ទស្សនៈ​យុវជន​ចំពោះ​ការ​បោះឆ្នោត

យុវជន គឺ​ជា​ទិសដៅ​មួយ​ដែល​អ្នក​នយោបាយ​គ្រប់​គណបក្ស​ឲ្យ​តម្លៃ និង​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​ពង្រឹង​នូវ​វិសាលភាព​ឲ្យ​គណបក្ស​របស់​ខ្លួន។ ប៉ុន្តែ តើ​យុវជន​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន មាន​ទស្សនៈ​យល់​ឃើញ​យ៉ាង​ណា​ទាក់ទង​នឹង​គណបក្ស​នយោបាយ និង​ការ​បោះឆ្នោត​នា​ពេល​ឆាប់ៗ​នេះ?

0:00 / 0:00

គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ និង​ការ​បោះឆ្នោត គឺ​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​តែ​ចាប់​អារម្មណ៍ និង​តាម​ដាន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ យុវជន​ភាគ​ច្រើន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខុសៗ​គ្នា​របស់​ខ្លួន ទាក់ទង​នឹង​សារៈសំខាន់​របស់​គណបក្ស​នយោបាយ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ។

យុវជន​ទាំង​នោះ​បាន​បញ្ចេញ​ទស្សនៈ​ថា ក្នុង​នាម​ជា​យុវជន និង​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ការ​បោះឆ្នោត​គឺ​ជា​កាតព្វកិច្ច​ដែល​តម្រូវ​ឲ្យ​គ្រប់​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត ដើម្បី​ជ្រើស​រើស​អ្នក​តំណាង​ដែល​ខ្លួន​ពេញ​ចិត្ត។

កម្មការិនី​រោងចក្រ​ម្នាក់​នៅ​ម្តុំ​ស្ទឹងមានជ័យ អ្នកស្រី សោភា បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹកនាំ​ដែល​ខ្លួន​រំពឹង​ថា​នឹង​អាច​ជឿ​ទុក​ចិត្ត​បាន៖ «ខ្ញុំ​គិត​ថា ការ​បោះឆ្នោត​សំខាន់​ណាស់ មិន​សំខាន់​យ៉ាង​ម៉េច? បើ​បោះ​ឲ្យ​តំណាង​រាស្ត្រ​ដើម្បី​គ្រប់គ្រង​យើង»

យុវជន គឺ​ជា​កម្លាំង​ពលករ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សង្គម និង​ជា​អ្នក​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​សកម្មភាព​ផ្សេងៗ។ នៅ​ត្រង់​ចំណុច​នេះ យុវជន​ត្រូវ​ការ​ដឹង​អំពី​គោល​នយោបាយ​ច្បាស់​លាស់​របស់​គណបក្ស​នីមួយៗ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នៅ​ថ្ងៃ​បោះឆ្នោត ថា​តើ​គណបក្ស​ណា​មួយ​ដែល​ពួក​គាត់​គិត​ថា អាច​ជួយ​អភិវឌ្ឍ​ធនធាន​យុវជន​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​នោះ?

ប៉ុន្តែ ទោះ​បី​ជា​ការ​ប្រកួត​ប្រជែង​គ្នា​របស់​គណ​បក្ស​នយោបាយ​បាន​មក​ដល់​ហើយ​ក្ដី តែ​គណបក្ស​នយោបាយ​ទាំង​នោះ​ហាក់​មិន​បង្ហាញ​អំពី​គោល​នយោបាយ​ឲ្យ​បាន​ច្បាស់​លាស់​ដល់​យុវជន​នៅ​ឡើយ​ទេ។ ទាក់ទង​នឹង​បញ្ហា​នេះ និស្សិត​ឆ្នាំ​ទី១ ពី​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ឈ្មោះ តារា បាន​ប្រាប់​ស្រដៀង​គ្នា​ទាក់ទង​នឹង​បញ្ហា​នេះ​ថា ការ​បោះឆ្នោត​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ តែ​លោក​បញ្ជាក់​ថា លោក​នៅ​តែ​មិន​ទាន់​បាន​ដឹង​អំពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ទោះ​បី​ជា​គណបក្ស​នីមួយៗ​កំពុង​ធ្វើ​សកម្មភាព​ឃោសនា​ខ្លាំងក្លា​ហើយ​ក្ដី៖ «ពិបាក​ចាំ​ដែរ ព្រោះ​អី​គោល​នយោបាយ​ច្រើន​ពេក»

លើស​ពី​នេះ​ទៀត អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ភាគ​ច្រើន​នៃ​យុវជន​មិន​សូវ​ជា​ខ្វាយខ្វល់​នឹង​សកម្មភាព​របស់​អ្នក​នយោបាយ និង​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ការ​បោះឆ្នោត​ដែល​ឈាន​មក​ដល់​ពេល​ខាង​មុខ​នោះ​ឡើយ ដោយសារ​តែ​ពួក​គាត់​យល់​ថា ស្ថានភាព​នៅ​កម្ពុជា មិន​សូវ​ជា​អំណោយ​ផល និង​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​ដឹង​រឿងរ៉ាវ​នយោបាយ​ច្រើន​ពេក។

និស្សិត​នៃ​សាកលវិទ្យាល័យ​ន័រតុន (Norton) ឈ្មោះ សំណាង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មាន​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​យុវជន​មិន​សូវ​ចាប់​អារម្មណ៍​នឹង​គណបក្ស​នយោបាយ ឬ​គោល​នយោបាយ​របស់​គណបក្ស​នោះ គឺ​ការ​គិត​ពី​បញ្ហា​សុវត្ថិភាព​ជា​ចម្បង៖ «ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​រឿង​នយោបាយ​ទេ ព្រោះ​ថា​នយោបាយ​នៅ​ស្រុក​ខ្មែរ​មិន​សូវ​មាន​ស្ថិរភាព​ដូច​នយោបាយ​ស្រុក​ក្រៅ​នោះ​ទេ»

ការ​លើក​ឡើង​របស់​ក្រុម​យុវជន​អំពី​សុវត្ថិភាព​នេះ ព្រោះ​កម្ពុជា មាន​បទ​ពិសោធន៍​ជាច្រើន​កន្លង​មក​ទាក់ទង​នឹង​រឿង​នយោបាយ ដូច​ជា​សកម្មជន​គណបក្ស​នយោបាយ​ត្រូវ​បាន​គេ​គំរាម​កំហែង និង​សម្លាប់​ជាដើម។ ម្យ៉ាង​ទៀត ក្រុម​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ថ្វី​ត្បិត​តែ​កម្ពុជា ជា​ប្រទេស​ប្រកាន់​នូវ​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក្ដី តែ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​សម្ដែង​ចេញ​នូវ​ការ​គាំទ្រ​គណបក្ស​នយោបាយ ពិសេស​គណបក្ស​ប្រឆាំង ជា​រឿយៗ​អ្នក​គាំទ្រ​នោះ​ទទួល​រង​នូវ​ការ​គំរាម​កំហែង។

ទន្ទឹម​នឹង​នេះ កម្មករ​រោងចក្រ​ម្នាក់​ឈ្មោះ ប៊ួយ ឆាយ៉ា បាន​បញ្ចេញ​ទស្សនៈ​ថា លោក​មិន​ដឹង​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​នោះ​ទេ ពីព្រោះ​លោក​រវល់​នឹង​ការងារ គ្មាន​ពេល​តាម​ដាន​គោល​នយោបាយ​របស់​គណបក្ស​នានា​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ឡើយ៖ «មិន​សូវ​បាន​តាម​ដាន​រឿង​នយោបាយ​ខាង​នយោបាយ​ទេ ព្រោះ​រវល់​ធ្វើ​ការ​ពេក»

មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​នូវ​ទស្សនៈ​យល់​ឃើញ​ផ្សេង​ពី​យុវជន​ខាង​លើ ដោយ​និយាយ​ថា ក្នុង​នាម​ជា​យុវជន ចាំបាច់​ត្រូវ​តែ​ដឹង​រឿង​នយោបាយ ជាពិសេស​ជាង​នេះ​ទៅ​ទៀត យុវជន​គ្រប់​រូប​គួរ​តែ​ដឹង និង​តាម​ដាន​អោយ​បាន​ជាក់​លាក់​នូវ​រាល់​គោល​នយោបាយ​របស់​គណបក្ស​នានា មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បោះឆ្នោត។ ចំណែក​ឯ​យុវជន​មួយ​ចំនួន​ទៀត បាន​សម្ដែង​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​គ្រប់​រូប​គួរ​តែ​តាម​ដាន និង​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​អំពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា ជា​ពិសេស​គោល​នយោបាយ​គ្រប់​គណបក្ស​ឲ្យ​បាន​ច្បាស់ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើស​រើស​មេ​ដឹកនាំ​ក្នុង​នីតិ​កាល​ទី៥ ខាង​មុខ​នេះ៖ «ខ្ញុំ​គិត​ថា យុវជន​ទាំងអស់​គួរ​តែ​យល់​ដឹង​ពី​បញ្ហា​នយោបាយ ព្រោះ​ថា​បញ្ហា​នយោបាយ គឺ​ជា​បញ្ហា​ចម្បង​សំខាន់​សម្រាប់​យុវជន»

ចំណែក​ឯ​លោក ម៉ាក ចំរើន ដែល​ជា​ប្រធាន​សមាគម​យុវជន​ខ្មែរ ហៅ​កាត់​ថា ខេ.វ៉ាយ.អេ (KYA) បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា យុវជន​គឺ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​សង្គម ប្រសិន​បើ​យុវជន​មិន​បាន​ដឹង​នូវ​គោល​នយោបាយ​អោយ​បាន​ច្បាស់​លាស់ ហើយ​ស្ថិត​ក្រោម​គំនាប និង​ការ​គំរាម​កំហែង​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ៖ «ក្នុង​នាម​យុវជន ប្រសិន​បើ​គាត់​មិន​ទាន់​បាន​ស្វែង​យល់​ពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​មួយ​អោយ​បាន​ច្បាស់​លាស់ ហើយ​គាត់​ជឿ ឬ​ស្ថិត​ក្រោម​គំនាប​របស់​មនុស្ស​ចាស់​ផ្សេងៗ​នោះ ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​គាត់​នោះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ជា​ពិសេស​យើង​ឃើញ​ហើយ​ថា ដំណើរ​នៃ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ការងារ​ធ្វើ គុណភាព​អប់រំ និង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ»

ម្យ៉ាង​ទៀត របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​លោក កែម ឡី បាន​បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​យុវជន​ជាង ៤​លាន​នាក់ ក្នុង​ចំណោម​យុវជន​ទាំង​នេះ​មាន​ចន្លោះ​ពី ៥ ទៅ ៦% ទេ ដែល​បាន​ចូល​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ។ យុវជន​មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ មាន​ចំនួន ២២% គ្មាន​ការងារ​ធ្វើ។ ដោយ​ឡែក​យុវជន​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​នោះ​មាន​តែ ២០% ទេ ដែល​មាន​ការងារ​ធ្វើ​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ដែល​រៀន​នោះ និង ៨០% ទៀត ធ្វើ​ការ​មិន​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ទេ។ បញ្ហា​នេះ ដោយសារ​តែ​ទីផ្សារ​ការងារ​ចង្អៀត និង​ខ្វះ​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។