គោល​បំណង​នៃ​ការ​បង្កើត​វេទិកា "កាហ្វេ​នយោបាយ" របស់​យុវជន​មួយ​ក្រុម

0:00 / 0:00

រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ យុវជន​កម្ពុជា រាប់​ម៉ឺន​នាក់​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​តាម​ដង​ផ្លូវ​នានា រួម​មាន ការ​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​រោងចក្រ និង​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ជាដើម។

ក៏ប៉ុន្តែ មាន​យុវជន​មួយ​ក្រុម​ផ្សេង​ទៀត មិន​បាន​ចូលរួម​សកម្មភាព​តវ៉ា​នានា​ទេ ប៉ុន្តែ​ពួក​គេ​បែរ​ជា​ប្រមូល​ផ្តុំ​គ្នា​យក​បញ្ហា​នានា​មក​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ។ យុវជន​ទាំង​នោះ​ដាក់​ឈ្មោះ​វេទិកា​របស់​ខ្លួន​ថា កាហ្វេ​នយោបាយ។ តើ​អ្វី​ជា​គោលដៅ​សំខាន់​នៃ​វេទិកា​នេះ?

បណ្ដា​ជន​ខ្មែរ​ធ្លាប់​តែ​ដាក់​ឈ្មោះ​ហាង​កាហ្វេ​ដែល​មាន​មនុស្សម្នា​ជជែក​គ្នា​ពី​នេះ​ពី​នោះ​ប៉ប៉ិច​ប៉ប៉ោច​នោះ ថា​ហាង​កាហ្វេ​នយោបាយ។ ហាង​កាហ្វេ​នយោបាយ មាន​ស្ទើរ​គ្រប់​ស្រុក​គ្រប់​ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ហាង​បែប​នេះ អ្នក​ផឹក​កាហ្វេ​ជជែក​គ្នា​មួយ​រយ​មុខ​មួយ​រយ​រឿង​ក្នុង​១​ថ្ងៃៗ ហើយ​មាន​កន្លែង​ខ្លះ​រហូត​ដល់​មាន​ឌឺដង​ដាក់​គ្នា និង​ប្រកែក​តឹង​សរសៃ​ក​ដាក់​គ្នា​ទៀត​ផង។

យ៉ាង​ណា​មិញ កាហ្វេ​នយោបាយ​របស់​យុវជន​មួយ​ក្រុម​នេះ មិន​មែន​ដូច​កាហ្វេ​នយោបាយ​នៅ​ហាង​ធម្មតា​ឡើយ។ វេទិកា​ពិភាក្សា​នេះ​ផុស​ឡើង​ដោយសារ​គំនិត​យុវជន ៤ ទៅ ៥​នាក់ ដែល​មាន​ចំណេះ​ដឹង​ច្បាស់​លាស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​សង្គម​សេដ្ឋកិច្ច។ យុវជន​ទាំង​នោះ​បាន​ជួបជុំ​គ្នា​ចងក្រង​បណ្ដាញ​តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ ដោយ​កំណត់​យក​ថ្ងៃ​សៅរ៍ ជា​ថ្ងៃ​ណាត់​ជួប​រៀង​រាល់​សប្ដាហ៍។ ពួក​គេ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ដើម្បី​ទាក់ទង​គ្នា​ណាត់​ទីកន្លែង​ពិភាក្សា ហើយ​ប្រធានបទ​ដំបូង​បំផុត​សម្រាប់​ពិភាក្សា​គ្នា​នោះ គឺ​ខ្លឹមសារ​នយោបាយ។ បន្ទាប់​មក​ទៀត ពួក​គេ​ជជែក​គ្នា​ពី​ព្រឹត្តិការណ៍​នយោបាយ ដែល​កើត​មាន​ឡើង​ក្នុង​មួយ​សប្ដាហ៍​កន្លង​ទៅ។ ចំពោះ​ទីតាំង​នៃ​ជំនួប​នោះ គឺ​ធ្វើ​ឡើង​នៅ​ហាង​កាហ្វេ​ជាច្រើន​ជុំវិញ​រាជធានី​ភ្នំពេញ។

ពាក់​អាវ​បង្កង់​ពណ៌​ខៀវ​លាយ​ស ខោ​ជើង​វែង សម្បុរ​សណ្ដែក​បាយ កាត់​សក់​ខ្លី​ទុក​ពុក​មាត់​តិចៗ មាន​វ័យ​ម្ភៃ​ឆ្នាំ​ប្លាយ ស្ថាបនិក​កាហ្វេ​នយោបាយ លោក អ៊ូ រីទ្ធី និយាយ​ច្បាស់ៗ​ថា វេទិកា​កាហ្វេ​នយោបាយ​នេះ មិន​មែន​វេទិកា​សម្រាប់​ប្រឆាំង ឬ​គាំទ្រ​រដ្ឋាភិបាល​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​ជា​ទីកន្លែង​ជួបជុំ​របស់​យុវជន ដើម្បី​ស្វែងរក​ដំណោះស្រាយ​នានា​ជុំវិញ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គម។ លោក​រំលឹក​ថា តាំង​ពី​ដំបូង យុវជន​ដែល​ចូលរួម​ជជែក​ទាំងអស់​មិន​ហ៊ាន​ប្រកាស​ឲ្យ​គេ​ដឹង​ពី​សមាសភាព​របស់​ពួក​គេ​ឡើយ ដោយ​បារម្ភ​ពី​សុវត្ថិភាព៖ «ពី​មុន​ឡើយ​យើង​មិន​មាន​បើក​ជា​ចំហ​ទេ យើង​និយាយ​គ្នា​ផ្ទៃក្នុង​អ៊ីចឹង​ទេ ក្រុម​សមាជិក​ទាំងអស់​ហ្នឹង​គាត់​ខ្លាច។ ដល់​ពេល​យូរ​ទៅ​មិន​ឃើញ​រដ្ឋាភិបាល​គាត់​ធ្វើ​អី​ពួក​យើង ទើប​យើង​ចាប់​ផ្ដើម​បើក​ចំហ​ទាក់ទង​យុវជន​ដទៃ​ទៀត​ឲ្យ​ចូលរួម​កាន់​តែ​ច្រើន​ទៅៗ»

កាហ្វេ​នយោបាយ​ពេល​នេះ មិន​មែន​ជា​វេទិកា​ដែល​មាន​សមាជិក​តែ​បួន​ប្រាំ​នាក់​ដូច​ពី​មុន​ឡើយ និង​មាន​ទីតាំង​ចល័ត​ដូច​មុន​ដែរ។ សព្វថ្ងៃ វេទិកា​នេះ​មាន​សមាជិក​សកម្ម​ជាង ២០០​នាក់ និង​អ្នក​សុំ​ចូលរួម​ជាង ២០០​នាក់​ផ្សេង​ទៀត ហើយ​មាន​បោះ​ទីតាំង​ជួបជុំ​នៅ​អតីត​ផ្ទះ​មេត្តា ឬ Meta House ជិត​វត្ត​បទុម។ ទីតាំង​នេះ​ផ្តល់​ជូន​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

យុវជន​ទាំងអស់​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ មាន​សមាសភាព​មក​ពី​ច្រើន​ស្ថាប័ន អង្គការ​ក្រៅ​រដ្ឋាភិបាល សិស្ស​និស្សិត និង​សមាជិក​តំណាង​មក​ពី​គណបក្ស​នយោបាយ​ផង​ដែរ។ ពេល​នេះ កាហ្វេ​នយោបាយ​មិន​ត្រឹម​តែ​មាន​យុវជន​ពិភាក្សា​គ្នា​ឯង​ទេ តែ​ពួក​គេ​ថែម​ទាំង​អញ្ជើញ​វាគ្មិន​មួយ​ចំនួន ឲ្យ​ផ្តល់​បទពិសោធន៍ និង​ចំណេះ​ដឹង​ថែម​ទៀត​ផង។ វេទិកា​នេះ ក៏​ទើប​តែ​បង្កើត​គំនិត​បណ្តុះបណ្តាល​អ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង។ តាម​រយៈ​គំនិត​ថ្មី​នេះ កាហ្វេ​នយោបាយ​បាន​អញ្ជើញ​យុវជន​មក​ពី​ប្រាំ​គណបក្ស ដើម្បី​ចូលរួម​ពិភាក្សា។ គណបក្ស​ទាំង​នោះ​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សង្គម​រាស្ត្រ​រាជា​និយម និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

សមាជិក​កាហ្វេ​នយោបាយ យុវជន អូន ឆេងប៉ ឲ្យ​ដឹង​ថា រូប​គេ​ចាប់​អារម្មណ៍​ចំពោះ​វេទិកា​នេះ​តាំង​ពី​ខែ​មេសា គឺ​នៅ​ពេល​ដែល​កាហ្វេ​នយោបាយ​ចេញ​មុខ​ជា​សាធារណៈ​តាម​ហ្វេសប៊ុក​រួច​មក។ ឆេងប៉ បន្ត​ថា កន្លែង​នេះ​ជា​ទីតាំង​ថ្មី​មួយ ដែល​នាំ​រូប​គាត់​អាច​បញ្ចេញ​មតិ​យោបល់​ដោយ​មិន​មាន​របាំង និង​បាន​ស្គាល់​មនុស្សម្នា​កាន់​តែ​ច្រើន៖ «ធម្មតា​ខ្ញុំ​ស្តាប់​ព័ត៌មាន​ពី​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ណាស់ តែ​ក្រៅ​ពី​ហ្វេសប៊ុក ខ្ញុំ​អត់​មាន​កន្លែង​ណា​បញ្ចេញ​មតិ​បាន​ដូច​កន្លែង​នេះ​ទេ ខ្ញុំ​នៅ​ទីនេះ​ស្គាល់​មនុស្ស​ច្រើន​ជជែក​ច្រើន ធ្វើ​ឲ្យ​ខ្ញុំ​បែក​គំនិត​ច្រើន។ ប្រធានបទ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​ពិភាក្សា​ពី​សិទ្ធិ​អំណាច និង​កាតព្វកិច្ច​កាល​ហ្នឹង Politics Coffee ហៅ លោក ខឹម វាសនា ចូលរួម យើង​ជជែក​គ្នា​ក្តៅ​មែន​ទែន មតិ​ទាំង​សង​ខាង»

កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​ឧសភា កាហ្វេ​នយោបាយ​បាន​អញ្ជើញ​វាគ្មិន​ម្នាក់​ដែល​មាន​ជំនាញ​នយោបាយ​អន្តរជាតិ ឲ្យ​ចូលរួម​ចែក​រំលែក​ចំណេះ​លើ​ប្រធានបទ​ស្តី​អំពី ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចិន និង​អាមេរិក ក្នុង​តំបន់​អាស៊ី។ ទាំង​វាគ្មិន ទាំង​អ្នក​ចូលរួម បាន​ប្រើ​ពេល​អស់​ជាង ២​ម៉ោង ដើម្បី​ជជែក​វែក​ញែក​សួរ​សំណួរ​បកស្រាយ​ពី​បញ្ហា​នេះ៖ «នយោបាយ​ចិន និង​អាមេរិក ម៉េច​ដែរ? មហា​អំណាច​ទាំង​ពីរ​មិន​ហ៊ាន​ប៉ះ​គ្នា​ទេ បើ​ប៉ះ​គ្នា​ខ្ទេច​ដូច​គ្នា...»

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​បើក​ឲ្យ​យុវជន​ចូលរួម​ពិភាក្សា​ពី​បញ្ហា​ជាតិ​ឲ្យ​បាន​ទូលំទូលាយ​ទេ។ រដ្ឋាភិបាល​ផ្តល់​ឱកាស​ឲ្យ​យុវជន​ចូលរួម​តែ​ក្នុង​សកម្មភាព​មនុស្ស​ធម៌ និង​សកម្មភាព​គណបក្ស​ប៉ុណ្ណោះ។ លោក​សន្និដ្ឋាន​ថា យុវជន​កម្ពុជា ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា បញ្ហា​គុណភាព​អប់រំ បរិយាកាស​នយោបាយ និង​បញ្ហា​ចុង​ក្រោយ គឺ​យុវជន​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​ល្អ​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ឡើយ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​យុវជន​ឲ្យ​បាន​ប្រសើរ ព្រោះ​យុវជន​ជា​ធនធាន​មាន​សក្ដានុពល​បំផុត​របស់​ប្រទេស​កម្ពុជា៖ «យើង​នឹង​ធ្វើ​ការ​ជាមួយ​គាត់​ដូចម្តេច ជាមួយ​ធនធាន​របស់​គាត់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​នា​ពេល​ខាង​មុខ ព្រោះ​ឥឡូវ​ធនធាន​របស់​គាត់​ធ្លាក់​ចុះ​បន្តិច ហើយ​គុណភាព​របស់​យុវជន​ហ្នឹង​មិន​ឃើញ​ថា​វា​ស្ទុះ​គួរ​ឲ្យ​កត់​សម្គាល់​ទេ ចំណុច​នេះ​ហើយ​គួរ​ឲ្យ​ព្រួយ​បារម្ភ»

តាម​របាយការណ៍​អង្គការ​ខុមហ្វ្រែល (Comfrel) បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ កម្ពុជា មាន​យុវជន​គ្រប់​អាយុ​បោះ​ឆ្នោត​ប្រមាណ​ជាង ៣០​ម៉ឺន​នាក់។ ចំនួន​នេះ នឹង​នាំ​ឲ្យ​យុវជន​ក្តាប់​យក​ចំណែក​ឥទ្ធិពល​នយោបាយ​ខ្លាំងក្លា​បំផុត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ របាយការណ៍​របស់​ក្រសួង​ផែនការ ក៏​បាន​បង្ហាញ​ដែរ​ថា យុវជន​កម្ពុជា មាន​ប្រមាណ​ជាង ៤​លាន​នាក់​នៅ​ឆ្នាំ​២០១៤។

លោក អ៊ូ រិទ្ធី បញ្ជាក់​ថា ទៅ​ថ្ងៃ​មុខ​ក្រុម​កាហ្វេ​នយោបាយ​នឹង​ប្រមូល​ផ្តុំ​មតិ ហើយ​ចងក្រង​យោបល់​ទាំងអស់​ដាក់​ជូន​អ្នក​នយោបាយ ដើម្បី​ជា​មូលដ្ឋាន​សម្រេច​ចិត្ត។ លោក​ព្រមាន​ថា បើ​អ្នក​នយោបាយ​មើល​រំលង​មតិ​យុវជន នោះ​ពួក​គេ​នឹង​ស្ដាយ​ក្រោយ។

ទាក់ទង​នឹង​សកម្មភាព​យុវជន​ក្នុង​បញ្ហា​នយោបាយ​វិញ គណបក្ស​ធំៗ​ទាំង​ពីរ​បាន​បញ្ចូល​យុវជន​ក្នុង​តួនាទី​សំខាន់ៗ​របស់​បក្ស​រៀងៗ​ខ្លួន។ តែ​មាន​តែ​យុវជន​ដែល​មាន​ឪ​ម៉ែ​ជា​មន្ត្រី​ធំៗ​ប៉ុណ្ណោះ ដែល​មាន​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​គណបក្ស។ គណបក្ស​ប្រជាជន​កម្ពុជា មាន​យុវជន​ដូចជា តំណាង​រាស្ត្រ លោក ហ៊ុន ម៉ានី កូន​ប្រុស លោក ហ៊ុន សែន។ តំណាង​រាស្ត្រ លោក ស សុខា កូន​ប្រុស លោក ស ខេង។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ កូន​ប្រុស លោក សាយ ឈុំ និង​កូនៗ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ទៀត។ ចំណែក​បក្ស​ប្រឆាំង​វិញ រួម​មាន កូនស្រី លោក កឹម សុខា កាន់​ការ​ជា​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​គណបក្ស។ កូន​ប្រុស លោក គង់ គាំ ឈរ​ជា​អ្នក​តំណាង​រាស្ត្រ និង​កូនៗ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ធ្វើ​ការ​ក្នុង​ជួរ​បក្ស។

ទោះ​យ៉ាង​ណា​ក្តី យុវជន​នៅ​កាហ្វេ​នយោបាយ ចង់​ឲ្យ​អ្នក​នយោបាយ​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យុវជន​ខ្មែរ​ទូទាំង​ប្រទេស ជា​ជាង​គិតគូរ​តែ​កូន​ខ្លួន​ឯង ព្រោះ​ថា ប្រទេស​ខ្មែរ​ជា​ប្រទេស​របស់​ប្រជាជន​កម្ពុជា ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។