បំណែក​លោហៈ​ជា​ច្រើន​ផ្ទាំង​​ធ្លាក់​​​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ

កម្លាំង​ប៉ូលិស​និង​ទាហាន​ដែល​ប្រចាំ​ការពារ​ព្រំដែន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​នាំ​គ្នា​ដើរ​រើស​បំណែក​លោហធាតុ​​ជា​ច្រើន​ផ្ទាំង​យក​មក​ពិនិត្យ បន្ទាប់​ពី​គេ​ឮ​សូរ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​​​លើ​មេឃ ហើយ​មាន​​បន្ទះ​លោហៈ​ធ្លាក់​ចុះ​មក ប៉ុន្តែ​មិន​មាន​មនុស្ស​ជិះ​នោះ​ទេ។

​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​ជា​អ្នក​គ្រប់គ្រង​យោធា​ខ្មែរ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក​ មាន​ប្រសាសន៍​ថា ហេតុការណ៍​នោះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង ១០ និង ៤៥​នាទី​ព្រឹក ថ្ងៃ​អាទិត្យ ទី​៧ ខែ​ធ្នូ។

លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក ឱ្យ​ដឹង​ថា បំណែក​លោហៈ​ជា​ច្រើន​ផ្ទាំង​បាន​ធ្លាក់​ចុះ​ពី​លើ​មេឃ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ភូមិសាស្រ្ត​អតីត​ភូមិ​ស្វាយជ្រុំ និង​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ នៃ​ឃុំ​ស្រអែម​ ស្រុក​ជាំក្សាន្ត៖ «យន្តហោះ​អត់​មនុស្ស​បើក តូច​សម្រាប់​ថត​ហ្នឹង វា​ធ្លាក់​រាយ​ប៉ាយ​ពេញ។ បង​ប្អូន​កំពុងតែ​ដើរ​រើស។ រាយ​ពេញ​តែ​ហ្នឹង ហើយ​យើង​កំពុង​ដើរ​ប្រមូល ដើរ​ពិនិត្យ»

ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១០​ បន្ទាប់​ពី​​កម្ពុជា មាន​ទំនាស់​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​ជាមួយ​ថៃ មក គឺ​សំឡេង​ផ្ទុះ​ខ្លាំង​នៅ​លើ​មេឃ ហើយ​មាន​បំណែក​លោហធាតុ​ធ្លាក់​ចុះ​មក​ក្នុង​ទឹក​ដី​ខេត្ត​ព្រះវិហារ ធ្លាប់​កើត​មាន​ចំនួន ៣​លើក​​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។