មន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឲ្យ​ដាក់​ទោស​ជន​ល្មើស​រំលោភ​កុមារី​នៅ​ពោធិ៍សាត់

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១ ខែ​កញ្ញា​ថា ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារី​មួយ​រូប​នៅ​ខេត្ត​ពោធិ៍សាត់ គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​ជនល្មើស​ទទួល​ទោស​តាម​ច្បាប់ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ មិន​អាច​ឲ្យ​រួច​ខ្លួន​ទេ ហើយ​ក៏​មិន​អាច​សម្រុះសម្រួល​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែរ។

0:00 / 0:00

លោកស្រី​មាន​ប្រសាសន៍​នេះ​ទៅ​លើ​ករណី​ជន​ចំណាស់​ម្នាក់ ប្រើ​អំណាច​រំលោភ​កុមារី​អាយុ ៦​ឆ្នាំ រស់​នៅ​ភូមិ​រ៉ាថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១០។

លោកស្រី​បាន​បន្ត​ថា បញ្ហា​រំលោភ​ផ្លូវ​ភេទ​គ្មាន​ច្បាប់​ឲ្យ​សម្រុះសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ឡើយ។ ក្រុម​គ្រួសារ​រង​គ្រោះ និង​អាជ្ញាធរ​មូលដ្ឋាន​មាន​សិទ្ធិ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ឲ្យ​មាន​ការ​ផ្ដន្ទា​ទោស​ជន​ប្រព្រឹត្ត​ល្មើស។

លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​តាម​ផ្លូវ​ច្បាប់ លុយ​នៅ​តែ​បង់ ប៉ុន្តែ​ទោស​មិន​រួច​ទេ ពីព្រោះ​ករណី​អនីតិជន គឺ​គ្មាន​ករណី​លើក​លែង​ទេ។ ចំពោះ​បញ្ហា​ថា មាន​បង់​ប្រាក់​អី​យ៉ាង​ណា​នោះ ចាំ​ខ្ញុំ​ឲ្យ​សមត្ថកិច្ច​នៅ​ខាង​នេះ​ស៊ើប​មើល៍ ថា​តើ​វា​មាន​រឿង​អី​កើត​ឡើង​នៅ​ទី​នោះ?»

ឪពុក​កុមារី​រង​គ្រោះ​ឈ្មោះ សុច ខៃ រស់​នៅ​ភូមិ​រ៉ាថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ឲ្យ​ដឹង​ថា កូនស្រី​គាត់​ទើប​មាន​អាយុ ៦​ឆ្នាំ ត្រូវ​ម្ដាយ​យក​ទៅ​ជាមួយ ដើម្បី​ស៊ី​ឈ្នួល​ដក​សំណាប​ឲ្យ​គេ។ នៅ​ពេល​ម្ដាយ​រវល់​ការងារ មាន​បុរស​ម្នាក់​ឈ្មោះ ផេង អាយុ ៤៨​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គាត់ បាន​ចាប់​កូនស្រី​គាត់​យក​ទៅ​រំលោភ​នៅ​ម៉ោង​ប្រមាណ ៤​ល្ងាច ថ្ងៃ​២៩ ខែ​សីហា។ គាត់​បាន​យក​កូន​ទៅ​ពិនិត្យ​សុខភាព គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា កូន​គាត់​មាន​របួស​ប្រដាប់​ភេទ​ដោយសារ​ការ​រំលោភ។

លោក​ថា ប៉ូលិស​ជួញដូរ​ភេទ និង​ការពារ​អនីតិជន​បាន​ជួយ​កសាង​សំណុំ​រឿង​ប្ដឹង​ទៅ​តុលាការ។ ប៉ុន្តែ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ត្នោតជុំ បាន​សម្រុះសម្រួល​រឿង​នោះ និង​សុំ​ឲ្យ​គាត់​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ ទី​៣១ ខែ​សីហា ជា​ថ្នូរ​នឹង​ប្រាក់ ៥​លាន​រៀល​ដែល​ជន​ល្មើស​ឈ្មោះ ផេង បង់​ឲ្យ​គាត់។ លោក​ថា ប្រាក់​នោះ ប៉ូលិស​ប៉ុស្តិ៍​បាន​កាត់​ដក​យក​អស់​មួយ​ចំនួន ឲ្យ​មក​គ្រួសារ​គាត់​តែ ១​លាន​៨០​ម៉ឺន​រៀល​ទេ​សម្រាប់​ព្យាបាល​កូន​ស្រី។

លោក សុច ខៃ រៀប​រាប់​ដូច្នេះ ៖ «កូន​ខ្ញុំ​រង​គ្រោះ គេ​មិន​គិត​ពី​ការ​រង​គ្រោះ គេ​គិត​តែ​ពី​ផលប្រយោជន៍​គេ​ជាង​ខ្ញុំ​ទៅ​ទៀត ពីព្រោះ​អ្នក​ល្មើស​នោះ​បង់ ៥​លាន ប៉ុន្តែ​បាន​មក​ខ្ញុំ​តែ ២​លាន។ បាន​ទៅ​ខាង​ប៉ុស្តិ៍ ហើយ​និង​ខាង​ខេត្ត​ហ្នឹង​ទាំង​អស់​វា ៣​លាន ហើយ​លុយ​ខ្ញុំ ២​លាន គេ​ដក​យក ២០​ម៉ឺន​ទៀត ខាង​តុលាការ​គេ​យក ១០​ម៉ឺន ហើយ​ខាង​ប៉ូលិស​ប៉ុស្តិ៍​គេ​យក ១០​ម៉ឺន​ទៀត ខ្ញុំ​សល់​តែ ១​លាន​៨០​ម៉ឺន»

សមត្ថកិច្ច​ផ្នែក​ការពារ​អនីតិជន លោក ចំរើន មាន​ប្រសាសន៍​ជុំវិញ​ករណី​រំលោភ​កុមារី​អាយុ ៦​ឆ្នាំ នៅ​ភូមិ​រ៉ាថ្មី ឃុំ​ត្នោតជុំ ដែល​ប្រព្រឹត្ត​ដោយ​បុរស​ឈ្មោះ ផេង នោះ​ថា ៖ «ចម្លើយ​របស់​ក្មេង ហើយ​និង​ការ​សារភាព​របស់​ជន​សង្ស័យ​នោះ គឺ​វា​ជា​ករណី​បៀតបៀន​កេរ្តិ៍​ខ្មាស។ ខ្ញុំ​បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្នោតជុំ​បាន​ទេ​នៅ​ថ្ងៃ​នោះ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ពោធិ៍សាត់ អ្នកស្រី ង៉ែត ធាវី បាន​ឲ្យ​ដឹង​ថា អំពើ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​អនីតិជន​នៅ​ក្នុង​ខែ​សីហា មាន ៣​ករណី គឺ​កើន​ឡើង​បើ​ធៀប​នឹង​ខែ​កក្កដា​កន្លង​ទៅ។

អ្នកស្រី ង៉ែត ធាវី បន្ត​ថា ករណី​រំលោភ​ផ្លូវ​ភេទ​លើ​អនីតិជន តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី​បាន​ចែង​ថា ជន​ប្រព្រឹត្ត​ល្មើស​ត្រូវ​ទទួល​ទោស​ពី ១៥​ឆ្នាំ ទៅ ២០​ឆ្នាំ តាម​បទល្មើស​ដែល​បាន​ប្រព្រឹត្ត និង​ពិន័យ​ជា​ប្រាក់​ច្រើន​លាន​រៀល​ទៀត​ផង។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​រង​នូវ​ការ​រំលោភ​ផ្លូវ​ភេទ​លើ​អនីតិជន​នោះ ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ឲ្យ​តុលាការ​កាត់​ទោស​ទៅ​តាម​ច្បាប់ ធ្វើ​ឲ្យ​ជន​ល្មើស​រាង​ចាល។ ជាមួយ​គ្នា​នោះ ការ​ដាក់​ទោស​នឹង​ធ្វើ​ជា​គំរូ​ដល់​ជន​ដទៃ​ទៀត មិន​ហ៊ាន​ប្រព្រឹត្ត​ល្មើស​បែប​នេះ​ត​ទៅ​ទៀត៕