យុវជនមួយក្រុមដែលអះអាងថា ខ្លួនជានិស្សិតមកពីសកលវិទ្យាល័យនានា នៅរសៀលថ្ងៃទី១៨ ខែមីនា បាននាំគ្នាដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស្រាវជ្រាវករណីរឿងអាស្រូវស្នេហារវាងលោក កឹម សុខា ជាមួយស្ត្រីម្នាក់ បើទោះបីជាគ្មានការបកស្រាយ ឬឆ្លើយតបពីលោក កឹម សុខា ក៏ដោយ។ ក្រុមយុវជនទាំងនោះអះអាងទៀតថា ការដាក់ពាក្យប្ដឹងនេះនៅបន្ទាប់ពីគេរកឃើញថា ខ្សែអាត់សំឡេងដែលគណនីហ្វេសប៊ុក ឈ្មោះ រឿងពិត CNRP បានបង្ហោះនោះ មានតម្រុយនៃអំពើពុករលួយ។
យុវជនមួយក្រុមមានគ្នាប្រមាណ ៣០នាក់ បានជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស្វែងរកការពិតជុំវិញការបែកធ្លាយខ្សែអាត់សំឡេងដែលសង្ស័យថា លោក កឹម សុខា ប្រព្រឹត្តអំពើពុករលួយទិញផ្ទះ និងទិញដីឲ្យដៃគូស្នេហារបស់លោក។
តំណាងក្រុមយុវជនទាំងនោះ គឺយុវជន ស្រី ចំរើន ថ្លែងនៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីដាក់ពាក្យបណ្ដឹងថា មានភស្តុតាងគឺខ្សែអាត់សំឡេងចំនួន ៣វគ្គដែលបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា បានផ្ដល់លុយទិញផ្ទះ ទិញដី និងបើកមុខជំនួញឲ្យស្រីស្នេហ៍របស់គាត់។ ដូច្នេះអង្គភាពនេះបានទទួលបណ្ដឹងរបស់ពួកគេ និងត្រូវបើកការស៊ើបអង្កេតចំពោះមន្ទិលនេះ៖ «ពាក្យបណ្ដឹងគឺចង់រកស្វែងរកការពិតទាក់ទងនឹងសារសំឡេងដែលលោក កឹម សុខា បានសាសងស្ត្រីស្នេហ៍របស់គាត់ ពាក់ព័ន្ធនឹងការផ្ដល់លុយទិញដី ទិញផ្ទះ និងបើករបបរកស៊ីជូនស្រីស្នេហ៍។ ទាក់ទងនឹងការឆ្លើយតបជាមួយ អេ.ស៊ី.យូ (ACU) គឺលោកនឹងធ្វើចំណាត់ការបន្ត»។
យុវជនមួយក្រុមដែលអះអាងថា ខ្លួនជានិស្សិតមកពីសកលវិទ្យាល័យនានា មានទាំងមនុស្សចាស់ផង ត្រូវបានគេអនុញ្ញាតឲ្យដើរចូលទៅក្នុងអង្គភាពនេះដើម្បីដាក់ពាក្យប្ដឹង ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកកាសែតចូលនោះទេ។ បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច យុវជនទាំងនោះបានចេញមកវិញ មានលោក ស្រី ចំរើន ជាតំណាងបានផ្ដល់សម្ភាសន៍ឲ្យអ្នកសារព័ត៌មានយ៉ាងប្រញាប់ប្រញាល់នឹងមានបុរសវ័យកណ្ដាលមួយចំនួនកៀកស្មាការពាររួចបណ្ដើរចូលរថយន្តយ៉ាងប្រុងប្រយ័ត្ន។ រីឯកងសន្តិសុខនៃអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើចរាចរណ៍បើកផ្លូវឲ្យរថយន្តនោះបើកចេញទៅយ៉ាងងាយស្រួល។
ទាក់ទងបញ្ហានេះ ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា មានមតិថា លោកដឹងពីការវិវឌ្ឍន៍នៃរឿងនេះ ប៉ុន្តែលោកថា សកម្មភាពយុវជនមួយក្រុមនេះ គឺជារឿងដែលមិនគួរយកចិត្តទុកដាក់ វាហាក់ដូចជាល្បែងមួយដែលគេនាំគ្នាលេងចេញពីឈុតមួយទៅឈុតមួយ ធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃយុវជន៖ «រឿងនេះវាហាក់បីដូចជាមានផលប៉ះពាល់ផ្នែកសីលធម៌ខ្លះ ក៏ប៉ុន្តែវាហាក់បីដូចជាមានលក្ខណៈស៊ីជម្រៅទៅលើឯកជនរបស់បុគ្គលច្រើនជាង។ ខ្ញុំចេះតែគិតថា ហេតុអ្វីបានជាក្រុមយុវជនដ៏សកម្មនេះមិននាំគ្នាជជែកពីរឿងផ្សេងៗដូចជា បញ្ហាដែលយុវជនគ្នាគាត់ពិបាករកការងារធ្វើគួរតែគាត់តវ៉ាយ៉ាងម៉េច ឬក៏ទាមទារឲ្យអាជ្ញាធរសមត្ថកិច្ច ឬស្ថាប័នដែលពាក់ព័ន្ធជួយដោះស្រាយបញ្ហាការងារយ៉ាងម៉េច? ម្យ៉ាងទៀតខ្ញុំមើលឃើញដូចជា រឿងអំពើពុករលួយ រឿងព្រៃឈើ រឿងរ៉ែ រឿងអីសុទ្ធតែរឿងដែលកើតទុក្ខរួមរបស់ប្រជាពលរដ្ឋ»។
ការដាក់ពាក្យប្ដឹងនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយបកលើគណបក្សសង្គ្រោះជាតិ ប្រសិនបើបក្សនេះបន្តចោទប្រកាន់បក្សកាន់អំណាច ឬរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយការបញ្ចេញរឿងអាស្រូវស្នេហារបស់អ្នកនយោបាយម្នាក់។ ពិតមែនថា លោកមិនបាននិយាយចំឈ្មោះអ្នកនយោបាយរូបនោះ ក៏លោកនាយករដ្ឋមន្ត្រីទំនងសំដៅដល់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន បញ្ជាក់ថា បើគេនៅតែបន្តចាត់ទុករឿងអាស្រូវស្នេហា ថាជារឿងនយោបាយនោះរដ្ឋាភិបាលនឹងចាត់វិធានការមែនទែនតែម្ដង។ លោកព្រមានថា ក្នុងករណីរដ្ឋាភិបាលលូកដៃចូលក្នុងរឿងនេះ គឺបក្សប្រឆាំងពិតជាពិបាកមិនអាចទប់រួចនោះទេ ហើយលោកមានភស្តុតាង។
កន្លងមកក្រុមយុវជនទាំងនោះ បានធ្លាប់ទៅដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងដើរអុកឡុកតាមវេទិកាសាធារណៈរបស់បក្សមួយនេះ និងដាក់ញត្តិនៅរដ្ឋសភាជាដើម ដើម្បីជជីកសួរឲ្យលោកកឹម សុខា បកស្រាយ និងស្វែងរកការពិតនៃខ្សែអាត់រឿងរ៉ាវស្នេហានោះ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិរក្សាជំហរមិនឆ្លើយមិនឆ្លងមិនឈ្លោះក្នុងរឿងនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
