ក្រុម​តំណាង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ប៉ោយប៉ែត

ប្រជាពលរដ្ឋ​រស់នៅ​ប៉ែកពាយព្យ គ្រោង​នាំគ្នា​ធ្វើ​បាតុកម្ម នៅថ្ងៃ​១៦ ខែ​ឧសភា​នេះ​ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​នឹង​ជីវភាព​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ។

ក្នុងសេចក្តីប្រកាស​ព័ត៌មាន ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅថ្ងៃ​ច័ន្ទ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ បាន​ឲ្យ​ដឹង​ថា គេ​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​នៅ​តំបន់​ប៉ោយប៉ែត ដែល​មាន​កម្មករ​អូសរទេះ អ្នក​រត់​ម៉ូតូឌុប អ្នក​បើកបរ​តាក់ស៊ី អាជីវករ គ្រូ​បង្រៀន និង ប្រជាពលរដ្ឋ​សាមញ្ញ ប្រមាណ ៥០០​នាក់ ដើម្បី​អំពាវនាវ​សុំ​ឲ្យ​រាជរដ្ឋភិបាល​ជួយ​ពួកគេ​លើ​បញ្ហា ៥ ប្រការ គឺ ៖ សុំ​ឲ្យ​បញ្ចុះ​តម្លៃ​ទំនិញ​គ្រប់មុខ​លើ​ទីផ្សារ, បញ្ចុះ​តម្លៃ​ប្រេងសាំង, សុំ​ឲ្យ​ដំឡើង​ប្រាក់ខែ​ជូន​មន្រ្តី​រាជការ​ឲ្យ​បាន​សមរម្យ, សុំ​ឲ្យ​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​នៅ​ប៉ោយប៉ែត បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​រកទទួលទាន​ឆ្លងដែន តាមរយៈ​ការកំណត់​ពន្ធដារ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​និង​សុំ​ឲ្យ​តម្រួត​អន្តោប្រវេសន៍​ច្រក​ប៉ោយប៉ែត ឈប់​ជំរិត​យក​លុយ​ពី​ពលករ អាជីវករ​ខ្មែរ ដែល​វិល​ពី​ប្រទេស​ថៃ​វិញ​នោះ ៕