាឯង។ តែឥឡូវនេះ មិនទាន់បានក្លាយជាការពិតនៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំទៅប្រទេសកម្ពុជា វិញ មុនថ្ងៃបោះឆ្នោត»។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុងវេទិកាពិភាក្សាវិទ្យុអាស៊ីសេរី បានស្នើឲ្យលោក សម រង្ស៊ី សរសេរលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្របសម្រួលនយោបាយអាចចូលមកកម្ពុជា វិញបាន។ លោក ផៃ ស៊ីផាន បន្តថា គំនាបបរទេសដើម្បីអនុញ្ញាតឲ្យ លោក សម រង្ស៊ី អាចកម្ពុជាវិញបាន មិនបានជោគជ័យទេនៅកម្ពុជា។
លោកបន្តថា មានតែលោក សម រង្ស៊ី ទេ ជាគន្លឹះនៃការសម្របសម្រួលនយោបាយ៖ «លោកអញ្ជើញចេញទៅក្រៅដោយស្ម័គ្រចិត្ត ហើយមានតែលោក សម រង្ស៊ី ទេ ដែលលោកស្ម័គ្រចិត្តចូលមកវិញ ដោយសម្របសម្រួលការងារនយោបាយ»។
រដ្ឋាភិបាលនៅសប្ដាហ៍នេះ រងគំនាបបរទេសជាច្រើនជុំវិញវត្តមានលោក សម រង្ស៊ី នៅកម្ពុជា សម្រាប់ការបោះឆ្នោត។ សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ទី៨ កក្កដា ទទូចឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួនដាក់ពន្ធនាគារ ដើម្បីចូលរួមការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ចេន ផ្សាឃី (Jen Psaki) ប្រាប់សារព័ត៌មាន អេ.ភី (AP) ថា លោក សម រង្ស៊ី ត្រូវតែអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតដោយគ្មានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។ អ្នកស្រីបន្តថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ទាមទារឲ្យមានទីលានប្រកួតស្មើភាព ហើយមិនត្រូវមានការរារាំងគណបក្សប្រឆាំង ចូលរួមការបោះឆ្នោតឡើយ។ សមត្ថកិច្ចរដ្ឋាភិបាលក្រុងភ្នំពេញ ហាក់មិនបានស្ដាប់សំណើសហរដ្ឋអាមេរិកទេ។
សមត្ថកិច្ចបានព្រមានចាប់ខ្លួនរបស់លោក សម រង្ស៊ី ប្រសិនបើលោកមានវត្តមាននៅកម្ពុជា។ អ្នកវិភាគសង្គម លោក កែម ឡី ព្រមានថា ការចាប់ខ្លួនលោក សម រង្ស៊ី និងលោក សម រង្ស៊ី គ្មានវត្តមាននៅកម្ពុជា នឹងជះឥទ្ធិពលអាក្រក់ដល់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។