បណ្ដាញ​យុវជន​នឹង​ដាក់​ញត្តិ​តាម​ស្ថានទូត​មហា​អំណាច​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម

0:00 / 0:00

សំណុំ​រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម ចាប់​ផ្ដើម​កក្រើក​ជា​ថ្មី​ក្នុង​គំនិត​របស់​ស្រទាប់​យុវជន​ខ្មែរ។ យុវជន​មួយ​ចំនួន រួម​ទាំង​យុវជន​បក្ស​ប្រឆាំង​ផង​នោះ ធ្វើ​យុទ្ធនាការ​បន្តបន្ទាប់​គ្នា ដើម្បី​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្លួន​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម។

ប៉ុន្តែ​យុទ្ធនាការ​ទាំង​នោះ តែង​ត្រូវ​រារាំង​ដោយ​កម្លាំង​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្ព័ន្ធ​មិត្ត​វៀតណាម គឺ​គណបក្ស​ប្រជាជន​កម្ពុជា។ ទោះ​ជា​បែប​ណា ក្រុម​យុវជន​ទាំង​នោះ​ប្ដេជ្ញា​ចិត្ត​ថា នឹង​មិន​រាថយ​នោះ​ឡើយ។

បណ្ដាញ​យុវជន​ឯករាជ្យ ប្រកាស​ថា​នឹង​រៀបចំ​យុទ្ធនាការ​ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត​មហា​អំណាច​នានា នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ខាង​មុខ ដើម្បី​បង្ខំ​ឲ្យ​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម។

ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ភូមិសាស្ត្រ​ស្រុក​កោះធំ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា។ ហើយ​ដំណើរ​ទស្សនកិច្ច​សិក្សា​ដោយ​ភ្នែក​ទទេ​នោះ ត្រូវ​បាន​ហាម​ឃាត់​ពី​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ហេតុផល​ថា មិន​មាន​បញ្ជា​ពី​ថ្នាក់​លើ បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ច្បាស់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ដើរ​ហើរ​ក៏ដោយ​ចុះ។

សមាជិក​សមាគម​និស្សិត​បញ្ញវន្ត​កម្ពុជា យុវជន ទីប ទាវ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា មាន​ប្រសាសន៍​ថា ក្រុម​យុវជន​ជាច្រើន​ក្រុម នឹង​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​បើក​យុទ្ធនាការ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​មហា​អំណាច​នានា ក្នុង​បំណង​បង្ហាញ​ពិភពលោក​ថា រាស្ត្រ​ខ្មែរ​មិន​ដែល​ភ្លេច​ប្រវត្តិសាស្ត្រ​ឡើយ។ លោក​បន្ត​ថា ដោយសារ​តែ​រដ្ឋាភិបាល​ព្យាយាម​លាក់​បាំង​ព័ត៌មាន​គ្រប់​បែប​យ៉ាង ទើប​ធ្វើ​ឲ្យ​យុវជន​ទាំងអស់​មិន​បាន​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​គិត​អ្វី​ធ្វើ​អ្វី​នោះ​ឡើយ ខណៈ​ដែល​អ្នក​ការទូត​វៀតណាម មើល​ងាយ​រាស្ត្រ​ខ្មែរ​បែប​នេះ​នោះ។

ទោះ​ជា​បែប​ណា​ក្តី ក្រុម​យុវជន​ទាំង​នោះ​មិន​ទាន់​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា សាលា​ក្រុង​ត្រៀម​នឹង​ពិនិត្យ​សំណើ​ពី​ក្រុម​យុវជន ប៉ុន្តែ​គោលការណ៍​ដែល​អនុញ្ញាត ឬ​មិន​អនុញ្ញាត​នោះ ជា​សិទ្ធិ​របស់​សាលា​ក្រុង។ លោក​បន្ថែម​ថា មិន​ថា​ឡើយ​ដើរ​ដាក់​ញត្តិ សូម្បី​តែ​ទីលាន​ប្រជាធិបតេយ្យ ក៏​អាជ្ញាធរ​មិន​ទាន់​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​ដែរ៖ «កន្លង​មក​ការ​បង្ក​ភាព​អនាធិបតេយ្យ និង​បង្ក​ហិង្សា​ពី​មុន​មក មិន​ទាន់​ដឹង​ថា អ្នក​ណា​ជា​ខុស​អ្នក​ត្រូវ​នោះ​ទេ»

ទន្ទឹម​នឹង​គម្រោង​របស់​ក្រុម​យុវជន​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ក៏​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ធ្វើ​បាតុកម្ម​ទូទាំង​ពិភពលោក។ បាតុកម្ម​នោះ ដើម្បី​បង្ហាញ​ឆន្ទៈ​ថ្កោលទោស​មន្ត្រី​ជាន់​ខ្ពស់​ស្ថានទូត​វៀតណាម ដែល​និយាយ​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​ដី​កេរ​ដូនតា​វៀតណាម នោះ។

ក្រៅ​ពី​មាន​ទំនាស់​ជាមួយ​ពលរដ្ឋ​កម្ពុជា រឿង​ទឹក​ដី​ខ្មែរ​ក្រោម ប្រទេស​វៀតណាម ក៏​មាន​ទំនាស់​ជាមួយ​ប្រទេស​ចិន ក្នុង​សំណុំ​រឿង​ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ។ រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ ពលរដ្ឋ​វៀតណាម បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន ហើយ​ប្រើ​ហិង្សា​ដុត​បំផ្លាញ​រោងចក្រ និង​សម្លាប់​អ្នក​រក​ស៊ី​ជាតិ​ចិន អស់​ជាច្រើន​នាក់​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា យុវជន​ជាច្រើន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម សុំ​ទោស​ជា​សាធារណៈ ប៉ុន្តែ​បាតុកម្ម​នោះ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល ប្រើ​កម្លាំង​បំបែក​ក្រោម​ហេតុផល​រក្សា​របៀប​រៀបរយ​សង្គម។

មន្ត្រី​ស្ថានទូត​វៀតណាម បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម ជា​រឿង​ខុស​ច្បាប់។ ហើយ​វៀតណាម មិន​ឈឺ​ក្បាល​វិល​មុខ​នោះ​ឡើយ។ ចំណែក​ឯ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា វិញ បែរ​ជា​ស្ងាត់​មាត់​មិន​ឃើញ​ចេញ​មុខ​បំភ្លឺ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​យួន នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។