បុគ្គលិក​ក្រុមហ៊ុន​ឡេហ្សាដាំង​៥០​នាក់​យល់​ព្រម​ចូល​ធ្វើ​ការ​ក្រោយ​ធ្វើ​កូដកម្ម

បុគ្គលិក និង​កម្មករ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន ឡេហ្សាដាំង ឌុយ បាសាក់ (Les Jarding Du Bassac) ប្រមាណ ៥០​នាក់ យល់​ព្រម​ឈប់​ធ្វើ​កូដកម្ម និង​គ្រោង​ចូល​ធ្វើ​ការ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ស្អែក​នេះ។

ការ​យល់​ព្រម​នេះ បន្ទាប់​ពី​ពួកគេ​នាំ​គ្នា​ធ្វើ​កូដកម្ម​អស់​រយៈពេល​មួយ​ថ្ងៃ​កន្លះ និង​មាន​ការ​ចរចា​ដោះស្រាយ​បញ្ហា​រវាង​ភាគី​ខាង​ក្រុមហ៊ុន​ និង​តំណាង​របស់​បុគ្គលិក ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​អធិការកិច្ច និង​វិវាទ​ការងារ​នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ ផង នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា។

ចំណុច​ដែល​ព្រមព្រៀង​គ្នា​នោះ​រួម​មាន ក្រុមហ៊ុន​យល់​ព្រម​អនុវត្ត​តាម​ច្បាប់​ការងារ​នៅ​ពេល​បញ្ឈប់​បុគ្គលិក និង​កិច្ច​សន្យា​ផ្សេងៗ និង​យល់​ព្រម​ឲ្យ​តំណាង​បុគ្គលិក ៣​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា នោះ ចូល​ធ្វើ​ការ​វិញ​ដោយ​គ្មាន​ការ​គាប​សង្កត់។ ចំណែក​ចំណុច​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត ពួកគេ​យល់​ព្រម​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៃ​ក្រសួង​ការងារ​ដោះស្រាយ​បន្ត​ទៀត​ទៅ​តាម​ច្បាប់។

​ក្រុម​បុគ្គលិក និង​កម្មករ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន ឡេហ្សាដាំង ឌុយ បាសាក់ ប្រមាណ ៥០​នាក់ បាន​សម្រេច​ចិត្ត​ឈប់​ធ្វើការ​ព្រម​គ្នា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ហើយ​មក​អង្គុយ​តវ៉ា​នៅ​មុខ​កន្លែង​ធ្វើ​ការ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រហូត​មាន​ដំណោះស្រាយ​យុត្តិធម៌។ ​ក្រុម​អ្នក​តវ៉ា​ចោទ​អ្នក​គ្រប់គ្រង​ពួកគេ​ថា មិន​គោរព​សិទ្ធិ​បុគ្គលិក និង​កម្មករ​ដោយ​បញ្ឈប់​បុគ្គលិក​ដោយ​សេរី ដោយ​មិន​បង្ហាញ​ពី​ទោសកំហុស​ណា​មួយ​ច្បាស់លាស់ និង​មិន​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​តាម​ច្បាប់​ការងារ​ឡើយ។ ក្រុម​អ្នក​តវ៉ា​​ទាមទារ​សុំ​ឲ្យ​តំណាង​ពួកគាត់​ដែល​អ្នក​គ្របគ្រង​បញ្ឈប់​ពី​ការងារ​ថ្មីៗ​នេះ​ចំនួន​បី​នាក់​​ឲ្យ​ចូល​ធ្វើការ​វិញ និង​ទាមទារ​ឲ្យ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​ជូន​អ្នក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​កាល​ពី​ពេល​មុនៗ ជាពិសេស​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការ​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។