យុវជន​ប្រមាណ​៥០​នាក់​ជួប​ជុំ​គ្នា​ប្រមូល​មតិ​អំពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​

0:00 / 0:00

យុវជន​មក​ពី​សាកលវិទ្យាល័យ​មួយ​ចំនួន យុវជន​ជនជាតិ​ដើម​ភាគ​តិច និង​យុវជន​ពី​បណ្ដាញ​ស្ត្រី​វ័យ​ក្មេង ប្រមាណ ៥០​នាក់ បាន​ជួប​ជុំ​គ្នា​ប្រមូល​មតិ​លើក​ឡើង​អំពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។ ការ​ជួបជុំ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ក្នុង​ភោជនីយដ្ឋាន​ខ្មែរ​សុរិន្ទ រាជធានី​ភ្នំពេញ។

គម្រោង​កៀរគរ​យុវជន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រមូល​យក​មតិ​យុវជន​ជុំវិញ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដាក់​ចូល​ក្នុង​របាយការណ៍​មួយ ដើម្បី​បញ្ជូន​ទៅ គ.ជ.ប និង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ដើម​ខែ​កក្កដា ខាង​មុខ។

អ្នក​សម្រប​សម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ជរ ច័ន្ទធីតា មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ចរចា​រក​ដំណោះស្រាយ ចំពោះ​ការ​ជាប់​គាំង​នយោបាយ ជាពិសេស គឺ​បញ្ហា​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា លទ្ធផល​ឆ្នោត​មិន​មាន​ភាព​ត្រឹមត្រូវ​យុត្តិធម៌​នោះ។

អ្នកស្រី​បន្ត​ថា អ្វី​ដែល​ជា​ក្ដី​កង្វល់ និង​សេចក្ដី​ត្រូវ​ការ​របស់​យុវជន ជុំវិញ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​នេះ នឹង​ចងក្រង​ទៅ​ជា​របាយការណ៍​សង្ខេប​ខ្លី​មួយ ហើយ​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​គណបក្ស​នយោបាយ ដែល​អាច​យក​សំណូមពរ ឬ​មតិ​ជា​សំឡេង​របស់​យុវជន ទៅ​ដាក់​បញ្ចូល​នៅ​ក្នុង​របៀប​វារៈ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​នោះ៖ «យុវជន​យើង​ឃើញ​ថា​ធនធាន​មួយ​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​គំនិត​របស់​គាត់​មាន​ការ​ជឿន​លឿន ឬ​ក៏​ទាន់​សម័យ​ខុស​ពី​គំនិត​មនុស្ស​វ័យ​ចំណាស់។ តម្រូវ​ការ​របស់​គាត់​វា​ទាក់ទង​ទៅ​នឹង​មាន​ការ​រីក​ចម្រើន​ទៅ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ណា​ខ្លះ»

ការ​ថ្លែង​នេះ​នៅ​ក្នុង​សិក្ខា​សាលា​រយៈពេល​២​ថ្ងៃ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្ងៃ​ទី​២០ និង​២១ ខែ​មិថុនា ក្នុង​រាជធានី​ភ្នំពេញ។ សិក្ខា​សាលា​នោះ​ស្ដី​អំពី យុវជន និង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដែល​មាន​បំណង​លើក​កម្ពស់​ការ​យល់​ដឹង និង​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន ជាពិសេស​យុវជន​ដែល​មាន​សំឡេង​ច្រើន​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​អំពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដើម្បី​ចូលរួម​ចំណែក​បង្កើត​អនុសាសន៍​ដែល​ឆ្លុះ​បញ្ចាំង​ពី​គ្រប់​ស្ថាប័ន។

និស្សិត​នៃ​សាកលវិទ្យាល័យ​ខេមរៈ ផ្នែក​ទំនាក់ទំនង​ការទូត យុវតី ជាតិ ចាន់សុលីនដា ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ មាន​ទស្សនៈ​ថា ប្រសិន​ជា​មិន​មាន​ការ​កែ​ទម្រង់​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត និង​សមាសភាព គ.ជ.ប ពី​ពេល​នេះ​ទៅ​ទេ វិបត្តិ​នៃ​ការ​ជាប់​គាំង​នយោបាយ​នៅ​តែ​បន្ត​កើត​មាន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ៖ «មតិ​របស់​ខ្ញុំ គឺ​ផ្លាស់​ប្ដូរ​នូវ​សមាសភាព គ.ជ.ប ពីព្រោះ​អី​យើង​ឃើញ​ថា គ.ជ.ប សព្វ​ថ្ងៃ​យើង​មាន​សមាសភាព​ចេញ​ពី​ចេញ​បក្ស​ណា​ខ្លះ ឬ​ក៏​សមាជិក​របស់ គ.ជ.ប ជា​សមាជិក​របស់​គណបក្ស​មួយ​ណា។ អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប ឲ្យ​មាន​ការ​ចូលរួម​របស់​បក្ស​ទាំង​សង​ខាង ឬ​ក៏​បក្ស​ជាប់​ឆ្នោត​នៅ​ក្នុង​សភា ហើយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ រាល់​ការ​បោះ​ឆ្នោត​ម្ដងៗ សូម​ឲ្យ​មាន​ការ​អង្កេត​ការណ៍​ពី​ប្រជាជន ទោះ​បី​ជា​សព្វថ្ងៃ​ហ្នឹង យើង​ឃើញ​ថា​មាន​ការ​សង្កេត​ការណ៍​ពី​សង្គម​ស៊ីវិល និង​ប្រជាជន​ក្ដី ប៉ុន្តែ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត សួរ​ថា​ហេតុ​អី​បាន​ជា​ចាំបាច់​បិទ​ទ្វារ?»

ចំណែក​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច យុវជន សួន វីរៈ ចង់​ឲ្យ​ប្រទេស​កម្ពុជា ធ្វើ​ការ​កែប្រែ​ការ​បោះ​ឆ្នោត​ពី​ប្រព័ន្ធ​សមាមាត្រ មក​តាម​បែប​ឯកត្តនាម​វិញ៖ «ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ​នេះ វា​ហាក់​មិន​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​ប្រជាជន​ខ្មែរ​នៅ​ឡើយ​ទេ។ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ការ​បោះ​ឆ្នោត​តាម​បែប​ឯកត្តនាម ចំពោះ​ការ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត។ នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​បែប​នេះ គឺ​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត មិន​មែន​ជា​សមាជិក​ដែល​ត្រូវ​តែ​ឈ្នះ​ឆ្នោត​ក្នុង​ការ​ជ្រើស​រើស​តំណាង​រាស្ត្រ​សភា​នោះ​ទេ។ ការ​បោះ​ឆ្នោត​ចំ​បុគ្គល​ចំៗ​តែ​ម្ដង។ បញ្ហា​នេះ​ខ្ញុំ​ធ្លាប់​តែ​ពិភាក្សា​ជាមួយ​មិត្តភ័ក្ដិ​ជាច្រើន ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ដែល​មើល​ឃើញ​ពី​បញ្ហា​នេះ»

យ៉ាង​ណា​ក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ យុវជន​មាន​ចំនួន​កាន់​តែ​ច្រើន បាន​ចូលរួម​ក្នុង​សកម្មភាព​ចាប់​ផ្ដើម​ឃោសនា​តាម​គណបក្ស​នយោបាយ ចូលរួម​បោះ​ឆ្នោត និង​សង្កេត​ការណ៍​បោះ​ឆ្នោត។ យុវជន​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ មាន​ចំនួន​ប្រមាណ ៤​លាន ៤​សែន​នាក់។ ហើយ​យុវជន​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន ៣៦% ឬ​ស្នើ​នឹង​ជាង ៣​លាន​នាក់ នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ៩​លាន ៦​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។