ក្រុម​យុវជន​បន្ត​ទាម​ទារ​ឲ្យ​​លោក កឹម សុខា បកស្រាយ​រឿង​អាស្រូវ​ស្នេហា​ដល់​ខេត្ត​កំពង់ធំ

0:00 / 0:00

ក្រុម​យុវជន​ដែល​អះអាង​ថា ជា​និស្សិត ដឹកនាំ​ដោយ​លោក ស្រី ចំរើន បរាជ័យ​ក្នុង​ការ​ទាមទារ​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បក​ស្រាយ​រឿង​ស្នេហា​ជាមួយ​ស្រី​កំណាន់​របស់​ខ្លួន​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។ ការ​បរាជ័យ​នេះ ដោយសារ​ប្រធាន​ស្ដីទី​លោក កឹម សុខា ក្នុង​ឱកាស​ជួប​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ ហាក់​មិន​ខ្វល់​ទៅ​នឹង​ការ​តវ៉ា​របស់​ក្រុម​យុវជន​ទាំង​នោះ​ឡើយ។

ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងសែន យល់​ថា ក្រុម​យុវជន​ទាំង​នោះ​គប្បី​ធ្វើ​រឿង​ទាំង​ឡាយ​ណា​ដែល​មាន​ប្រយោជន៍​ដល់​ជាតិ​គឺ​ល្អ​ជាង​រឿង​បែប​នេះ។

ក្រុម​យុវជន​ដឹកនាំ​ដោយ​លោក ស្រី ចំរើន នាំ​គ្នា​ឈរ​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ម្ខាង​ផ្លូវ ស្រែក​ទាមទារ​តាម​ឧបករណ៍​បំពង​សំឡេង ឱ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​ដែល​គេ​ចោទ​ប្រកាន់​ថា ជា​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ។ យុវជន ស្រី ចំរើន ដែល​អះអាង​ថា មាន​គ្នា​ប្រមាណ ៣០​នាក់ លើក​ឡើង​ថា ពុំ​មែន​ជា​រឿង​បរាជ័យ ឬ​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​ទាមទារ​ឱ្យ​លោក កឹម សុខា ចេញ​មុខ​បក​ស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់​លោក​កន្លង​មក​ប៉ុណ្ណោះ៖ «ករណី​ស្រីមុំ និង​លោក​ពាក់ព័ន្ធ​រឿង​ខ្សែអាត់​សំឡេង​នោះ​ពិត​ប្រាកដ»

បើ​ទោះ​បី​ជា​ពួកគេ​នាំ​គ្នា​ស្រែក​ទាមទារ​រហូត​ដល់​មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​នាទី​ចុង​ក្រោយ​ពេល​លោក កឹម សុខា លា​ថ្នាក់ដឹកនាំ​របស់​ខ្លួន​យ៉ាង​ក៏ដោយ ប៉ុន្តែ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ហាក់​មិន​ខ្វល់​ទៅ​នឹង​ការ​ទាមទារ​នោះ​ឡើយ។ លោក កឹម សុខា ដែល​ស្ថិត​នៅ​ក្នុង​វេទិកា​គឺ​ផ្ដោត​ទៅ​លើ​ការ​ណែនាំ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​អំពី​យុទ្ធសាស្ត្រ​បំពេញ​ការងារ និង​ការដឹកនាំ​ប៉ុណ្ណោះ គឺ​លោក​មិន​បាន​ឆ្លើយ​តប​ទៅ​ក្រុម​យុវជន ឬ​ចេញ​ជួប​យុវជន​ទាំង​នោះ​ទេ។

ចំណែក​ពលរដ្ឋ​រស់នៅ​សង្កាត់​អាចារ្យលាក់ ក្រុង​ស្ទឹងសែន វិញ បាន​បញ្ចេញ​ទស្សនៈ​ថា យុវជន​ត្រូវ​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ គឺ​ជា​ការ​ល្អ។ ពលរដ្ឋ​រស់​នៅ​សង្កាត់​អាចារ្យលាក់ លោកស្រី ប៊ី គឹមលីម មាន​ប្រសាសន៍​ថា រឿង​ស្រី​ញី​ដែល​ក្រុម​យុវជន​ទាមទារ​ឱ្យ​លោក កឹម សុខា បកស្រាយ​នោះ គឺ​ជា​រឿង​ឥតប្រយោជន៍។ លោកស្រី​ថា រឿង​ដែល​មាន​ប្រយោជន៍​សម្រាប់​យុវជន ពួកគេ​គប្បី​ទាមទារ​ឱ្យ​មាន​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ អំពើ​ពុករលួយ និង​រឿង​ទឹកដី​ជាដើម៖ «ឱ្យ​តវ៉ា​រក​ដីធ្លី​ជូន​ប្រជាជន កុំ​កាប់​ឈើ​កាប់​ព្រៃ​ទៅ។ តវ៉ា​រឿង​អ៊ីចឹង​បាន​ត្រឹមត្រូវ»

ការ​ទាមទារ​របស់​ក្រុម​យុវជន​ពេល​នេះ ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ រៀបចំ​ពិធី​ផ្ទេរ​តំណែង​ប្រធាន​ក្រុម​ការងារ​ខេត្ត គឺ​លោក ម៉ែន សុថាវរិន្ទ្រ ជំនួស​ដោយ​អ្នកស្រី កែ សុវណ្ណរតន៍ ដែល​ជា​អតីត​ប្រធាន​ក្រុម​ការងារ​ខេត្ត​សៀមរាប ដោយ​មាន​ថ្នាក់ដឹកនាំ​បក្ស​ចូលរួម​ជាង ៣០០​នាក់។ មិន​ខុស​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត ដែល​បាន​ឈរ​មើល​ការ​ស្រែក​ទាមទារ​របស់​ក្រុម​យុវជន ស្រី ចំរើន លោកស្រី ខៀវ មិន ចង់​ឱ្យ​ក្រុម​យុវជន​មួយ​នេះ​បំពេញ​សកម្មភាព​ដើម្បី​ប្រយោជន៍​ជាតិ។

ជាង​នេះ​ទៀត លោកស្រី​ថា សកម្មភាព​តវ៉ា​បែប​នេះ​ធ្វើ​ឱ្យ​សង្គម​ជាតិ​វឹកវរ​ទៀត​ផង៖ «មិន​ពេញចិត្ត​ទេ ពួក​ហ្នឹង​នោះ វា​ខ្មែរ​ដែល​តែ​វា​មិន​គិត​ពី​ប្រយោជន៍​ជាតិ បើ​វា​គ្រាន់បើ​វា​ទៅ​ការពារ​ព្រៃ​អូរពោធិ៍ អូ​អី​ទៅ»

បើ​ទោះ​បី​ពលរដ្ឋ​មើល​ឃើញ​បែប​នេះ​ក្តី ប៉ុន្តែ​សម្រាប់​យុវជន ស្រី ចំរើន ដែល​ជា​អ្នកដឹកនាំ​ការ​ទាមទារ​នោះ​យល់​ថា អ្នក​ដែល​ធ្វើ​ឱ្យ​អាប់ឱន​កិត្តិយស​ជាតិ គឺ​លោក កឹម សុខា ទៅ​វិញ​ទេ ដែល​មិន​ព្រម​ចេញ​មុខ​បកស្រាយ​ការពិត​ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោក​កន្លង​មក។

ពាក់ព័ន្ធ​បញ្ហា​ស្នេហា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​បាន​ចេញ​បកស្រាយ ឬ​ជួប​ជាមួយ​ក្រុម​យុវជន​ទាំង​នោះ​ទេ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​បាន​បញ្ជាក់​ពី​គោលជំហរ​របស់​បក្ស​ខ្លួន​ថា មិន​ឆ្លង មិន​ឆ្លើយ និង​មិន​ឈ្លោះ។ ជាមួយ​គ្នា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​ឧសភា ថា គណបក្ស​ខ្លួន​នឹង​ឆ្លើយ​តប​ពាក់ព័ន្ធ​រឿង​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ ប៉ុន្តែ​រឿង​បុគ្គល​វិញ សមាជិក​បក្ស​ខ្លួន​មិន​ត្រូវ​ឆ្លើយ​តប​ទេ។

ការ​ទាមទារ​របស់​ក្រុម​យុវជន ស្រី ចំរើន នៅ​នាទី​ចុង​ក្រោយ ខណៈ​លោក កឹម សុខា លា​ថ្នាក់ដឹកនាំ​បក្ស ហើយ​ដើរ​សំដៅ​រថយន្ត​នោះ ខាង​ក្រុម​យុវជន​នាំ​គ្នា​សម្រុក​ចង់​ទៅ​ជួប​លោក កឹម សុខា ប៉ុន្តែ​ត្រូវ​រារាំង​ដោយ​ក្រុម​ការពារ​សណ្ដាប់ធ្នាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ហេតុការណ៍​រុញច្រាន​គ្នា​នោះ លោក ស្រី ចំរើន ក្នុង​ហ្វេសប៊ុក របស់​ខ្លួន​ថា សមាជិក​របស់​លោក​ប្រមាណ ៥​នាក់ របួសស្រាល និង​ម្នាក់​របួសធ្ងន់។ បន្ថែម​ពី​នេះ លោក ស្រី ចំរើន ​មាន​គម្រោង​ប្ដឹង​លោក ​ កឹម សុខា ដែល​បណ្ដោយ​ឱ្យ​អង្គរក្ស​រារាំង​រុញ​ច្រាន និង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​របស់​ខ្លួន។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក ឈួម រុណ យល់​ថា សកម្មភាព​របស់​ក្រុម​យុវជន ស្រី ចំរើន ពេល​នេះ ធ្វើ​ឡើង​ដើម្បី​អុកឡុក​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែម្ដង។ លោក​ថា យុវជន​គប្បី​សម្លឹង​មើល​បញ្ហា​ជាតិ​ធំៗ ដូចជា​អំពើ​ពុករលួយ ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គមជាតិ​ជាដើម៖ «បាទ! យើង​ត្រូវ​គិត​ពី​រឿង​សង្គម ឬ​រឿង​ប្រទេស​ជាតិ ពីព្រោះ​យុវជន គឺ​ជា​ទំពាំង​ស្នង​ឫស្សី»

បើ​ទោះ​បី​ជា​ការ​ទាមទារ​ឱ្យ​លោក កឹម សុខា បកស្រាយ​រឿង​អាស្រូវ​ស្នេហា​ត្រូវ​បរាជ័យ​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ ក៏ដោយ ប៉ុន្តែ​លោក ស្រី ចំរើន អះអាង​ថា ក្រុម​យុវជន​លោក​ប្រមាណ ៣០​នាក់ នឹង​បន្ត​ទាមទារ​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​ជុំវិញ​បញ្ហា​នេះ នៅ​ខេត្ត​សៀមរាប បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។