សង្គមស៊ីវិលនិងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមយល់ឃើញថា គណបក្សនយោបាយចង់បានយុវជនគឺគ្រាន់តែសម្រាប់ដើរតាមបក្ស ហើយយុវជនភាគច្រើនមិនបានស្ថិតក្នុងបេក្ខភាពល្អៗ សម្រាប់ទទួលបានតំណែងដឹកនាំគណបក្សនោះទេ។ ទន្ទឹមនឹងគ្នានេះ ការស្រាវជ្រាវរកឃើញថា យុវជនភាគច្រើនចង់ចូលរួមនយោបាយ ប៉ុន្តែបារម្ភពីបញ្ហាផ្ទាល់ខ្លួនគ្រួសារ ទាក់ទងនឹងស្ថានការណ៍នយោបាយតានតឹងក្នុងពេលបច្ចុប្បន្ន។
គណបក្សនយោបាយត្រូវតែរៀបចំនីតិវិធីត្រឹមត្រូវដោយដាក់លេខរៀងបេក្ខភាពយុវជនក្នុងលំដាប់ថ្នាក់ល្អ ជៀសវាងការដាក់បក្សពួក ដើម្បីប្រយោជន៍យុវជន។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថា វាយ.អ.ឌី.ភី (YRDP) លោក ជាង សុខា មានប្រសាសន៍ថា គណបក្សនយោបាយត្រូវមានគោលនយោបាយច្បាស់លាស់ ហើយផ្សព្វផ្សាយជាសាធារណៈដើម្បីលើកទឹកចិត្តឲ្យយុវជនអាចចូលរួមឈរឈ្មោះ។
លោកបន្តថា បើសិនជាគណបក្សនយោបាយបានដាក់កូតាជាយុវជនចូលក្នុងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វាជាឱកាសល្អឲ្យសំឡេង កង្វល់និងតម្រូវការរបស់យុវជននឹងត្រូវបានគេយកទៅដាក់ក្នុងគោលនយោបាយសម្រាប់ការអភិវឌ្ឍ ដូច្នេះបញ្ហារបស់យុវជននឹងត្រូវបានដោះស្រាយដោយឈរទៅលើគោលនយោបាយរបស់គណបក្សក៏ដូចជាគោលនយោបាយរបស់ជាតិ៖ «គណបក្សនយោបាយនីមួយៗត្រូវតែយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែនចំពោះកូតាជាយុវជន ប៉ុន្តែមិនមែនដាក់ឲ្យតែមានកូតាយុវជនដែលនៅលេខចុងក្រោយអត់មានឱកាសបន្តិចសោះសម្រាប់ការជាប់ឆ្នោតនោះទេ។ វាអត់មានអត្ថន័យទេ វាហាក់ដូចជាអត់ដាក់អ៊ីចឹងដែរ»។
លោកថ្លែងនេះ នៅក្នុងកម្មវិធីបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវស្ដីពីការយល់ឃើញរបស់យុវជនទៅលើបេក្ខជនឈរឈ្មោះជាយុវជនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅថ្ងៃទី២៣ ខែមេសា នៅវិមានចេនឡា។ កម្មវិធីនេះ មាននិស្សិត និងតំណាងយុវជនពីគណបក្សនយោបាយប្រមាណ ៥០០នាក់ចូលរួម។
ការស្រាវជ្រាវដែលមានសំណាកគំរូយុវជនជាង ១ពាន់នាក់តំណាងឲ្យយុវជននៅទីក្រុងក្នុងប្រទេសកម្ពុជា។ របាយការណ៍ឲ្យដឹងថា យុវជនប្រមាណ ៣% ធ្លាប់បានឈរឈ្មោះជាអ្នកតំណាង ស្របពេលដែលរកឃើញថា យុវជនប្រមាណ ៣៤% នឹងឈរឈ្មោះបើពួកគេទទួលបានឱកាស។ ប៉ុន្តែ៦៣% និយាយថា ពួកគេមិនពិចារណា និងមិនបានគិតថា នឹងឈរឈ្មោះធ្វើជាអ្នកតំណាងក្នុងការបោះឆ្នោត។ ទន្ទឹមនឹងគ្នានោះ មានយុវជនជិត ៨០% បានគាំទ្រឲ្យមានយុវជនឈរជាបេក្ខជនក្នុងគណបក្សនយោបាយ។
របាយការណ៍បង្ហាញទៀតថា យុវជន ៦៧% បានបង្ហាញថា ហេតុផលសំខាន់ដែលមិនចាប់អារម្មណ៍ក្នុងការពាក់ព័ន្ធ និងនយោបាយពួកគេឆ្លើយថា មិនចង់មានបញ្ហា។
អ្នកឃ្លាំមើលបញ្ហាសង្គមយល់ឃើញថា ការស្រាវជ្រាវនេះពិតជាមានសារប្រយោជន៍។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ថ្លែងថា ជាសញ្ញាល្អបើសិនជាគណបក្សនយោបាយនីមួយៗផ្ដោតលើរបកគំហើញនេះ គណបក្សណាហ៊ានដាក់កូតាយុវជនដោយការជ្រើសរើសត្រឹមត្រូវ គណបក្សនោះនឹងទទួលបានសក្ដានុពល៖ «ភាគច្រើនការសិក្សានេះបានបញ្ជាក់ឲ្យឃើញថា គណបក្សនយោបាយចង់បានយុវជន ប៉ុន្តែគ្រាន់ដើរតាមវាមិនមែននៅក្នុងយន្តការដឹកនាំគណបក្ស ឬក៏បេក្ខភាពល្អៗទេ ដោយសារគាត់ដុសស្នឹមវប្បធម៌នយោបាយពីមុន ហើយបក្សពួកនិយម ហើយយើងឃើញលេខរៀងល្អតែកូនគាត់និងបងប្អូនគាត់»។
យុវជនមួយរូបដែលបានចូលរួមកម្មវិធីបង្ហាញលទ្ធផលនេះដែរ លោក ណាប់ ខ្មៅ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកសង្គមវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទស្សនៈថា លោកចង់ឲ្យយុវជនបានឈរឈ្មោះជាបេក្ខជនក្នុងគណបក្សនយោបាយ ពីព្រោះយុវជនអាចដឹងសុខទុក្ខរបស់យុវជន។លោកថា ក្រៅពីនេះយុវជននៅមានសក្ដានុពលជាច្រើនទៀត៖ «ពីព្រោះយុវជនគឺជាមនុស្សដែលសកម្មគាត់អាចប្រើប្រាស់នូវសមត្ថភាពចំណេះដឹង និងអ្វីដែលគាត់ទទួលបានពីការអប់រំរបស់គាត់ពីអ្នកជុំវិញរបស់គាត់អាចយកចំណេះដឹងដែលគាត់មានទៅបម្រើសង្គមដើម្បីបំពេញនូវតម្រូវការចាំបាច់របស់ប្រជាជននៅមូលដ្ឋាន»។
ទោះជាយ៉ាងណា នៅក្នុងគោលនយោបាយឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ក្នុងចំណោមគោលនយោបាយ ៧ចំណុច បានសរសេរថា យុវជនទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារធ្វើត្រឹមត្រូវ។ ចំណែកគណបក្សប្រជាជនកម្ពុជាវិញ រយៈពេលចុងក្រោយនេះមានក្រុមយុវជនជាច្រើនបានធ្វើសកម្មភាពសង្គមក្រោមការដឹកនាំរបស់គណបក្ស ហើយយុវជនភាគច្រើនដែលលេចមុខលេចមាត់ គឺក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយកូននាយករដ្ឋមន្ត្រី។
ស្របគ្នានេះដែរ ក្នុងពេលថ្មីៗនេះ មានគណបក្សមួយឈ្មោះគណបក្សយុវជនកម្ពុជា ក៏មានគោលនយោបាយរបស់ខ្លួន ដោយផ្ដល់ឲ្យយុវជនទទួលបានការអប់រំស្មើគ្នា និងផ្ដល់ឱកាសការងារធ្វើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
