អ្នកទោសនយោបាយបានអះអាងថា នៅក្នុងពន្ធនាគារព្រៃស បច្ចុប្បន្ន គឺមានបំពាក់ដោយឧបករណ៍ដែលសារធាតុវិទ្យុសកម្ម ឬអេឡិចត្រូនិក។ ឧបករណ៍ប្រភេទនេះ ត្រូវបានអ្នកជំនាញផ្នែកបច្ចេកវិទ្យាបញ្ជាក់ថា ការប្រើប្រាស់វិទ្យុសកម្មនេះ គេធ្វើឡើងគឺដើម្បីផ្ដាច់ការទាក់ទងការហៅទូរស័ព្ទចេញ-ចូល ពីខាងក្រៅដែលមានបំណងហៅចូលទៅផ្នែកខាងក្នុងនៃពន្ធនាគារ។ ក៏ប៉ុន្តែគេភ្លេចគិតថា ការប្រើប្រាស់បច្ចេកវិទ្យាបែបនេះ គឺមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយសម្រាប់សុខភាពមនុស្សនៅពេលអនាគត។
ឧបករណ៍ដែលត្រូវបានគេបំពាក់នៅក្នុងពន្ធនាគារព្រៃស បានក្លាយជាបន្ទុកថ្មីមួយទៀតសម្រាប់អ្នកជាប់ឃុំនៅទីនោះ។ អ្នកទោសនយោបាយចាត់ទុកថា វានឹងធ្វើឲ្យមានផលអវិជ្ជមាន និងគ្រោះថ្នាក់សម្រាប់សុខភាពពិរុទ្ធជននៅក្នុងមន្ទីរឃុំឃាំងនេះ ប្រសិនបើពុំមានការកែតម្រូវទេ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ ខែឧសភា លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្គ្រោះជាតិ ថ្លែងថា លោកមានការព្រួយបារម្ភជាខ្លាំងចំពោះសុខភាពរបស់អ្នកដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ដោយសារលោកមើលឃើញថា មានឧបករណ៍មួយប្រភេទត្រូវបានគេបំពាក់នៅក្នុងអាគារអា (A) នៃមន្ទីរឃុំឃាំងព្រៃសនោះ។
លោក អ៊ុក ពេជ្រសំណាង ដែលជាអ្នកទោសផ្នែកនយោបាយអះអាងថា ឧបករណ៍ប្រភេទនេះគឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដាច់ប្រព័ន្ធទូរស័ព្ទពេលដែលមានការហៅចេញពីខាងក្រៅទៅផ្នែកខាងក្នុងនៃពន្ធនាគារ៖ «កន្លែងច្រកចូលក្នុងកន្លែងអាគារដែលខ្ញុំរស់នៅជាប់ក្នុងបន្ទប់ហ្នឹង មិនមែនដាក់នៅគ្រប់បន្ទប់ផ្សេងៗទេ ប៉ុន្តែដាក់មួយកន្លែងហ្នឹងគឺអាចរំងាប់អស់គ្រប់កន្លែង។ ចង់ជម្រាបអ៊ីចេះ រំងាប់សេវានៃការប្រើប្រាស់ចរន្តនៃទូរស័ព្ទ»។
លោក អ៊ុក ពេជ្រសំណាង ដដែលបញ្ជាក់ថា ឧបករណ៍ដែលត្រូវគេបំពាក់នៅក្នុងអាគារអា ទំនងប្រហែល ១ឆ្នាំចុងក្រោយ នៅពន្ធនាគារព្រៃសនោះ គឺមានទ្រង់ទ្រាយដូចជាដុំធ្យូង ហើយភ្ជាប់ទៅនឹងចរន្តអគ្គិសនីដែលមានអង់តែនចំនួន៨។
ចំណែកអ្នកជំនាញផ្នែកអេឡិចត្រូនិកពន្យល់ថា ការប្រើប្រាស់ឧបករណ៍សម្រាប់កាត់ផ្ដាច់ប្រព័ន្ធទូរស័ព្ទ ទោះប្រើស្ថិតក្នុងវិទ្យុសកម្មតិចតួចក៏ដោយ ក៏នៅតែមានផលប៉ះពាល់ចំពោះសុខភាពមនុស្សដែរ។ វិទ្យុសកម្មដែលអាចផ្ដាច់ប្រព័ន្ធទូរស័ព្ទបាននេះ គឺមានកម្លាំងសេសចាប់ពី ៥០០វ៉ាត់ ឬម៉ាស៊ីនផ្សាយត្រឹមមួយគីឡូវ៉ាត់ម៉ោង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់ផ្ដាច់ប្រព័ន្ធទូរស័ព្ទ។
អ្នកឯកទេសរៀបចំដំឡើងផ្នែកម៉ាស៊ីនផ្សាយ និងឆ្លងកាត់បទពិសោធន៍ច្រើនឆ្នាំលើជំនាញបច្ចេកវិទ្យានេះ គឺលោក រ៉ូយ នាផល្លី ថ្លែងថា អ្នកដែលរង់សម្ពាធដោយវិទ្យុសកម្ម នឹងត្រូវប្រឈមមុខធ្ងន់ធ្ងរផ្នែកសុខភាព ប៉ះពាល់ប្រព័ន្ធដង្ហើម និងបណ្ដាលឲ្យកើតជំងឺមហារីកថែមទៀតផង។ លើសពីនេះទៀត នឹងធ្វើឲ្យមនុស្សមិនអាចបង្កកំណើតបានជាដើម៖ «បើសិនជាយើងគិតពីហ្វ្រេកង់ នៅភ្នំពេញ បើអ្នកនៅខេត្តប្រហែលជាធូរតិច មជនបទ។ អ្នកទីក្រុងសព្វថ្ងៃរស់នៅក្រោមវិទ្យុសកម្មទាំងអស់ ដោយសារហ្វ្រេកង់ច្រើនប៉ះគ្នាបម្លែងហ្វ្រេកង់ហ្នឹង ធ្វើឲ្យយើងមានជំងឺខ្សោយ ហត់ហេវ ឬក៏ទៅជាមហារីក»។
បើទោះជាបែបណា លោក រ៉ូយ នាផល្លី បញ្ជាក់ថា ការប្រឈមចំពោះសុខភាពដែលបណ្ដាលមកពីវិទ្យុសកម្មនេះ គឺនៅមិនទាន់គិតដល់ហ្វ្រេកង់ វិទ្យុ ទូរទស្សន៍ អាយកូម និងទូរស័ព្ទដៃទៀតផង។ ក្រៅពីនៅពន្ធនាគារព្រៃស បច្ចេកវិទ្យាទាំងនេះ លោកបញ្ជាក់ថា កំពុងតែបំផ្លាញសុខភាពមនុស្សដោយមិនដឹងខ្លួន ជាពិសេសអ្នករស់នៅទីក្រុងផ្ទាល់ ដែលមានហ្វ្រេកង់វិទ្យុជាច្រើនត្រូវគេបំពាក់ស្ទើរគ្រប់តំបន់ ហើយការផ្តុំដោយហ្វ្រេកង់ទាំងនោះ នឹងបង្កើតបានទៅជាហ្វ្រេកង់ថ្មីមួយផ្សេងទៀត។ហ្វ្រេកង់ថ្មីដែលកើតឡើងដោយការផ្តុំនៃហ្វ្រេកង់វិទ្យុនេះ គឺជាវិទ្យុសកម្មមួយដ៏មានឥទ្ធិពល និងបង្កការគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្ស។
ពាក់ព័ន្ធរឿងនេះ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយករងទទួលបន្ទុកពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក ស៊ីវ ម៉ូវ បានអល់អែកក្នុងការផ្ដល់ព័ត៌មានជុំវិញថា អាចមានឧបករណ៍មួយប្រភេទ ដែលត្រូវគេបំពាក់នៅក្នុងពន្ធនាគារ ដើម្បីផ្ដាច់ប្រព័ន្ធទូរស័ព្ទ ពីខាងក្រៅ។
បើទោះជាមានការច្រានចោលដូចនេះ ពីមន្ត្រីពន្ធនាគារយ៉ាងក៏ដោយ ក៏លោក អ៊ុក ពេជ្រសំណាង នៅតែអះអាងម្ដងហើយម្ដងទៀតថា គឺពិតជាមានឧបករណ៍ប្រភេទផ្ដាច់ប្រព័ន្ធទូរស័ព្ទនេះនៅក្នុងពន្ធនាគារ ដែលត្រូវបានគេបំពាក់ជាយូរខែណាស់មកហើយពិតមែន។
លោកបន្តថា បច្ចេកវិទ្យាដែលត្រូវបានគេបំពាក់នេះ ក្រៅពីមានវិសាលភាពក្នុងការកាត់ផ្ដាច់ប្រព័ន្ធទូរស័ព្ទដែលមានចម្ងាយដីមិនក្រោមពី ២គីឡូម៉ែត្រជុំវិញពន្ធនាគារ។ ជាងនេះទៀតនោះ ឧបករណ៍ប្រភេទនេះ ថែមទាំងអាចបង្កផលវិបាក ធ្វើឲ្យមនុស្សនៅក្នុងពន្ធនាគារនឹងត្រូវប្រឈមមុខបាត់បង់សមត្ថភាពការងារទៀតផង៖ «ផលប៉ះពាល់មានរហូតដល់ ៦បញ្ហា។ បញ្ហាទី១ គឺអ្នកដែលមានអាការរោគអត់សូវស្រួល គឺគាត់ស្រូបយកតែម្ដង។ បញ្ហាទី២ គឺអ្នកធ្វើនៅទីនោះស្ថិតស្ថេរ ដូចជាឆ្មាំពន្ធនាគារ ឬក៏អ្នកនៅជិតពន្ធនាគារ នៅយូរគឺត្រូវខូចប្រព័ន្ធ។ ទី៣ ស្ត្រីដែលឆ្លងកាត់ ឬមនុស្សណាដែលឆ្លងកាត់ម្តុំនោះ ចាប់ពី២ ទៅ ៣គីឡូម៉ែត្រ គឺវាប៉ះពាល់សុខភាពទារកនោះ។ ទី៤ គឺវាមិនឲ្យយើងបានសេចក្ដីសុខទេ គឺតិចៗឈឺ តិចៗគ្រុន។ ទី៥ ផ្ដាច់ការទំនាក់ទំនង និងការនិយាយស្តីឥតឲ្យមានទំនាក់ទំនងបាន និងទី៦ ធ្វើឲ្យមន្រ្តីពន្ធនាគារបាត់បង់ការងារ»។
ក្រៅពីការថ្លែងរបស់ជនជាប់ចោទផ្នែកនយោបាយ លោក អ៊ុក ពេជ្រសំណាង នេះ ចំណែកឯនៅទីតាំងស្ថិតនៅជុំវិញបរិវេណពន្ធនាគារព្រៃស គឺប្រព័ន្ធទូរស័ព្ទពិបាកទំនាក់ទំនងគ្នាណាស់។ បន្ថែមពីលើនេះទៀត ចំពោះប្រព័ន្ធអ៊ិនធឺណិតវិញ គឺពុំមានសេវាអ្វីទាំងអស់។
ជុំវិញរឿងរ៉ាវនេះ អគ្គនាយករងទទួលបន្ទុកពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ស៊ីវ ម៉ូវ បដិសេធថា រហូតមកដល់ពេលនេះ លោកនៅពុំទាន់បានដឹងថា តើពិតជាមានឧបករណ៍ប្រភេទវិទ្យុសកម្មនេះត្រូវបានគេបំពាក់នៅក្នុងពន្ធនាគារដែរ ឬយ៉ាងណានោះទេ ព្រោះថា លោកទើបត្រឡប់មកពីបំពេញបេសកកម្មក្រៅប្រទេស។ ហេតុនេះ ព័ត៌មានលម្អិតយ៉ាងណានោះ គឺនៅមិនទាន់ប្រាកដនៅឡើយទេ៖ «ទេខ្ញុំក្ដាប់មិនបានទេ។ ខ្ញុំទើបមកពីក្រៅប្រទេស។ ខ្ញុំមិនដឹងដែរ។ខ្ញុំមិនសូវនៅផងហ្នឹង»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺជាច្រើនដងដែរតាមទូរស័ព្ទពីលោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ក៏ប៉ុន្តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
ជុំវិញរឿងនេះ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (Licadho) ដែលជាស្ថាប័នមួយតែងឃ្លាំមើល និងធ្វើកិច្ចការនៅតាមពន្ធនាគារដែរនោះ អះអាងថា នៅក្នុងពន្ធនាគារព្រៃស គឺពិតជារកឃើញថា មានឧបករណ៍មួយប្រភេទដែលត្រូវគេបំពាក់សម្រាប់កាត់ផ្ដាច់ប្រព័ន្ធទូរស័ព្ទនៅពេលណាហៅចេញពីក្រៅពិតមែន ដែលឧបករណ៍ប្រភេទនេះ ត្រូវគេបំពាក់ជាយូរខែណាស់ហើយដែរ៖ «យើងឃើញគេប្រើឧបករណ៍អេឡិចត្រូនិកមួយ សម្រាប់ចាប់ប្រព័ន្ធទូរស័ព្ទ ដើម្បីទប់ប្រព័ន្ធទូរស័ព្ទកុំឲ្យមានការទាក់ទងគ្នាបាន ជាពិសេសនៅពន្ធនាគារព្រៃស។ យើងចូលក្នុងបរិវេណហ្នឹង ចាប់ពី២ ទៅ ៣គីឡូម៉ែត្រ ចាប់ផ្ដើមកាត់ផ្ដាច់»។
បើទោះជាបែបណា អ្នកសម្របសម្រួលគម្រោងបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ង៉ែត ម៉ូសេ អះអាងថា អង្គការរបស់លោកដែលនៅមិនឆ្ងាយប៉ុន្មានពីពន្ធនាគារព្រៃសដែរនោះ ក៏ធ្លាប់រងសម្ពាធ និងការប្រឈមរអាក់រអួលចំពោះការហៅចេញនៃប្រព័ន្ធទូរស័ព្ទនេះដែរ។ ក៏ប៉ុន្តែលោកហាក់ពុំមានជំនឿសោះថា អាចមានឧបករណ៍ប្រភេទកាត់ផ្ដាច់ចរន្តទូរស័ព្ទនៅក្នុងពន្ធនាគារដូចនេះ។
លោកបន្តថា៖ «គ្រប់គ្នាដែលតេមកកាន់ទូរស័ព្ទដៃយើង ហេតុអីក៏អត់កើត ចេះតែមានការរំខាន។អ៊ីចឹងហើយបានយើងហៅក្រុមអ្នកបច្ចេកទេសគេមកមើល ហើយគេដើរមើលគ្រប់កន្លែងទៅ គេថា អត់អីទេ។ ប៉ុន្តែខាងក្រុមហ៊ុនបានរកឃើញថា នៅក្នុងពន្ធនាគារព្រៃសប្រហែលជាអង់តែនមួយដែលប្រឆាំងនឹងសញ្ញាដែលមានការឆ្លងឆ្លើយតាមលេខទូរស័ព្ទ»។
អ្នកឯកទេសរៀបចំដំឡើងផ្នែកម៉ាស៊ីនផ្សាយ លោក រ៉ូយ នាផល្លី ថ្លែងថា ប្រសិនបើវិទ្យុសកម្មដែលមានថាមពលចាប់ពី ៥០០ ទៅ ១.០០០ជីកាហឺត អាចជះឥទ្ធិពលធ្ងន់ធ្ងររហូតបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សភ្លាមៗក៏មានដែរ។
ចំពោះឧបករណ៍ដែលត្រូវគេបំពាក់នៅក្នុងពន្ធនាគារព្រៃស វិញ លោកយល់ឃើញថា គឺត្រូវសិក្សារកឲ្យឃើញជាមុនសិនថា តើកម្លាំងនៃវិទ្យុសកម្មនោះ ស្ថិតក្នុងកម្រិតមេហ្គាហឺត ឬកម្រិតជីកាហឺត។ប្រសិនបើរកមិនទាន់ឃើញពីទំហំនៃថាមពលឲ្យបានពិតប្រាកដទេ ហេតុនេះគេនៅមិនទាន់អាចវាស់កម្រិតពីគ្រោះថ្នាក់ដល់អាយុជីវិតបាននៅឡើយទេ។ ក៏ប៉ុន្តែលោក រ៉ូយ នាផល្លី ពន្យល់ថា ជាតិវិទ្យុសកម្មនេះ គឺនៅតែប្រឈមមុខខ្ពស់បំផុតសម្រាប់សុខភាពមនុស្ស បើទោះជាមិនដឹងពីកម្រិតថាមពលពិតប្រាកដយ៉ាងណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
