នៅក្នុងសន្និសីទសារព័ត៌មានស្តីពីទម្លាយភាពស្ងៀមស្ងាត់អំពើហិង្សាផ្លូវភេទក្នុងប្រទេសកម្ពុជានៅឯភោជនីយដ្ឋានបៃតង លោកស្រី ដូណា ហ្កេស នាយករងផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានមានប្រសាសន៍ថា របាយការណ៍របស់ Amnesty Internationalបានផ្តោតលើរឿងរ៉ាវដែលកើតមានលើជនរងគ្រោះ ភាពបរាជ័យ ក្នុងប្រព័ន្ធយុត្តិធម៌ ព្រហ្មទណ្ឌ ដែលសេវាផ្នែកនេះទទួលបានតែនៅពេលណាដែលជនរងគ្រោះបង់ប្រាក់សំណូកដើម្បីនាំជនល្មើសទៅកាត់ទោស។
អ្នកស្រីបន្តថា ជាមួយគ្នានោះកង្វះខាតនៃការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព និងការកាត់ទោសកាន់តែធ្វើឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះថែមទៀត។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ ដែលនិយាយក្នុងនាមជាប្រធានគណៈកម្មាធិការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ បានមានប្រសាសន៍ថា គឺជាការបង្ហាញជាសាធារណៈអំពីរបៀបនៃអំពើពុករលួយ និងការរើសអើងក្នុងជួរនគរបាល តុលាការរារាំងជនរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈ មិនឲ្យទទួលបានយុត្តិធម៌ និងជំនួយ ដែលចាំបាច់អំឡុងពេលដែលជនល្មើសភាគច្រើន រួចពីការទទួលទណ្ឌកម្ម។ លោកស្រីមិនសង្ឃឹមទេថា ករណីរំលោភនេះអាចនឹងមានការថយចុះនោះ។
សេចក្តីថ្លែងការណ៍សារព័ត៌មានរបស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការចាត់វិធានការឲ្យជាបន្ទាន់ដើម្បីប្រឆាំងនឹងកង្វះខាតការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃបទរំលោភសេពសន្ថវៈមកលើជនរងគ្រោះ៕
