ពល​រដ្ឋ ១៩​គ្រួសារ​ប្ដឹង​តវ៉ា​ប្រធាន​សហគមន៍​លើក​ផ្លូវ​លំ​នៅ​ព្រៃវែង

ប្រជា​ពល​រដ្ឋ​ចំនួន ១៩​គ្រួសារ នៅ​ភូមិ​ស្វាយ​ខ្នី ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង តវ៉ា​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បើក​អង្ករ​ថ្លៃ​ឈ្នួល​ពលកម្ម​ធ្វើ​ផ្លូវ​នៅ​ភូមិ​ស្វាយខ្នី ស្រុក​បាភ្នំ។

តំណាង​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ទាំង ១៩​គ្រួសារ គឺ​លោក​ស្រី ខន សាមី បាន​រៀបរាប់​ជុំវិញ​បញ្ហា​នេះ​ថា កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១២ ប្រធាន​សហគមន៍​លើក​ផ្លូវ​លំ​ភូមិ​ស្វាយ​ខ្នី ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង គឺ​លោក ទេព គិម​ទែ្បក មាន​តួនាទី​ដឹកនាំ​ប្រជា​ពលរដ្ឋ ២៧​គ្រួសារ លើក​ផ្លូវ​លំ​មួយ​ខ្សែ ដែល​មាន​បាត​ផ្លូវ​កម្ពស់ ០,៧​ម៉ែត្រ ទទឹង ៤​ម៉ែត្រ និង​ប្រវែង​ប្រមាណ ១.៣០០​ម៉ែត្រ។ គម្រោង​សាង​សង់​ផ្លូវ​នោះ​ឧបត្ថម្ភ​ដោយ​អង្គការ​ស្បៀង​អាហារ​ពិភពលោក។

លោក​ស្រី​បន្ត​ទៀត​ថា ប្រធាន​សហគមន៍​រូប​នេះ​បាន​សន្យា​ឲ្យ​តម្លៃ​ពលកម្ម ១​ម៉ែត្រ​គុប​ស្មើ​និង​អង្ករ ៤​គីទ្បូ​ក្រាម តែ​ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​ប្រជា​ពល​រដ្ឋ ដោយ​អ្នក​ដែល​បាន​លើក​ផ្លូវ​ខ្លះ​គ្មាន​ឈ្មោះ​បើក​អង្ករ​ទេ ចំណែក​ឯ​អ្នក​ពុំបាន​លើក​ផ្លូវ​បែរ​ជា​មាន​ឈ្មោះ​ទៅ​បើក​អង្ករ​ជំនួស​ទៅ​វិញ ៖ «ដល់​ពេល​ខ្ញុំ​លើក​បាន ៦​ប្លង់​ហ្នឹង គេ​ឲ្យ​អង្ករ​អត់​គ្រប់ ហើយ​អង្កាល​ពី​ប្រជុំ ថា​អង្ករ​ហ្នឹង​១រយ ៦០ គេ​ឲ្យ​ថែម​អង្ករ ១​រយ​ពី​លើ ដល់​ពេល​បើក​វា​អត់​ដូច​កាល​ពី​ប្រជុំ​ហ្នឹង​ទេ ថា​ហ្នឹង​និយាយ​ហ្នឹង​កាល​ហ្នឹង​មិន​ដូច​ថា​ហ្នឹង​ណា ពេល​ប្រជុំ​ហ្នឹង​កាល​លើក​ឲ្យ​ប៉ុណ្ណេះ​ឥឡូវ​ម៉ោក​ថា​ប៉ុណ្ណោះ​ដល់​ពេល​បើក​ឲ្យ​អង្ក​ម៉ោក​គេ​សុំ​អត្តសញ្ញាណប័ណ្ណ​មើល​មិន ឲ្យ​គេ​មើល​ទេ​ហើយ​ខ្ញុំ​ឆ្ងល់​ត្រង់​ថា​លើក​ដី​ហ្នឹង​ហេតុ​អី​ក៏​អ្នក​អត់​លើក​បាន​ទៅ​បើក​អង្ករ​ដែរ...»

អ្នកភូមិ​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​តាម​រយៈ​មេភូមិ​ស្វាយ​ខ្នី មេ​ឃុំ​រោងដំរី និង​អភិបាល​ស្រុក​បាភ្នំ ដើម្បី​ដោះ​ស្រាយ និង​ទាមទារ​យក​អង្ករ​ថ្លៃ​ឈ្នួល​ពលកម្ម​លើក​ផ្លូវ​ឲ្យ​បាន​គ្រប់​ចំនួន​ឡើង​វិញ។ តែ​រហូត​មក​ដល់​ពេល​នេះ​បញ្ហា​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។