កម្ពុជា​រំពឹង​ថា​ភាព​ក្រីក្រ​នឹង​ថយ​ចុះ​មក​នៅ​១៩% នៅ​ឆ្នាំ​២០១៣

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា នឹង​ថយ​ចុះ​មក​ត្រឹម ១៩% នៅ​ឆ្នាំ​២០១៣។

0:00 / 0:00

ក្នុង​សារ​លិខិត​ចូល​រួម​អបអរ​វេទិកា​សន្តិភាព​អន្តរជាតិ លើក​ទី​១០ នា​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ បាន​កើន​ឡើង​ពី ៧៦០​ដុល្លារ ក្នុង​ឆ្នាំ​២០១១ ដល់​ប្រមាណ ៩៩០​ដុល្លារ ក្នុង​ឆ្នាំ​២០១២។ លោក​រំពឹង​ទៀត​ថា ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ នឹង​អាច​ឡើង​ដល់ ១.០៨០​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៣។

អត្រា​នៃ​ភាព​ក្រីក្រ បាន​ធ្លាក់​ចុះ​ពី ២២,៩% ក្នុង​ឆ្នាំ​២០០៩ មក​នៅ ២០% នៅ​ក្នុង​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា អាច​នឹង​ចុះ​មក​ត្រឹម ១៩% នៅ​ឆ្នាំ​២០១៣។

យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា ពិត​ជា​ថយ​ចុះ​ច្រើន ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ នៅ​តែ​មាន​អត្រា​ភាព​ក្រីក្រ​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​បន្ត​ថា អ្នក​រស់នៅ​ទី​ប្រជុំ​ជន​មាន​អត្រា​ភាព​ក្រីក្រ​ប្រមាណ ៧% ខណៈ​ពេល​អ្នក​ជនបទ​មាន​អត្រា​ក្រីក្រ​រហូត​ដល់​ជិត ៥០%។ លោក កែម ឡី បន្ត​ថា តាម​ការ​ស្រាវជ្រាវ កុមារ​នៅ​កម្ពុជា ដែល​ខ្វះ​អាហារូបត្ថម្ភ មាន​អត្រា​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ដូច​នេះ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​ពលរដ្ឋ​ក្រីក្រ​មាន​ជីវភាព​កាន់​តែ​ប្រសើរ៖ «ស្ថានភាព​ក្រីក្រ​ស្រុក​ខ្មែរ​ធ្លាក់​ចុះ​ខ្លាំង ប៉ុន្តែ​ស្ថានភាព​កុមារ​ដូច​ជា​ស្លេក​ស្លាំង​ក្រិន និង​ពលកម្ម​កុមារ​នៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។ រដ្ឋាភិបាល​រៀបចំ​ផែនការ​គាំពារ​សង្គម​ឆ្នាំ​២០១១ ដល់​២០១៥ ប៉ុន្តែ​តើ​ការ​អនុវត្ត​ផែនការ​ហ្នឹង​យ៉ាង​ម៉េច បើ​អនុវត្ត​បាន​ល្អ អ៊ីចឹង បាន​ន័យ​ថា ភាព​ក្រីក្រ​នឹង​ត្រូវ​កាត់​បន្ថយ​ប្រាកដ​ហើយ»

តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា នៅ​ឆ្នាំ​២០១១ កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច ៧,១% ហើយ​សម្រាប់​ឆ្នាំ​២០១២ កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​សម្រេច​បាន ៦,៩% ធៀប​នឹង​ការ​ព្យាករណ៍​មាន ៦,៥%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។