អ្នក​ភូមិ​នៅ​ព្រះវិហារ​រក​អន្តរាគមន៍​ដើម្បី​យក​រូប​ចម្លាក់​បុរាណ​ពី​ក្រុមហ៊ុន​ឯកជន​វិញ

0:00 / 0:00

ខេត្ត​ព្រះវិហារ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៣០០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទីក្រុង​ភ្នំពេញ ក៏​ជា​ខេត្ត​មួយ​ដែល​សំបូរ​ប្រាសាទ និង​វត្ថុ​បូរាណ​សេសសល់​នៅ​កប់​តាម​ព្រៃ​ជា​ច្រើន​កន្លែង​ដូច​ខេត្ត​សៀមរាប និង​កំពង់ធំ ដែរ។

ប្រជាពលរដ្ឋ​ខ្លះ​នៅ​ស្រុក​រវៀង នៃ​ខេត្ត​នេះ​បាន​ចោទ​ប្រកាន់​ថា មាន​ក្រុមហ៊ុន​រុករក​រ៉ែ​ឯកជន​មួយ​បាន​យក​បដិមា​ថ្ម​បូរាណ​មួយ​ទៅ​បាត់ កាល​ពី​២​សប្ដាហ៍​មុន ដោយ​អាជ្ញាធរ​មូលដ្ឋាន​មិន​ធ្វើ​ដឹង​ឮ​ក្នុង​រឿង​នេះ​ទេ។

ក្រុម​អ្នក​ភូមិ​ដី​ក្រហម ឃុំ​រំដោះ ស្រុក​រវៀង កំពុង​ពឹង​ពាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ខ្លះ​ទៀត​នៅ​ខេត្ត​ព្រះវិហារ ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ដក​ហូត​យក​រូប​ចម្លាក់​ថ្ម​បូរាណ​ដ៏​ធំ​១​ផ្ទាំង​ពី​ក្រុមហ៊ុន​ឯកជន​មក​វិញ។

ការ​ស្វែង​រក​អន្តរាគមន៍​ពី​ច្រើន​ផ្នែក​នេះ ដោយសារ​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មាន​ស្ត្រី​ជន​ជាតិខ្មែរ​ជា​នាយិកា​បាន​ទៅ​រុករក​រ៉ែ​នៅ​តំបន់​ពួកគេ ហើយ​បាន​យក​បដិមា​ថ្ម​បូរាណ​មួយ​ដែល​ពួកគេ​ធ្លាប់តែ​គោរព​បូជា​ដាក់​លើ​រថយន្ត​ទៅ​បាត់។

តំណាង​អ្នក​ភូមិ​ដីក្រហម គឺ​លោក ជ្រឹង ស៊ឹមថន។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កញ្ញា​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្បែរ​ភូមិ​របស់​គាត់ គឺ​មាន​បដិមា​ថ្ម​បុរាណ​ធំ​១ ដែល​គេ​ឆ្លាក់​ផុស​ជាប់​នឹង​ផ្ទាំង​ថ្ម។ អ្នក​ភូមិ​តែង​ទៅ​គោរព​និង​បន់ស្រន់​នៅ​កន្លែង​ដែល​មាន​រូប​បុរាណ​នោះ ក៏ប៉ុន្តែ​កាល​ពី​២​សប្ដាហ៍​មុន ក្រុមហ៊ុន​រុករក​រ៉ែ​ឈ្មោះ ធី.ភី.ប៊ី.ធី.វី ឌីវឺឡុបមែន (TPBTV Development) បាន​ទៅ​លើក​យក​បដិមា​នោះ។

លោក ជ្រឹង ស៊ឹមថន៖ «រូប​ធំ​ណាស់ បើ​និយាយ​គ្នា ៥-៦​នាក់​អី​សែង​មិន​រួច​ទេ។ ជនជាតិ​ភាគតិច​គេ​ហៅ​អ្នក​តា​លឿង​អ៊ីចឹង។ សម័យ​ដែល​គេ​លួច​យក​ទៅ​លក់ គេ​ដាប់​មុខ​មួយ​ចំហៀង ហើយ​នៅ​ទាំង​អស់ ទាំង​ធ្នល់ ប៉ុន្តែ​ទើបតែ​ក្រុមហ៊ុន​គេ​មក​ឃើញ​គឺ​គេ​ដឹក​យក​ទៅ»

ក្រុម​អ្នកភូមិ​អះអាង​ថា ចាប់​តាំងពី​ក្រុមហ៊ុន​ដឹក​យក​បដិមា​បុរាណ​នោះ​ទៅ គឺ​ពួកគេ​បាន​នាំ​គ្នា​ទៅ​ប្រាប់​មន្ត្រី​ឃុំ និង​ប៉ូលិស​ប៉ុស្តិ៍​ឱ្យ​ទៅ​យក​មក​វិញ ក៏ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ទើប​ពួកគេ​នាំ​គ្នា​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ ឱ្យ​ជួយ​ចាត់​វិធានការ​ជុំវិញ​រឿង​នោះ។

អ្នក​ភូមិ​ឱ្យ​ដឹង​ថា រូប​បដិមា​ថ្ម​បុរាណ​នេះ គឺ​នៅ​ភាគ​ខាង​ជើង​ប្រហែល ៣​គីឡូម៉ែត្រ ពី​ប្រាសាទ​បុរាណ​ដែល​គេ​ហៅ​ឈ្មោះ ក្រពុំឈូក។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា លោក​ពិត​ជា​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​ដី​ក្រហម​ដែល​ពឹង​ពាក់​ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​ក្រុមហ៊ុន​ដឹក​យក​បដិមា​ថ្ម​បុរាណ​នោះ​មែន៖ «គាត់​ស្នើ​សុំ​ឱ្យ​អាដហុក​ជួយ​អន្តរាគមន៍ ទៅ​យក​ក្បាល​អ្នកតា​ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ គាត់​មិន​ចង់​យក​ឯកជន​ទេ តែ​គាត់​ស្ដាយ ព្រោះ​ជា​វត្ថុ​បុរាណ»

ចំណែក​អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះវិហារ លោក គល់ វិរៈ មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ទទួល​ព័ត៌មាន​នេះ​ពី​អង្គការ​អាដហុក។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​មាន​សិទ្ធិ​យក​វត្ថុ​បុរាណ​ដូច្នេះ​ទេ បើ​សិន​ជា​ក្រុមហ៊ុន​ធ្វើ​វិនិយោគ​ហើយ​ប៉ះចំ​វត្ថុ​បុរាណ​ដូច្នេះ​មែន ត្រូវ​តែ​រាយការណ៍​ប្រាប់​អាជ្ញាធរ ឬ​ក៏​មន្ទីរ​ជំនាញ។ ក្នុង​រឿង​នេះ មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កំពុង​បញ្ជូន​ក្រុម​អ្នក​អភិរក្ស​ប្រាសាទ​បុរាណ​នៅ​ក្បែរ​នោះ​មួយ​ក្រុម​ឱ្យ​ចូល​ទៅ​ស្រាវជ្រាវ៖ «ក្រុម​អភិរក្ស​ហ្នឹង​សុំ​ការ​អនុញ្ញាត​ដើម្បី​ចូល​ទៅ​តាម​ស្រាវជ្រាវ​មើល​រូប​ដែល​ប្រជាពលរដ្ឋ​បាន​ឃើញ​នោះ។ មិន​ទាន់​បាន​ទទួល​ដំណឹង​ទេ ចាំ​មើល​ប្រហែល​ស្អែក ខាន​ស្អែក ពីព្រោះ​គេ​កំពុង​ចុះ​ទៅ​ពិនិត្យ»

មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​សង្ស័យ​ថា រូប​បដិមា​ថ្ម​បុរាណ​នោះ ទំនង​ជា​ក្រុម​អ្នក​ជួញដូរ​វត្ថុ​បូរាណ​យក​ចេញ​ពី​ប្រាសាទ​ក្រពុំឈូក​កាល​ពី​អំឡុង​សង្គ្រាម ហើយ​លាក់​ទុក​សិន បាន​ជា​បច្ចុប្បន្ន​នៅ​ឆ្ងាយ​ពី​ប្រាសាទ​បុរាណ​ប្រមាណ ៣​គីឡូម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។