ចាប់​បាន​អនុ​សេនីយ៍​ឯក អ៊ូ ប៊ុន​ថាន់ ដែល​ត្រូវ​បាន​ចោទ​ថា​ដុត​សម្លាប់​មនុស្ស

អនុសេនីយ៍​ឯក​យោធា​នៃ​កង​ពល​តូច​អន្តរាគមន៍​លេខ​១៤ ដែល​បោះ​ទី​តាំង​នៅ​ខេត្ត​ពោធិ៍សាត់ លោក អ៊ូ ប៊ុន​ថាន់ ដែល​បាន​ជាប់​ចោទ​ពី​បទ​ដុត​សម្លាប់​មនុស្ស​នៅ​ឯ​ស្រុក​វាល​វែង កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០០៩ កន្លង​ទៅ ហើយ​បាន​រត់​គេច​ខ្លួន​នោះ ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍​សាត់​ចាប់​ខ្លួន​បាន​ហើយ​នៅ​ល្ងាច​ ថ្ងៃ​ទី​២ កញ្ញា។

បុរស​ម្នាក់​ឈ្មោះ លឿង សា​រឿន អាយុ​២៧​ឆ្នាំ មាន​ទី​លំនៅៗ​ភូមិ​ឈើ​ទាល​ជ្រុំ ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ បាន​ស្លាប់​ដោយ​ការ​ចាក់​សាំង​ដុត។

លឿង សារឿន មុន​ពេល​ស្លាប់​បាន​ចោទ​ប្រកាន់​ចៅហ្វាយ​គាត់ គឺ​លោក អ៊ូ ប៊ុន​ថាន់ ថា​បាន​ចាក់​សាំង​ដុត​សម្លាប់​គាត់ ដោយ​ខឹង​សម្បារ ដែល​គាត់​បាន​ធ្វើ​ឲ្យ​រួច​សត្វ​ពង្រូល​ទម្ងន់​៩គីឡូ​ក្រាម។

តុលាការ​យោធា​ដែល​មាន​តែ​មួយ​ថ្នាក់ នៅ​ឯ​រាជ​ធានី​ភ្នំពេញ និង​សម្រាប់​កាត់​ក្តី​តែ​បណ្ដឹង​ដែល​ទាក់​ទង​ជា​មួយ​យោធា​នោះ កាល​ពី​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០០៩ បាន​ចេញ​ដីកា​នាំ​ខ្លួន​អនុសេនីយ៍​ឯក អ៊ូ ប៊ុន​ថាន់ ឲ្យ​ចូល​មក​បំភ្លឺ​ចំពោះ​ករណី​បណ្ដឹង​របស់​អ្នក​ស្រី ឡែត ហ៊ីង ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​ថា អនុសេនីយ៍​ឯក​រូប​នេះ​បាន​ចាក់​សាំង​ដុត​សម្លាប់​ប្តី​គាត់។ ចាប់​តាំង​ពី​ពេល​នោះ​មក ជន​ជាប់​ចោទ អ៊ូ ប៊ុន​ថាន់ បាន​គេច​លាក់​ខ្លួន ហើយ​ទើប​តែ​ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ពោធិ៍សាត់​ចាប់​ខ្លួន​បាន នៅ​ល្ងាច​ថ្ងៃ​ទី​២ កញ្ញា​នេះ៕