ក្រុម​យុវជន​ស្នើសុំ​ដាក់​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ការ៉ាស់​សាំង​ស្តុប​បូកគោ

ដោយ ថា កិត្យា
2017-07-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូប​សំណាក​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Morm Moniroth
រូប​សំណាក​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដាក់​លិខិត​ជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ដើម្បី​ស្នើសុំ​ដាក់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​ម្តុំ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ស្ដុប​បូកគោ ជា​ទី​ដែល​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់។ ការ​ស្នើសុំ​នេះ ត្រូវ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឆ្លើយតប​ថា ទីតាំង​ដី​នោះ​មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​ឡើយ។

ការ​ដាក់​សំណើ​នេះ ក្រោយ​ពី​ក្រុម​យុវជន​មើល​ឃើញ​ថា លោក ហ៊ុន សែន មួយ​រយៈពេល​ចុង​ក្រោយ​នេះ បាន​សម្ដែង​ទឹក​ចិត្ត​ឈឺឆ្អាល​ជួយ​ប្រាក់​ដល់​គ្រួសារ​បណ្ឌិត កែម ឡី ក្នុង​ការ​សាងសង់​ចេតិយ ជាដើម។

ម្ចាស់​បណ្ណាល័យ កែម ឡី និង​តំណាង​ឲ្យ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ យុវជន គង់ រ៉ៃយ៉ា និយាយ​ថា ការ​ស្នើសុំ​ដី​មួយ​ដុំ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ក្បែរ​ស្តុប​បូកគោ កែង​ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ​ម៉ៅសេទុង ដើម្បី​ដាក់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នេះ គឺ​ក្នុង​បំណង​សម្រាប់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ចងចាំ​បណ្ឌិត កែម ឡី ជា​រៀង​រហូត។

យុវជន គង់ រ៉ៃយ៉ា បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចង់​ឃើញ​វត្តមាន​រូប​តំណាង​លោក​បណ្ឌិត កែម ឡី ក្នុង​រាជធានី​ភ្នំពេញ។ ដូច្នេះ ពួក​គេ​សង្ឃឹម​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​ផ្តល់​ប្រាក់ ៦​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​លោក​បណ្ឌិត កែម ឡី ប្រកប​ដោយ​ទឹក​ចិត្ត​ល្អ​បរិសុទ្ធ​មែន​នោះ ប្រាកដ​ជា​ទទួល​យក​នូវ​សំណើ​របស់​ពួក​គេ និង​ឆ្លើយតប​ជា​វិជ្ជមាន«បើ​គាត់​ផ្តល់​លុយ ៦​ម៉ឺន​ដុល្លារ​ទៅ​ដល់​គ្រួសារ​លោក​បណ្ឌិត កែម ឡី គឺ​ជា​ទឹក​ចិត្ត​ជាក់ស្តែង​របស់​គាត់។ គាត់​ប្រាកដ​ណាស់។ ឥឡូវ​ញត្តិ​បាន​ដាក់​ទៅ​ខាង​គាត់​ហើយ អ៊ីចឹង​នាយក​រដ្ឋមន្ត្រី​គាត់​គួរ​តែ​យល់ព្រម​អនុញ្ញាត​ឲ្យ​សាងសង់​រូប​សំណាក។ ទី​២ ទាក់ទង​នឹង​យុត្តិធម៌ បើ​សិន​ការ​ផ្ដល់​លុយ​ហ្នឹង​ចេញ​ពី​ទឹក​ចិត្ត ពី​បេះដូង​របស់​គាត់ អាណិត​ស្រឡាញ់​ទៅ​ក្រុម​គ្រួសារ ក៏ដូចជា​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី គាត់​ប្រាកដ​ណាស់​ថា​នឹង​រក​យុត្តិធម៌​ពិតប្រាកដ​មួយ​ជូន​ដល់​វិញ្ញាណក្ខន្ធ ក៏ដូចជា​ភរិយា និង​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី»

ការ​ដាក់​សំណើ​នេះ ដំបូង​ឡើយ ក្រុម​យុវជន​បាន​យក​លិខិត​នោះ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​ត្រូវ​បាន​បដិសេធ ដោយ​មន្ត្រី​ទីនោះ​ប្រាប់​ឲ្យ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ ព្រោះ​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី មិន​ទទួល​យក​សំណើ​ជា​អារម្មណ៍​នោះ​ទេ គឺ​ទទួល​យក​តែ​សំណើ​ករណី​ជាក់ស្តែង។

រីឯ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយតប​ថា ទីតាំង​ដី​នៅ​ម្តុំ​ទីតាំង​ឃាតកម្ម​នោះ គឺ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​សាលា​ក្រុង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ដូច្នេះ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពុំ​មាន​សិទ្ធិ​ឆ្លើយ​ជំនួស​បាន​ទេ«តាម​ដែន​សមត្ថកិច្ច យើង​អត់​មាន​សមត្ថកិច្ច​ណា​ទៅ​ឆ្លើយ​ជំនួស​សាលា​ក្រុង ហើយ​សាលា​ក្រុង​ឥឡូវ​នេះ គឺ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​ក្រសួង​មហាផ្ទៃ។ រីឯ​ដី​នៅ​កន្លែង​ហាង​កាល់តិច​ហ្នឹង គឺ​ជា​របស់​ឯកជន​សុទ្ធសាធ»

ទោះ​ជា​យ៉ាង​ណា ក្រុម​យុវជន​អះអាង​ថា តាម​ពិត​សំណើ​ដាក់​រូប​សំណាក​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ឬ​ទីតាំង​ផ្សេង​ក្នុង​រាជធានី​ភ្នំពេញ ក្រុម​លោក​ធ្លាប់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ម្ដង​រួច​ហើយ ប៉ុន្តែ​ក្រសួង​ថា​មិន​ពាក់ព័ន្ធ ហើយ​ឲ្យ​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ។ លោក​អះអាង​ថា លុះ​ដាក់​លិខិត​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បដិសេធ​ទៀត និង​មិន​បង្ហាញ​ពី​មូលហេតុ​ទៀត​ផង។

គង់ ចំរើន គង់ រ៉ៃយ៉ា ២០១៧ ១៤៤០
មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី លោក គង់ ចំរើន (ឆ្វេង) ជួប​យុវជន គង់ រ៉ៃយ៉ា (កណ្ដាល) នា​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Tha Kitya

ជា​ថ្មី​ម្តង​ទៀត អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែង​ថា លោក​មិន​អាច​រៀបរាប់​លម្អិត​បាន​ទេ ខណៈ​យុវជន​ដាក់​សំណើ​នេះ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​លោក​អះអាង​ថា ប្រសិន​បើ​ករណី​នេះ​ខាង​សាលា​ក្រុង​ធ្លាប់​ឆ្លើយតប​ម្តង​រួច​ហើយ​នោះ ដូច្នេះ​ចម្លើយ​លើក​ក្រោយ គឺ​មិន​ខុស​គ្នា​ទេ«ខ្ញុំ​អត់​ចាំ​ករណី​ដាក់​នេះ​ដែរ តែ​បើ​លោក​ថា ធ្លាប់​មាន​ការ​ដាក់​ចូល​ហើយ ជូន​ការ​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​ហើយ អ៊ីចឹង​គឺ​ដូច​អ្វី​ដែល​យើង​ធ្លាប់​ឆ្លើយតប​អ៊ីចឹង»

ក្រោយ​ពី​ពិធី​បុណ្យ​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នោះ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ប្រាក់ ១​ម៉ឺន​ដុល្លារ​ជូន​ប្អូន​ប្រុស​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ​ពេល​បុណ្យ និង​ក្រោយ​មក លោក ហ៊ុន សែន បាន​ផ្តល់​ប្រាក់ ៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ជួយ​ថ្លៃ​កសាង​ចេតិយ។

យុវជន គង់ រ៉ៃយ៉ា យល់​ថា ការ​ជួយ​ជា​ទឹកប្រាក់ គឺ​មិន​សំខាន់​ឡើយ អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ជួយ​រក​យុត្តិធម៌​ពិតប្រាកដ ហើយ​ប្រសិន​បើ​ពុំ​មាន​យុត្តិធម៌​ពិតប្រាកដ​ទេ គឺ​ការ​ជួយ​ជា​ទឹកប្រាក់​នោះ​ពុំ​មាន​តម្លៃ​ឡើយ ពោល​គឺ​គ្រាន់​តែ​ជា​ការ​លួងលោម​ចិត្ត​គ្រួសារ​សព និង​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

ដោយឡែក​អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ប្រសិន​បើ​មើល​ទៅ​លើ​ទំហំ​នៃ​ការ​គាំទ្រ​កិត្តិយស​លោក​បណ្ឌិត កែម ឡី ហើយ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ស្លាប់​មុនៗ​នោះ រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​ដាក់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អស់​ចិត្ត​ខ្លះ ខណៈ​ដែល​យុត្តិធម៌​មិន​ទាន់​មាន​ពេញលេញ«ទោះ​បី​ជា​រដ្ឋាភិបាល​យល់​ឃើញ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ការ​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ដាក់​រូប​សំណាក គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​សម្រួល​ដល់​ផ្លូវ​ចិត្ត​សង្គម កុំ​ឲ្យ​សង្គម​នេះ​វា​ជួប​ប្រទះ​តែ​ការ​ហែកហួរ​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ»

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ បើ​ទោះ​បី​ជា​ពេល​នេះ រដ្ឋាភិបាល​បង្ហាញ​ទឹក​ចិត្ត​អាណិត​ដល់​គ្រួសារ​លោក​បណ្ឌិត កែម ឡី ក្តី ប៉ុន្តែ​កន្លង​ទៅ រដ្ឋាភិបាល​ហាក់​ដូចជា​តឹងតែង​សម្បើម​ណាស់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រៀបចំ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។ ក្នុង​ឱកាស​បុណ្យ​ខួប ១​ឆ្នាំ​របស់​លោក​បណ្ឌិត កែម ឡី ថ្មីៗ​នេះ គ្រាន់​តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​នាក់​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ហាង​ស្តារ​ម៉ាត (Star Mart) ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ដោយ​ដាក់​កម្រង​ផ្កា និង​រូបថត​នោះ ក៏​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​ចូល​ទៅ​រំខាន និង​មិន​ឲ្យ​ធ្វើ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល