មេធាវីខ្មែរដែលការពារក្តីឲ្យបុរសជនជាតិន័រវេសម្នាក់ បានអំពាវនាវឲ្យក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាដំបូងខេត្តសៀមរាប ធ្វើសេចក្ដីសម្រេចចិត្តដោះលែងកូនក្ដីរបស់ខ្លួន ដែលជាប់ពន្ធនាគារជាច្រើនខែមកហើយ ពីបទចោទប្រកាន់ថា បានទិញពេស្យាចារកុមារខ្មែរ ប៉ុន្តែមិនត្រូវបានគេរកឃើញភស្តុតាងបន្ទាល់រឹងមាំណាមួយនោះ។
លោក ភុម ប៊ុនថាន់ ជាមេធាវីរបស់ការិយាល័យមេធាវីគ្មានព្រំដែន បានមានប្រសាសន៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញាថា កូនក្តីរបស់លោកម្នាក់ឈ្មោះ រ៉ូល្វ ស្លេតថែន (Rolf Sletten) អាយុ ៦៣ឆ្នាំជាជនជាតិន័រវេស កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តសៀមរាបជាង ៨ខែមកហើយ ពីបទចោទប្រកាន់ថា បានទិញពេស្យាចារលើកុមារាខ្មែរម្នាក់។
លោកមេធាវីបានអំពាវនាវឲ្យក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាដំបូងខេត្តសៀមរាប ដែលបានបើកសវនាការយ៉ាងល្អិតល្អន់ចាប់តាំងពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ តាមរយៈសាលក្រមដែលនឹងប្រកាសនៅសប្តាហ៍ខាងមុខ ឲ្យដោះលែងបុរសជនបរទេសម្នាក់នោះ។ លោកមេធាវីបានមានប្រសាសន៍ថា តាមដែលលោកការពារក្តីឲ្យជនបរទេសម្នាក់នោះជាច្រើនខែមកហើយ មិនបានរកឃើញភស្តុតាងរឹងមាំណាមួយដែលថា កូនក្តីរបស់លោកបានទិញកុមារខ្មែរធ្វើពេស្យាចារនោះទេ។
លោក ភុម ប៊ុនថាន់ មានប្រសាសន៍ដូច្នេះ ៖ «តាមការសួរដេញដោលហ្នឹងមកទល់ពេលនេះ វាគ្មានអីទាល់តែសោះ វាគ្រាន់តែជាការសន្និដ្ឋាន សូម្បីតែលោកតំណាងអយ្យការក៏បានទទួលស្គាល់ថា វាគ្មានភស្តុតាងបន្ទាល់ វាគ្រាន់តែសន្និដ្ឋានប្រយោលៗប៉ុណ្ណោះ។ សង្ឃឹមថា អ្វីដែលខ្ញុំបង្ហាញជូនទាំងភស្តុតាង ទាំងសេចក្តីសន្និដ្ឋានហ្នឹង តុលាការនឹងពិចារណា ហើយសម្រេចឲ្យគាត់រួចផុតបទចោទ»។
បុរសជនជាតិន័រវេស ឈ្មោះ រ៉ូល្វ ស្លេតថែន អាយុ ៦៣ឆ្នាំ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនកាលពីអំឡុងខែមករាឆ្នាំនេះ ពីបទសង្ស័យថា បានទិញពេស្យាចារលើកុមារាខ្មែរម្នាក់អាយុ ១៧ឆ្នាំ។ បន្ទាប់ពីឃុំខ្លួនជាច្រើនខែក្នុងពន្ធនាគាររហូតមកដល់ថ្ងៃទី៣១ ខែសីហា និងថ្ងៃទី១ ខែកញ្ញានេះ ក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាដំបូងខេត្តសៀមរាប បានបើកសវនាការដើម្បីស្វែងរកការជំនុំជម្រះរឿងក្តីនោះ។
លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងជាតំណាងអយ្យការក្នុងរឿងក្តីនោះ បានមានប្រសាសន៍ថា លោកបានចោទប្រកាន់បុរសជនជាតិន័រវេសម្នាក់នោះ ពីបទទិញពេស្យាចារកុមារ ប៉ុន្តែចម្លើយរបស់កុមារដែលរងគ្រោះបានប្រែប្រួលរវាងការផ្តល់ចម្លើយឲ្យទៅក្រុមប៉ូលិស និងនៅពេលដែលគេចូលឆ្លើយនៅក្នុងសវនាការកាលពីពេលថ្មីៗ។
លោកតំណាងអយ្យការបានមានប្រសាសន៍ថា ទោះយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ពីសេចក្តីសម្រេចចិត្តរបស់តុលាការថា តើអាចនឹងដោះលែងបុរសបរទេសម្នាក់នោះ ឬយ៉ាងណាទេ? គឺត្រូវរង់ចាំលទ្ធផលនៃការប្រកាសសាលក្រមដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញាខាងមុខ។
លោក សុក កែវបណ្ឌិត មានប្រសាសន៍ដូច្នេះ ៖ «ចាំមើលសាលក្រមទៅ ព្រោះថា នៅសវនាការក្មេងប្រុសរងគ្រោះម្នាក់ហ្នឹងថា អត់មានរឿងអ៊ីចឹងកើតឡើងទេ។ គាត់បានឆ្លើយទៅប៉ូលិសអីហ្នឹង គាត់ភ័យឃើញប៉ូលិសចាប់ខ្លួនគាត់ ចាប់អ៊ីចឹងគាត់ចេះតែឆ្លើយ។ ដល់ពេលក្នុងសវនាការគាត់ថា គាត់អត់ដឹងរឿងដឹងអីផង ចាត់ទុកថា ជាឪធម៌ គាត់ទៅសុំលុយទិញខ្សែក្រវាត់ខ្សែអីអ៊ីចឹងទៅ អត់មានរឿងការទិញពេស្យាចារ»។
ទោះយ៉ាងណា កញ្ញា ប៉េង ម៉ាណែត ជាមេធាវីការពារកុមាររបស់អង្គការអេផល (Apple) បានមានប្រសាសន៍ថា កុមាររងគ្រោះដែលធ្លាប់បានទទួលផលប្រយោជន៍ និងការឧបត្ថម្ភពីជនជាប់ចោទបរទេសនោះ នៅមានការអាណិតអាសូរដល់ជនជាប់ចោទក្នុងការផ្តល់ចម្លើយក្នុងសវនាការ ហើយលោកព្រះរាជអាជ្ញានៅតែចោទប្រកាន់ការទិញពេស្យាចារកុមារនៅឡើយ៕
