អង្គការ​ជំរុញ​ឲ្យ​បក្ស​នយោបាយ​ជ្រើស​រើស​យុវជន​បម្រើ​នយោបាយ

0:00 / 0:00

អង្គការ​ធ្វើ​ការ​ទាក់ទង​នឹង​យុវជន​ចំនួន​៦ បាន​យក​ញត្តិ​ប្រគល់​ជូន​គណបក្ស​ជាប់​ឆ្នោត​ចំនួន​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​នេះ​ដាក់​បញ្ចូល​ឈ្មោះ​យុវជន ឲ្យ​ឈរ​លំដាប់​លេខ​រៀង​ដែល​អាច​ជាប់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ឆ្នាំ​២០១៤ និង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បោះ​ឆ្នោត​ពី​អសកល ទៅ​សកល សម្រាប់​អាណត្តិ​ក្រោយ។

ញត្តិ​ដែល​មាន​អ្នក​គាំទ្រ​ជិត ៣​ម៉ឺន​សំឡេង ត្រូវ​បាន​ក្រុម​យុវជន​ប្រគល់​ជូន​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី ការ​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ដាក់​បញ្ចូល​យុវជន​ជា​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​មាន​យុវជន​ចូល​រួម​ជាង ១០០​នាក់ នៅ​សាកលវិទ្យាល័យ ខេមរៈ នា​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ នេះ ក្រុម​យុវជន​បាន​លើក​ពី​កង្វល់​ដែល​គណបក្ស​នយោបាយ​កន្លង​មក បាន​ដាក់​បញ្ចូល​យុវជន​នៅ​ចំនួន​តិច​នៅ​ឡើយ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ។

មន្ត្រី​តស៊ូ​មតិ​នៃ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា លោក ផា ស៊ីណា និង​ជា​អ្នក​រៀប​ចំ​កម្មវិធី មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​ដាក់​បញ្ចូល​យុវជន​ជា​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ​ជា​ការ​សំខាន់​ណាស់​សម្រាប់​ឲ្យ​យុវជន​មាន​ឱកាស​ចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត ក្នុង​ការ​អភិវឌ្ឍ​ថ្នាក់​ក្រោម​ជាតិ។

«សំឡេង»

នៅ​ក្នុង​សន្និសីទ​នេះ អ្នក​រៀប​ចំ​កម្មវិធី​បាន​អញ្ជើញ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចូល​រួម ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់​យុវជន។ ក៏ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បញ្ជូន​តំណាង​មក​ចូល​រួម​នោះ​ទេ។

ក្រុម​យុវជន​គ្រោង​នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខណ្ឌ​ចម្ការមន តែ​ត្រូវ​បាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មក​ទទួល​យក​ញត្តិ​នៅ​កន្លែង​ធ្វើ​សន្និសីទ​កាសែត តែ​មិន​បាន​ធ្វើ​ជា​វាគ្មិន​ទេ។ នៅ​ក្នុង​សន្និសីទ​នេះ មាន​យុវជន​ជាច្រើន​បាន​លើក​ជា​សំណួរ​ទៅ​កាន់​តំណាង​គណបក្ស​នយោបាយ អំពី​ការ​ដាក់​បញ្ចូល​យុវជន​ក្នុង​គណបក្ស​របស់​ខ្លួន​នោះ។

«សំឡេង»

ឆ្លើយ​តប​នឹង​សំណួរ​នេះ បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​កែ​ទម្រង់ និង​បាន​ដាក់​បញ្ចូល​យុវជន​បាន​មួយ​ចំនួន​ហើយ។ លោក​បញ្ជាក់​ថា នៅ​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ រក​បេក្ខជន​ឈរ​ឈ្មោះ​គ្មាន​ផង។

«សំឡេង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​អះអាង​ថា គណបក្ស​នីមួយៗ​មាន​យុវជន​គាំទ្រ​ច្រើន ប៉ុន្តែ​គណបក្ស​នយោបាយ​ទាំង​នេះ​មិន​ទាន់​មាន​យន្តការ​ដាក់​បញ្ចូល​យុវជន ឲ្យ​ចូល​រួម​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​ឡើយ។

ក្រៅ​ពី​យុវជន​បាន​ទាមទារ​ឲ្យ​ដាក់​បញ្ចូល​យុវជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១៤ នេះ ក្រុម​យុវជន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ពី​ការ​បោះ​ឆ្នោត​បែប​អសកល ឲ្យ​ទៅ​ជា​ការ​បោះ​ឆ្នោត​សកល ដែល​ផ្ដល់​អំណាច​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ដោយ​ផ្ទាល់។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា បាន​គាំទ្រ​ចំពោះ​ការ​ស្នើ​ឲ្យ​មាន​យុវជន ចូល​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​នេះ។ លោក​បញ្ជាក់​ថា មិន​ចំពោះ​តែ​យុវជន​ទេ គណបក្ស​នយោបាយ​ត្រូវ​តែ​បញ្ចូល​ស្ត្រី​ផង​ដែរ។ ដោយ​ឡែក ចំពោះ​ការ​បោះ​ឆ្នោត​បែប​អសកល​នេះ គឺ គ.ជ.ប អនុវត្ត​ទៅ​តាម​ច្បាប់។

«សំឡេង»

ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បាន​សភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០០៨។ មាត្រា​៤ ចែង​ថា សមាជិក​ក្រុម​ប្រឹក្សា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត​សេរី យុត្តិធម៌ មិន​ចំពោះ និង​សម្ងាត់។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​មាន​មណ្ឌល​បោះ​ឆ្នោត​មាន ២៥​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ ១៩៧ និង ១៩៧​ការិយាល័យ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។