ការតវ៉ានេះ បានកើតមានបន្ទាប់ពីសមត្ថកិច្ចគយបានចាប់យករទេះដឹកទំនិញពួកគាត់ទៅរក្សាទុកដើម្បីជំរិតទារលុយ កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅ។
ការធ្វើបាតុកម្មនេះ បានរំសាយទៅវិញហើយកាលពីព្រឹកថ្ងៃទី៣០ ខែមីនា បន្ទាប់ពីមន្ត្រីគយបានចេញទៅសម្របសម្រួលជាមួយក្រុមកម្មករ។ កម្មករអូសរទេះទាំងនោះបានទាមទារឲ្យគយប្រគល់ទំនិញដែលចាប់ទៅរក្សាទុកមកឲ្យកម្មករវិញ និងសុំឲ្យមានការបន្ធូរបន្ថយការយកពន្ឋ ដោយសារពួកគាត់ក្រីក្រលំបាក ស៊ីឈ្នួលដឹកទំនិញឲ្យគេ។
លោកស្រី ស៊ុំ សុវណ្ណ អាយុ ២៦ឆ្នាំ ជាកម្មករអូសរទេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកស្រីបានថ្លែងកាលពីថ្ងៃសុក្រ ទី៣០ ខែមីនា ថា រទេះកម្មករអូសដឹកទំនិញឲ្យគេពីផ្សាររ៉ុងក្លឿ ថៃ កាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រើនគ្រឿង ត្រូវបានក្រុមគយចល័តចាប់យកទៅរក្សាទុកទាំងអស់។ ទំនិញទាំងនោះមានដូចជា តែ ទឹកក្រូច ថង់ប្លាស្ទិកសម្រាប់ច្រកឥវ៉ាន់ ត្រូវបានគេចាប់កាលពីថ្ងៃទី២៩ ខែមីនា។ ដូច្នេះទើបកម្មករអូសរទេះជាង ៣០០នាក់ បានលើគ្នាធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការគយទាមទារយកមកវិញ។
លោកស្រី ស៊ុំ សុវណ្ណ៖ «ធ្វើហ្នឹងជ្រុលពេក ពួកខ្ញុំបង់គយអីហើយចាំបាច់អីមកដាក់គយចល័តអ៊ីចឹងទៀត។ ពីមុនមកវាអត់មានទេគយចល័តអ៊ីចឹងនោះ ទើបមានប្រហែលជាពីឆ្នាំនេះមានគយចល័តចុះមក ពួកខ្ញុំបង់នៅខាងក្នុងហើយហេតុអីចាំបាច់មកចាប់ពួកខ្ញុំនៅខាងក្រៅអីទៀត បើពួកខ្ញុំបង់មកពីក្នុងហើយ កុំឲ្យមានគយចល័ត។ បន្ឋូរបន្ថយឲ្យពួកខ្ញុំខ្លះ បើឲ្យពួកខ្ញុំអូសមកធ្វើពន្ធធ្វើម៉េចកើត»។
កម្មករអូសរទេះម្នាក់ទៀតឈ្មោះ នួម លេក បានថ្លែងថា បន្ទាប់ពីកម្មករនាំគ្នាធ្វើបាតុកម្មទាមទារយករទេះទាំងនោះមកវិញ ខាងមន្ត្រីគយបានចេញមកសម្របសម្រួលជាមួយពួកគាត់ ប៉ុន្តែគយបានគំរាមឲ្យកម្មករទាំងនោះ រ៉ៃអង្គាសលុយគ្នា ខ្លះ ៣៥ម៉ឺនរៀល អ្នកខ្លះទៀត ១៥ម៉ឺនរៀល ដើម្បីយកទៅឲ្យគយទើបពួកគេចេញក្រដាសពន្ធប្រគល់ទំនិញទាំងនោះឲ្យកម្មករវិញ។
លោក ស្រីថា កម្មករពុំមានលុយទេ ដោយសារពួកគាត់ជាអ្នកស៊ីឈ្នួលដឹករទេះអូសទំនិញពីទឹកដីថៃ មកទឹកដីខ្មែរឲ្យគេបានប្រាក់កម្រៃបន្តិចបន្តួចប៉ុណ្ណោះ៖ «ដូចជាធ្វើបាបប្រជារាស្ត្រពេកហើយ គ្នាបង់លុយនៅក្រោមប្រាសាទហើយ គ្នាអូសចេញយកឡានម៉ូតូសណ្ដោង ហើយហៅកូនចៅមកអូសគ្នាចូលទៅ។ ទាំងអស់ខ្ញុំបង់ឲ្យក្រោមប្រាសាទហើយ បង់ឲ្យគយ កាំកុងត្រូលហើយ និងប៉ូលិស បើសិនជាយើងដឹកមកបានទឹកលុយ ៤ម៉ឺនខ្មែរ បង់គយ ២ម៉ឺន សល់ ២ម៉ឺនបង់កាំកុងត្រូល ៥ពាន់ ប៉ូលិស ៥ពាន់ សល់ ១ម៉ឺន បង់អ៊ីចឹង ខ្ញុំអូសរទេះបីបួនប្រាំឆ្នាំហើយអត់ដែលមានអ៊ីចឹងទេ ទើបមកជិតចូលឆ្នាំគាបសង្កត់ខ្លាំង»។
វិទ្យុអាស៊ីសេរីមិនអាចសុំសេចក្ដីបញ្ជាក់ពីមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានទេ ប៉ុន្តែលោក ម៉ង់ ពុទ្ធី ជាប្រធានសាខាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រុមកម្មករនាំគ្នាធ្វើដូច្នេះដោយសារតែមន្ត្រីគយចាប់យកទំនិញដែលពួកគាត់ស៊ីឈ្នួលដឹកឲ្យគេនោះយកទៅរក្សាទុក។ ចំណាត់ការរបស់គយនៅពេលនេះខុសប្លែកពីធម្មតា។ កាលពីមុនកម្មករដឹកទំនិញឆ្លងមកពីថៃ គឺគាត់បង់លុយឲ្យគយ កាំកុងត្រូល ប៉ូលិស ដែលឈរចាំនៅច្រកទ្វារ ប៉ុន្តែនៅពេលជិតចូលឆ្នាំខ្មែរនេះ ស្រាប់តែមានគយចល័តចុះទៅចាប់យកលុយថែមទៀត។
លោក ម៉ង់ ពុទ្ធី៖ «ខ្ញុំគិតថា វាមិនត្រឹមត្រូវទេធ្វើអ៊ីចឹង ព្រោះកម្មករគ្នាពុំអាចមានលទ្ធភាពណាទៅបង់ពន្ធរហូតដល់ថ្នាក់បង់ពន្ធពិន័យមួយជាពីរ។ មួយទៀត ការចាប់នោះមិនត្រឹមត្រូវទេ បើសិនជាចាប់អ៊ីចឹងគួរកំណត់ឲ្យកម្មករបង់ឲ្យច្បាស់ទៅ បង់នៅកន្លែងណា ចំនួនប៉ុន្មាន ចំពោះទំនិញដែលកម្មករដឹកមានការបន្ធូរបន្ថយប៉ុន្មាន កំណត់ឲ្យច្បាស់ចាំបាច់ទៅចាប់គ្នាទៅរាប់រយរាប់ពាន់កេសអ៊ីចឹង»។
លោក ស៊ុំ ច័ន្ទគា ប្រធានសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ។ លោកថ្លែងថា ប្រធានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ គួរគិតគូរផលប្រយោជន៍កម្មករ មិនត្រូវគាបសង្កត់ជំរិតទារប្រាក់ទេ។ ម្យ៉ាងវិញទៀត ការអនុវត្តច្បាប់ គឺជាការអនុវត្តច្បាប់ ប៉ុន្តែគេត្រូវធ្វើដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការរីកចំរើន។ បញ្ហានេះអាជ្ញាធរមានតួនាទីត្រូវជួយសម្រួលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចរកលុយកាក់ចិញ្ចឹមជីវិតបាន និងអាចរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ៕
