វេទិកានេះមានគោលបំណងផ្ដល់ឱកាសដល់និស្សិត និងយុវជនកម្ពុជា ផ្សារភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាល មន្ត្រីរាជការ ស្ថាប័នឯកជន សង្គមស៊ីវិល និងអ្នកជំនាញឯកទេសក្នុងការពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជន និងធ្វើការរួមគ្នាដើម្បីរកដំណោះស្រាយ។
និស្សិតជាង ៣០០នាក់ មកពីសាកលវិទ្យាល័យចំនួន២០ បានចូលរួមស្ដាប់គោលនយោបាយរបស់គណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភានៅមុនការបោះឆ្នោតជិតមកដល់។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា មានប្រសាសន៍ថ្ងៃទី១៥ មិថុនា ថា យុវជនបានដើរតួនាទីសំខាន់ដែលធ្វើសកម្មភាពក្នុងការផ្លាស់ប្ដូរសង្គម។ ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលយុវជននៅខ្វះព័ត៌មានពីការវិវឌ្ឍន៍នៃប្រទេសជាតិ ជាពិសេសទាក់ទងនឹងការបោះឆ្នោត។ លោកថា វេទិកានេះធ្វើយ៉ាងណាដើម្បីឲ្យយុវជនទទួលបានព័ត៌មានពីគោលនយោបាយរបស់គណបក្សនីមួយៗ ក្នុងពេលដែលគោលនយោបាយរបស់គណបក្សទាំង៨ មិនស្ថិតក្នុងដៃយុវជននៅឡើយនោះ។
ការថ្លែងនេះ នៅក្នុងវេទិកាយុវជនប្រចាំឆ្នាំលើកទី១១ ស្ដីពី សារៈសំខាន់របស់យុវជនក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ តំណាងគណបក្សនយោបាយដែលចូលរួមក្នុងវេទិកានេះ មានតែគណបក្សចំនួន២ ប៉ុណ្ណោះ ក្នុងចំណោមគណបក្សទាំង៨ ដែលប្រកួតប្រជែងក្នុងការបោះឆ្នោត។ គណបក្សទាំង២ នោះ មានគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ។
យុវតី ជាតិ ចាន់សូលីនដា និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យខេមរៈ បានស្នើឲ្យគណបក្សនយោបាយដែលបានអះអាងថា ខ្លួនមានគោលនយោបាយជួយទ្រទ្រង់យុវជននោះ កុំព្រងើយកន្តើយនៅពេលជាប់ឆ្នោត។
បេក្ខភាពតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា អ្វីដែលជាចំណុចលេចធ្លោនៃគោលនយោបាយរបស់គណបក្សនេះចំពោះយុវជន គឺការផ្ដល់ប្រាក់កម្ចីឲ្យបន្តការដល់សិក្សាថ្នាក់ឧត្ដម និងផ្ដល់អាហារូបករណ៍ដល់អ្នករៀនពូកែដែលក្រីក្រដូចប្រទេសជឿនលឿននានា។
ស្រដៀងគ្នានេះដែរ សមាជិកគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ផាន់ សិទ្ធី ក៏មានគោលនយោបាយសំដៅវិស័យសិក្សាធិការដែរ។ លោកថា គណបក្សនេះមានគោលនយោបាយពង្រឹងគុណភាពអប់រំជាងពេលបច្ចុប្បន្ន។
វេទិកាយុវជនប្រចាំឆ្នាំលើកទី១១ រៀបចំដោយអង្គការចំនួន៤ គឺអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អង្គការស្ម័គ្រដើម្បីសង្គម គណៈកម្មាធិការខុមហ្វ្រែល និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ និស្សិតដែលបានចូលរួមក្នុងវេទិកានេះ មានភាពផុលផុសឡើងសួរសំណួរមែនទែន។ ពួកគេបានសួរទៅកាន់តំណាងបក្សនយោបាយនូវបញ្ហាជាអាទិ៍ វិស័យសិក្សាធិការ បញ្ហាអំពើពុករលួយ ប្រព័ន្ធតុលាការ ជម្លោះដីធ្លី ការកាប់បំផ្លាញព្រៃឈើ និងដោះស្រាយបញ្ហាបូរណភាពទឹកដី និងកោះ ជាមួយប្រទេសជិតខាងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
