នៅក្នុងលិខិតប្រកាសព័ត៌មានចេញដោយកញ្ញា សេង ធារី នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម ដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា មជ្ឈមណ្ឌលនឹងរៀបចំវេទិកាសាធារណៈដែលមានប្រធានបទស្តីអំពីយុត្តិធម៌និងការបង្រួបបង្រួមជាតិ។
វេទិកាសាធារណៈនេះនឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៨នេះ នៅឯសណ្ឋាគារហង្សមាស ប៉ៃលិន នៅក្រុងប៉ៃលិន ចាប់ពីម៉ោង៧កន្លះព្រឹកដល់ម៉ោង៤រសៀល។
លិខិតដដែលបានឲ្យដឹងទៀតថា អ្នកដែលនឹងចូលរួមក្នុងវេទិកាសាធារណៈនោះអាចនឹងមានចំនួនដល់១៥០នាក់ រួមមានប្រជាពលរដ្ឋមកពីខណ្ឌទាំង២នៅក្រុងប៉ៃលិន មន្ត្រីអាជ្ញាធរខណ្ឌ សង្កាត់ និងក្រុង ព្រះសង្ឃ គ្រូបង្រៀន និងសិស្ស អ្នកតំណាងរាស្ត្រ អ្នកតំណាងអង្គការសង្គមស៊ីវិល ស្ថានទូត និងមន្ត្រីមកពីក្រសួងមន្ទីរដែលពាក់ព័ន្ធគ្រោងនឹងចូលរួម។
វេទិកាសាធារណៈនោះនឹងមានកិច្ចពិភាក្សាប្តូរយោបល់ដោយផ្តោតអំពីសាលាក្តីខ្មែរក្រហម ផលដែលពលរដ្ឋនឹងបានទទួលពីសាលាក្តីនោះ ប្រវត្តិខ្មែរក្រហម និងបញ្ហាសុខភាពផ្លូវចិត្តដែលបន្សល់មកពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕
